ក្រសួងពាណិជ្ជកម្ម បានរៀបចំវគ្គបណ្តុះបណ្តាលផ្សព្វផ្សាយ ស្តីពីការអនុវត្តច្បាប់ស្តីពីការប្រឆាំងការផ្តល់ហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធមហាប្រល័យ និងកាតព្វកិច្ចអនុវត្តដីកាសម្រេចបង្កកទ្រព្យសម្បត្តិ

ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ ម៉ោង ១១:៤៥ នាទី ថ្ងៃត្រង់

👁 15

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១០ និងទី១១ ខែមីនា ឆ្នាំ២០២២ ក្រសួងពាណិជ្ជកម្ម បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងបណ្តុះបណ្តាលច្បាប់ស្តីពី ការប្រឆាំងការផ្តល់ហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ សម្រាប់   មន្ត្រីជំនាញនៃនាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម និងវិស័យឯកជន តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ ក្រោមអធិបតីភាព ឯកឧត្តម គឹម មាសសុខសីហា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ឱម តារាឫទ្ធិ ទីប្រឹក្សា និងជាប្រធាននាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម លោក ពុធ ហេម៉ុណ្ណា អគ្គនាយករង នៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម និងវាគ្មិនចំនួន ២រូប ពីនាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម។ សិក្ខាសាលាផ្សព្វផ្សាយ និងបណ្តុះបណ្តាលនេះ ធ្វើឡើងក្នុងគោលបំណងផ្តល់ចំណេះដឹងអំពីខ្លឹមសារនៃច្បាប់ពីការប្រឆាំងការផ្តល់ហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ដីកាសម្រេចបង្កកទ្រព្យសម្បត្តិ ផ្អែកតាម សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងដីកាសម្រេចបង្កកទ្រព្យសម្បត្តិតាមអធិបបញ្ជារបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។

កម្មវិធីនេះ ត្រូវបានរៀបចំឡើងក្នុងរយៈពេល២ថ្ងៃ ដែលថ្ងៃទី១ គឺជាកម្មវិធីបណ្តុះបណ្តាលតួនាទីក្នុងការអនុវត្តច្បាប់ស្តីពីការប្រឆាំងការផ្តល់ហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ និងកាតព្វកិច្ចអនុវត្តដីកាសម្រេចបង្កកទ្រព្យសម្បត្តិ សម្រាប់មន្ត្រីជំនាញនៃនាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម និងថ្ងៃទី២ គឺជា  កម្មវិធីសិក្ខាសាលាផ្សព្វផ្សាយច្បាប់នេះជូនដល់វិស័យឯកជន ដែលមានការចូលរួមពីសមាជិកសមាគមរោងចក្រកាត់ដេរនៅកម្ពុជា សមាជិកសភាពាណិជ្ជកម្មកម្ពុជា សមាជិក EuroCham និងអ្នកតំណាងស្របច្បាប់ក្នុងការចុះបញ្ជីពាណិជ្ជកម្ម សរុបចំនួន ១៧១ នាក់។  

ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមអនុរដ្ឋលេខាធិការ បានលើកឡើងថា ការរៀបចំការផ្សព្វផ្សាយច្បាប់នេះ ក្រសួងពាណិជ្ជកម្ម ធ្លាប់បានរៀបចំចំនួន ៣លើករួចមកហើយ គឺជូនដល់វិស័យឯកជនចំនួន ២លើក នៅឆ្នាំ២០២០ និង២០២១ និងជូនដល់មន្ត្រីជំនាញ របស់ក្រសួងពាណិជ្ជកម្ម ចំនួន១លើក នៅខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅនេះ។ ឯកឧត្តមបានបញ្ជាក់ថា សិក្ខាសាលាផ្សព្វផ្សាយនេះ គឺរៀបចំឡើងដើម្បី៖ ទី១ ពង្រឹងសមត្ថភាពដល់មន្ត្រីជំនាញរបស់នាយកដ្ឋានចុះបញ្ជី នៃក្រសួងពាណិជ្ជកម្ម ក្នុងការអនុវត្តច្បាប់ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ទី២ ផ្តល់ចំណេះដឹង រួមទាំងការយល់ដឹងអំពីច្បាប់ និងដីកាសម្រេចបង្កកទ្រព្យសម្បត្តិ និងទោសប្បញ្ញត្តិផ្សេងៗ ទី៣ ជៀសវាងផលប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោលដល់អាជីវកម្មដោយការយល់ដឹងមិនគ្រប់គ្រាន់នៃហានិភ័យនៃហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ នៅក្នុងវិស័យរបស់ខ្លួន និងទី៤ ចូលរួមរក្សាកេរ្តិ៍ឈ្មោះកម្ពុជានៅលើឆាកអន្តរជាតិ និងបង្ហាញឲ្យឃើញពីឆន្ទៈរបស់រាជរដ្ឋាភិបាលក្នុងការចូលរួមជាមួយប្រទេសនានាក្នុងតំបន់ និងសកលលោក លើការងារប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។

រួមជាមួយគ្នានេះ ឯកឧត្តម ទីប្រឹក្សា និងជាប្រធាននាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម បានបន្ថែមថា កន្លងមក ក្រសួងពាណិជ្ជកម្ម បានរៀបចំផែនការសកម្មភាព អនុវត្តច្បាប់ ឬភារកិច្ចពាក់ព័ន្ធផ្សេងៗ  និងជាពិសេសបានធ្វើវិសោធនកម្មច្បាប់ចំនួន០២ ដែលបានប្រកាសឱ្យប្រើនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ គឺច្បាប់ស្តីវិសោធនកម្មច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម និងច្បាប់ស្តីវិសោធនកម្មច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម ដើម្បីទប់ស្កាត់ការផ្តល់ហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធមហាប្រល័យ។  

ក្នុងសិក្ខាសាលានេះ វាគ្មិនទាំងពីរបានធ្វើបទបង្ហាញបកស្រាយកម្អិត លើមាត្រានីមួយៗ អំពីច្បាប់ស្តីពី ការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ បកស្រាយអំពីទោសប្បញ្ញត្តិដែលមានចែងក្នុងច្បាប់នេះ ការអនុវត្តសេចក្តីសម្រេចចិត្តដាក់ទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ តាមរយៈដីកាសម្រេចបង្កកទ្រព្យសម្បត្តិលេខ ១១ ចុះថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ របស់សាលាដំបូងរាជធានីភ្នំពេញ ក្នុងការដាក់ទណ្ឌកម្មលើសាធារណរដ្ឋប្រជាធិបតេយ្យកូរ៉េ និងដីកាសម្រេចបង្កកទ្រព្យសម្បត្តិលេខ ១២ ចុះថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ របស់សាលាដំបូងរាជធានីភ្នំពេញ ក្នុងការដាក់ទណ្ឌកម្មលើប្រទេសអ៊ីរ៉ង់។  

សិក្ខាសាលាទាំងពីរលើកខាងលើ បានធ្វើឱ្យអ្នកចូលរួមយល់ដឹងអំពីខ្លឹមសារ មាត្រានីមួយៗ ពីគោលបំណងនៃច្បាប់ យល់ដឹងអំពី កាតព្វកិច្ចរបស់កម្ពុជា ក្នុងការអនុវត្តសេចក្ដីសម្រេចចិត្ត របស់ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ យល់ដឹងពីការបង្កកទ្រព្យសម្បត្តិរបស់បុគ្គល ឬអង្គភាពតាមសេចក្ដីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ យល់ដឹងអំពី ដីកាសម្រេចបង្កកទ្រព្យសម្បត្តិរបស់បុគ្គល ឬអង្គភាពតាមអធិបញ្ជាររបស់ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ កាតព្វកិច្ចរាយការណ៍របស់បុគ្គលរាយការណ៍ កាតព្វកិច្ចរបស់បុគ្គល ឬអង្គភាពក្រៅពីបុគ្គលរាយការណ៍ យល់ដឹងពីទម្រង់របាយការណ៍របស់បុគ្គល ឬអង្គភាពក្រៅពីបុគ្គលរាយការណ៍ កាតព្វកិច្ចរបស់ក្រសួង ស្ថាប័នត្រួតពិនិត្យ និងទោសប្បញ្ញត្តិ ដែលមានចែងក្នុងច្បាប់ស្តីពី ការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។ បន្ថែមពីលើនេះ អ្នកចូលរួមបានសួរសំណួរជាច្រើនដល់វាគ្មិន ហើយវាគ្មិនទាំងអស់បានឆ្លើយទៅនឹងសំណួរនីមួយៗ ដើម្បីបានជាចំណេះដឹងបន្ថែមដល់អ្នកចូលរួមក្នុងការអនុវត្តន៍ច្បាប់ស្ដីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។

នៅកិច្ចបញ្ចប់នៃវគ្គបណ្តុះបណ្តាល ឯកឧត្តមអនុរដ្ឋលេខាធិការ បានស្នើសុំឱ្យអ្នកចូលរួមទាំងអស់ និងមន្រ្តីជំនាញ នៅតែបន្តអនុវត្ត និងផ្សព្វផ្សាយបន្ថែមជូនភាគីពាក់ព័ន្ធនានា ទាក់ទងនឹងច្បាប់ស្ដីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ