ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ ម៉ោង ០៥:៣៩ នាទី ល្ងាច
👁 11
(ភ្នំពេញ)៖ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាង ឯកឧត្ដម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសម្ពោធស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន ឌីលីវើរី ហេរ៉ូ (ខេមបូឌា) (Foodpanda Cambodia) ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ
ឯកឧត្ដមអគ្គនាយកជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម តំណាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោកអភិបាលរងខណ្ឌចំការមន ឯកឧត្ដមអគ្គនាយកសភាពាណិជ្ជកម្ពុជា និងតំណាងក្រុមហ៊ុនឯកជនមួយចំនួនចូលរួមផងដែរ។
នាឱកាសបើកពិធីសម្ពោធនេះ ឯកឧត្តមរដ្ឋលេខាធិការ បានសម្ដែងនូវសេចក្តីសោមនស្សរីករាយ និងអបអរសាទរចំពោះការបើកដំណើរការទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន ឌីលីវើរី ហេរ៉ូ (ខេមបូឌា) (Foodpanda Cambodia) នេះ ព្រមទាំងបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះការមកដល់នៃក្រុមហ៊ុន ឌីលីវើរី ហេរ៉ូ (ខេមបូឌា) (Foodpanda Cambodia) ដែលជាក្រុមហ៊ុនមានដើមកំណើតនៅប្រទេសអាល្លឺម៉ង់ និងបានពង្រីកអាជីវកម្មរបស់ខ្លួននៅតាមបណ្តាប្រទេសចំនួន៤០ប្រទេសជុំវិញពិភពលោក ក្នុងនោះមាន៧ប្រទេសក្នុងតំបន់អាស៊ានរួមមាន៖ កម្ពុជា ថៃ ឡាវ សឹង្ហបុរី ហ្វីលីពីន ម៉ាឡេស៊ី និងមីយ៉ាន់ម៉ា។
ឯកឧត្តមរដ្ឋលេខាធិការ បន្ដថាវត្តមានរបស់ក្រុមហ៊ុនបរទេសនៅកម្ពុជា បានបង្ហាញឱ្យឃើញពីសុខសន្តិភាព ភាពរីកចម្រើន និងទំនុកចិត្តរបស់វិនិយាគគិនបរទេសលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមរដ្ឋលេខាធិការ សង្កត់ធ្ងន់ថា វត្តមានរបស់ Foodpanda Cambodia នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនការងារ និងប្រាក់ចំណូលជូនប្រជាជន ព្រមទាំងផ្តល់សេវាកម្មដឹកជញ្ជូនម្ហូបអាហារ និងគ្រឿងទេសផ្សេងៗទៀតជូនអតិថិជនតាមរយៈទូរស័ព្ទ Smartphone បានយ៉ាងឆាប់រហ័ស ដោយអតិថិជនអាចបញ្ជាទិញទំនិញពីភោជនីយដ្ឋាន និងហាងសម្ភារៈផ្សេងទៀតបានយ៉ាងងាយស្រួល។ ម្យ៉ាងទៀត សេវាកម្ម Foodpanda Cambodia នឹងជួយសម្រួលដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលចូលមកកម្សាន្តនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសអាចជួយកាត់បន្ថយការឆ្លងជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលជាសកលផងដែរ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានជូនពរដល់ក្រុមហ៊ុន ឌីលីវើរី ហេរ៉ូ (ខេមបូឌា) (Foodpanda Cambodia) ជាពិសេស លោក Patrice Vignes ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់របស់ក្រុមហ៊ុន Foodpanda Cambodia ទាំងអស់ ឱ្យទទួលបានជោគជ័យក្នុងការប្រកបអាជីវកម្ម ព្រមទាំងទទួលបានការគាំទ្រពីសំណាក់អតិថិជន និងអ្នកប្រើប្រាស់នៅកម្ពុជា។
ក្នុងឱកាសនោះផងដែរ លោក Patrice Vignes នាយកគ្រប់គ្រងក្រុមហ៊ុន ឌីលីវើរី ហេរ៉ូ (ខេមបូឌា) (Foodpanda Cambodia) បានមានមតិស្វាគមន៍ ដោយបានលើកឡើងថា Foodpanda ដែលមានទីស្នាក់ការកណ្តាលនៅប្រទេសសិង្ហបុរី គឺជាកម្មវិធីដឹកជញ្ជូនចែកចាយអាហារ និងគ្រឿងទេសធំជាងគេនៅអាស៊ី ដែលប្រតិបត្តិការនៅក្នុងទីក្រុងជាង៤០០ ហើយ Foodpanda ត្រូវបានដាក់ឱ្យដំណើរការក្នុងប្រទេសកម្ពុជាក្នុងខែវិច្ឆិកា ឆ្នាំ២០១៩ ដោយបានចាប់ផ្តើមពីការិយាល័យតូចមួយ ដោយសព្វថ្ងៃនេះ Foodpanda ដំណើរការនៅក្នុង ១៥ ខេត្តក្នុងប្រទេសកម្ពុជា។ ក្នុងរយៈពេល ២ឆ្នាំកន្លះ Foodpanda បានរីកចម្រើនយ៉ាងឆាប់រហ័ស ហើយសព្វថ្ងៃនេះ មនុស្សរាប់ពាន់នាក់ដែលរួមមានអ្នកដឹកជញ្ជូន អ្នកជំនួញ និងអតិថិជន ធ្វើប្រតិបត្តិការជារៀងរាល់ថ្ងៃនៅលើកម្មវិធី Foodpanda តាមរយៈទូរស័ព្ទSmartphone។ លោកបានបន្តថា ការបើកសម្ពោធស្តាក់ការកណ្តាលនៅថ្ងៃនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់ថ្មីមួយនៅក្នុងដំណើររបស់ Foodpanda នៅប្រទេសកម្ពុជា ហើយវត្តមានរបស់ Foodpanda នៅប្រទេសកម្ពុជាបានចូលរួមចំណែក ៣យ៉ាងសំខាន់ៗ រួមមាន៖ ទី១-ការជំរុញបច្ចេកវិទ្យា ការច្នៃប្រឌិត និងឌីជីថល (Driving Tech, Innovation and Digitalization), ទី២-ការពង្រឹង និងពង្រីកប្រព័ន្ធអេកូឡូស៊ីក្នុងស្រុក (Empowering and Growing Local Ecosystem) និងទី៣-ទំនួលខុសត្រូវសង្គម (Giving Back to Local Communities-CSR)។
នៅកិច្ចបញ្ចប់ ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក Patrice Vignes នាយកគ្រប់គ្រងក្រុមហ៊ុន ឌីលីវើរី ហេរ៉ូ (ខេមបូឌា) (Foodpanda Cambodia) បានកាត់ខ្សែបូសម្ពោធជាផ្លូវនូវការស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន ឌីលីវើរី ហេរ៉ូ (ខេមបូឌា) (Foodpanda Cambodia) និងបានទស្សនកិច្ចការិយាល័យថ្មីនៃក្រុមហ៊ុន Foodpanda Cambodia ផងដែរ៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣