ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ Heather Wheeler ប្រេសិតពាណិជ្ជកម្មរបស់នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសប្រចាំកម្ពុជា ឡាវ និងវៀតណាម តាមរយៈប្រព័ន្ធវីដេអូ

ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ម៉ោង ០៦:៣២ នាទី ល្ងាច

👁 31

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ភ្នំពេញ)៖ នារសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ ហេឌ័រ វាល័្លរ (Heather Wheeler) ប្រេសិតពាណិជ្ជកម្មរបស់នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសប្រចាំកម្ពុជា ឡាវ និងវៀតណាម តាមរយៈប្រព័ន្ធវីដេអូ។

ឯកឧត្តមរដ្ឋមន្រ្តី បានទទួលស្វាគមន៍យ៉ាងរាក់ទាក់ និងអបអរសាទរចំពោះការចូលកាន់ដំណែងរបស់លោកជំទាវប្រេសិតពាណិជ្ជកម្ម និងសង្ឃឹមខ្ពស់ថាវត្តមានរបស់លោកជំទាវនឹងអាចជួយជំរុញកិច្ចសន្ទនា កិច្ចសហប្រតិបត្តិការល្អ និងចំណងការទូតប្រកបដោយផ្លែផ្ការរវាងកម្ពុជា និងអង់គ្លេស។ ឯកឧត្តមរដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលចក្រភពអង់គ្លេស សម្រាប់ការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស និងលើកស្ទួយសេដ្ឋកិច្ចកម្ពុជា តាមរយៈការផ្តល់ហិរញ្ញប្បទានក្នុងការអភិវឌ្ឍវិស័យអាទិភាពមួយចំនួន ជាពិសេសវិស័យអប់រំ សេដ្ឋកិច្ចនិងពាណិជ្ជកម្ម ព្រមទាំងតាមរយៈការផ្តល់ប្រព័ន្ធអនុគ្រោះពន្ធពាណិជ្ជកម្ម ដែលនឹងចូលជាធរមានចាប់ពីខែមករា ឆ្នាំ២០២១នេះ ក្រោយពីអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប ។

ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើកំណែទម្រង់ស្ថាប័ន និងបទបញ្ញត្តិនានា សម្រាប់ការធ្វើសមារណកម្មសេដ្ឋកិច្ច និងបង្ហាញពីឆន្ទៈដ៏មោះមុតក្នុងការពង្រីកដៃគូរពាណិជ្ជកម្ម តាមរយៈការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយដៃគូពាណិជ្ជកម្មសំខាន់ៗនៅក្នុងតំបន់។ ឯកឧត្តម ក៏បានបង្ហាញអំពីការគាំទ្រចំពោះវឌ្ឍនភាពនៃកិច្ចការដៃគូរសន្ទនារវាងចក្រភពអង់គ្លេស និងអាស៊ានដែលជាតំបន់មានសក្តានុពលខ្លាំង ហើយបានជម្រាបភាគីអង់គ្លេសថាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ នៅឆ្នាំ២០២១ និងធ្វើជាប្រធានកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ នៅឆ្នាំ២០២២ ខាងមុខ។

ជាកិច្ចឆ្លើយតប លោកជំទាវប្រេសិតពាណិជ្ជកម្ម បានទទួលស្គាល់ពីភាពរីកចម្រើន កំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ និងសក្តានុពលនាំចេញរបស់កម្ពុជា ព្រមទាំងធ្វើការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការជួយសម្របសម្រួលប្រតិបត្តិការពាណិជ្ជកម្មរបស់ធុរជន និងវិនិយោគិនអង់គ្លេសនៅកម្ពុជានាពេលកន្លងមក។ លោកជំទាវនឹងខិតខំប្រឹងប្រែងបន្តទាក់ទាញវិនិយោគិនអង់គ្លេសមកស្វែងយល់បន្ថែមពីសក្តានុពលដែលកម្ពុជាកំពុងសម្រេចបាននាពេលបច្ចុប្បន្ន។ លោកជំទាវ ក៏បានគូសបញ្ជាក់អំពីផលប៉ះពាល់ដែលបណ្តាលមកពីការរីករាលដាលនៃជម្ងឺកូវីដ-១៩ មកលើវិស័យកាត់ដេរ និងវាយនភណ្ឌ ដែលជាសសរស្តម្ភមួយយ៉ាងសំខាន់សម្រាប់សេដ្ឋកិច្ចកម្ពុជា ហើយបានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីអំពីគម្រោងគាំទ្រពន្លឿនផ្នែកសេដ្ឋកិច្ច (Accelerated COVID Economic Support-ACES) ដែលផ្តល់ដោយរាជរដ្ឋាភិបាលអង់គ្លេសសម្រាប់ប្រទេសនៅអាស៊ាន។

ជាកិច្ចបញ្ចប់ ភាគីទាំងពីរ បានប្តេជ្ញាចិត្តថានឹងបន្តកិច្ចសហការយ៉ាងជិតស្និទ្ធក្នុងការលើកស្ទួយទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងស្តារសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីការរងផលប៉ះពាល់ដោយការរីករាលដាលនៃជម្ងឺកូវីដ-១៩ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច លើកកម្ពស់កំរិតជីវភាព និងផ្តល់សុខុមាលភាពជូនប្រជាជននៃប្រទេសទាំងពីរ៕

 

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ