ឯកឧត្តម រដ្ឋ សារ៉ាវុធ អគ្គនាយកពាណិជ្ជកម្មអន្តរជាតិ និងជាប្រធានកិច្ចប្រជុំឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន បានអញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ឧត្តមមន្រ្តីសេដ្ឋកិច្ចអាស៊ានត្រៀមសម្រាប់កិច្ចប្រជុំចង្អៀតលើកទី២៨នៃរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន

ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ ម៉ោង ០៩:០១ នាទី យប់

👁 0

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ភ្នំពេញ)៖ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម រដ្ឋ សារ៉ាវុធ អគ្គនាយកពាណិជ្ជកម្មអន្តរជាតិ ក្នុងនាមជាប្រធានកិច្ចប្រជុំឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន (SEOM Chair) ក្នុងឆ្នាំ២០២២ បានអញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ ឧត្តមមន្រ្តីសេដ្ឋកិច្ចអាស៊ាន ត្រៀមសម្រាប់កិច្ចប្រជុំចង្អៀតលើកទី២៨ នៃរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន (Preparatory Senior Economic Officials’ Meeting for the 28th ASEAN Economic Ministers’ Retreat – Prep-SEOM for the 28th AEM Retreat Meeting) តាមប្រព័ន្ធវីដេអូ។

កិច្ចប្រជុំនេះ មានការចូលរួមដោយអគ្គលេខាធិការរងអាស៊ានទទួលបន្ទុកសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន ឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាននៃប្រទេសសមាជិកទាំងអស់ និងគណៈប្រតិភូនៃប្រទេសសមាជិកអាស៊ានទាំងអស់ ព្រមទាំងមន្ត្រីលេខាធិការដ្ឋានអាស៊ានផងដែរ។

ឯកឧត្តមអគ្គនាយក បានថ្លែងថា អង្គប្រជុំនេះបានធ្វើការកត់សម្គាល់ និងពិភាក្សាលើរបៀបវារៈសំខាន់ៗ ដែលត្រៀមដាក់ជូនរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន នៅក្នុងកិច្ចប្រជុំចង្អៀតលើកទី២៨ នៃរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦-១៧ ខែមីនា ឆ្នាំ២០២២ ដើម្បីសុំការអនុម័តយល់ព្រម និងអនុសាសន៍ណែនាំបន្ថែម។

ឯកឧត្តមអគ្គនាយក បន្តថាសមាជិកអង្គប្រជុំទាំងអស់ ក៏បានផ្លាស់ប្តូរមតិយោបល់ ពិភាក្សា និងចូលរួមយ៉ាងសកម្មទៅលើរបៀបវារៈនីមួយៗ ដែលធ្វើឱ្យកិច្ចប្រជុំនេះបញ្ចប់ទៅយ៉ាងរលូន និងប្រកបដោយផ្លែផ្កាគួរឱ្យកត់សម្គាល់ ហើយអង្គប្រជុំបានឯកភាពនឹងយកលទ្ធផលនៃកិច្ចប្រជុំនេះ ទៅដាក់ជូនក្នុងកិច្ចប្រជុំចង្អៀតលើកទី២៨ នៃរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន ខាងមុខ៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ