ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ ម៉ោង ០៤:០៦ នាទី រសៀល
👁 5
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ “សៀវភៅមគ្គុទេសក៍ស្តីពីការចរចាពាណិជ្ជកម្ម សម្រាប់កម្ពុជា” (Trade Negotiation Practitioner Manual for Cambodia) ក្រោមសមាសធាតុទី២ នៃគម្រោង ARISE+ Cambodia ដែលផ្តោតលើការអភិវឌ្ឍសមត្ថភាពស្ថាប័ន និងធនធានមនុស្ស សម្រាប់ការរៀបចំ និងអនុវត្តន៍ គោលនយោបាយនានាពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម។ ពិធីសម្ពោធនេះ ក៏មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ និងមន្រ្តីចរចានៃក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក្រុមការងារគម្រោង ARISE+ Cambodia តំណាងប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា និងតំណាងស្ថានទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា ព្រមទាំងដៃគូអភិវឌ្ឍន៍មួយចំនួនទៀតផងដែរ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ក្រុមការងារគម្រោង ARISE+ Cambodia ដែលបានរៀបចំសៀវភៅមគ្គុទេសក៍ស្តីពីការចរចាពាណិជ្ជកម្មសម្រាប់កម្ពុជានេះឡើង ក្នុងគោលបំណងផ្តល់ជាមគ្គុទេសក៍ណែនាំលើការរៀបចំយុទ្ធសាស្រ្ត និងយុទ្ធវិធីចរចាពាណិជ្ជកម្មប្រកបដោយប្រសិទ្ធិភាព ដោយផ្អែកលើគោលនយោបាយពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា ជាពិសេស យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ និងយុទ្ធសាស្រ្តសមាហរណកម្មពាណិជ្ជកម្មកម្ពុជា សម្រាប់អ្នកចរចាពាណិជ្ជកម្ម និងមន្រ្តីជំនាញគោលនយោបាយពាណិជ្ជកម្ម។
ឯកឧត្តមរដ្ឋមន្រ្តី បន្តថាកម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើកិច្ចខំប្រឹងប្រែងក្នុងការធ្វើសមារណកម្មពាណិជ្ជកម្ម និងពិពិធកម្ម ទីផ្សារនាំចេញ តាមរយៈការចូលរួមការចរចាក្នុងក្របខ័ណ្ឌទ្វេភាគី តំបន់ និងពិភពលោក ព្រមទាំងកិច្ចចរចាពាណិជ្ជកម្មសេរីនានា។ ជាក់ស្តែង ថ្មីៗនេះកម្ពុជាបានបញ្ចប់ និងអនុម័តលើកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន (CCFTA) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជាកូរ៉េ (CKFTA) ហើយកម្ពុជាក៏បាននិងកំពុងចូលរួមការចរចាបន្ថែមទៀតក្នុងក្របខ័ណ្ឌអង្គការ WTO ព្រមទាំងកំពុងសិក្សាលទ្ធភាពក្នុងការចរចាពាណិជ្ជកម្មសេរីជាមួយដៃគូពាណិជ្ជកម្មសំខាន់ៗផ្សេងទៀតផងដែរ។
ឯកឧត្តមរដ្ឋមន្រ្តី សង្កត់ធ្ងន់ថាការពង្រឹងសមត្ថភាពលើជំនាញចរចាពាណិជ្ជកម្ម ពិតជាមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់អ្នកចរចា ហេតុនេះសៀវភៅមគ្គុទេសក៍នេះ គឺជាឯកសារដ៏សំខាន់មួយ សម្រាប់ជួយពង្រឹងសមត្ថភាពបន្ថែមដល់អ្នកចរចាកម្ពុជា ក្នុងការត្រៀមខ្លួនចូលរួមកិច្ចចរចាព្រមព្រៀងពាណិជ្ជកម្មនានា ក្នុងពេលបច្ចុប្បន្ន និងអនាគត។
នៅកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ “សៀវភៅមគ្គុទេសក៍ស្តីពីការចរចាពាណិជ្ជកម្មសម្រាប់កម្ពុជា” និងបានចែកសៀវភៅមគ្គុទេសក៍នេះជូនអ្នកចរចា និងតំណាងអន្តរក្រសួង-ស្ថាប័នដែលបានចូលរួមក្នុងកម្មវិធីសម្ពោធនេះផងដែរ។ ថ្លែងក្នុងសន្ទរកថាបិទ ឯកឧត្តមរដ្ឋមន្រ្តី បានបង្ហាញការជឿជាក់ថា សៀវភៅមគ្គុទេសក៍នេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្ស ជាពិសេសជួយពង្រឹងសមត្ថភាពរបស់អ្នកចរចាពាណិជ្ជកម្មកម្ពុជា ក្នុងការការពារផលប្រយោជន៍កម្ពុជាក្នុងវិស័យពាណិជ្ជកម្ម ហើយសៀវភៅមគ្គុទេសក៍នេះនឹងក្លាយជាឯកសារយោងសម្រាប់និស្សិត និងអ្នកសិក្សាស្រាវជ្រាវក្នុងផ្នែកនេះផងដែរ៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣