ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ចូលរួមជាអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពី “វឌ្ឍនភាព និងសក្តានុពលរបស់វិស័យស្វាយចន្ទីកម្ពុជា”

ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ ម៉ោង ០៨:០០ នាទី យប់

👁 7

Thumbnail (ក្រសួងពាណិជ្ជកម្ម)

ទីស្តីការក្រសួងពាណិជ្ជកម្ម៖ នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ ក្រសួងពាណិជ្ជកម្មបានរៀបចំសិក្ខាសាលាស្តីពី “វឌ្ឍនភាព និងសក្តានុពលរបស់វិស័យស្វាយចន្ទីកម្ពុជា” តាមប្រព័ន្ធវីដេអូ ក្រោមអធិបតីភាព ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានក្រុមការងារចម្រុះរៀបចំគោលនយោបាយស្វាយចន្ទីកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។ សិក្ខាសាលានេះ មានការចូលរួមពី ឯកឧត្តម លោក-លោកស្រីជាថ្នាក់ដឹកនាំ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងដៃគូអភិវឌ្ឍន៍ សមាគម វិស័យឯកជនភាគីពាក់ព័ន្ធ និងមន្ត្រីជាក្រុមការងារបច្ចេកទេស សម្រាប់សិក្សា និងចងក្រងសេចក្តីព្រាងគោលនយោបាយស្វាយចន្ទីកម្ពុជា សរុបប្រមាណ ៣៥នាក់។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋលេខាធិការ បានមានមតិស្វាគមន៍ និងជម្រាបជូនអង្គសិក្ខាសាលាអំពីសារបាននិងគោលបំណងសំខាន់នៃសិក្ខាសាលា ក៏ដូចជាវឌ្ឍនភាពនិងសក្តានុពលនៃវិស័យស្វាយចន្ទីកម្ពុជា ព្រមទាំងលើកឡើងអំពីបញ្ហាប្រឈមមួយចំនួនដែលវិស័យនេះកំពុងជួបប្រទះ ដើម្បីជាមូលដ្ឋានក្នុងការពិគ្រោះយោបល់ និងប្រមូលធាតុចូលបំពេញបន្ថែមឱ្យបានគ្រប់ជ្រុងជ្រោយនូវវឌ្ឍនភាពថ្មីៗសម្រាប់ការរៀបចំសេចក្តីព្រាងគោលនយោបាយជាតិស្តីពីស្វាយចន្ទី មុននឹងដាក់ជូនគណៈរដ្ឋមន្ត្រី។

ក្នុងឱកាសនោះដែរ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានជម្រាបជូនអង្គសិក្ខាសាលាផងដែរអំពីរបាយការណ៍សង្ខេបអំពីវឌ្ឍនភាពនៃវិស័យស្វាយចន្ទីកម្ពុជា។ ជាមួយគ្នានេះដែរ តំណាងសមាគមស្វាយចន្ទីកម្ពុជា និងវិស័យឯកជនពាក់ព័ន្ធបានសម្តែងការគាំទ្រយ៉ាងក្នុងការរៀបចំសេចក្តីព្រាងគោលនយោបាយជាតិស្តីពីស្វាយចន្ទី ព្រមទាំងបានចូលរួមផ្តល់ជាធាតុចូល និងពិភាក្សាផ្លាស់ប្តូរយោបល់យ៉ាងផុលផុស ពាក់ព័ន្ធលើសក្តានុពល ទីផ្សារ ទិន្នន័យរបស់វិស័យស្វាយចន្ទីកម្ពុជា និងបញ្ហាប្រឈមពីវិបត្តិជំងឺកូវីដ-១៩ ជាដើម។

ជាចុងបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការចូលរួមយ៉ាងសកម្មពីមន្ត្រីជំនាញ និងវិស័យឯកជនពាក់ព័ន្ធក្នុងការចែករំលែកព័ត៌មាន បទពិសោធន៍អនុវត្តការងារ និងកិច្ចសហការល្អកន្លងមក និងមានជំនឿយ៉ាងមុតមាំថាក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន បន្តសហការ និងចូលរួមពន្លឿនការងាររៀបចំសេចក្តីព្រាងគោលនយោបាយជាតិស្តីពីស្វាយចន្ទី២០២២-២០២៧ ដើម្បីទទួលបានការអនុម័តពីរាជរដ្ឋាភិបាលក្នុងពេលឆាប់ៗខាងមុខ។

 

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ