ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំពេញនៃអង្គគណៈកម្មាធិការចំរុះកម្ពុជា-សហភាពអឺរ៉ុបលើកទី១១

ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ ម៉ោង ០១:០៧ នាទី រសៀល

👁 6

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ភ្នំពេញ)៖ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម  បានដឹកនាំគណៈប្រតិភូអន្តរក្រសួង-ស្ថាប័នកម្ពុជា ចំណុះឱ្យអនុគណៈកម្មាធិការស្តីពីពាណិជ្ជកម្ម និងវិនិយោគ (SGTI) ចូលរួមកិច្ចប្រជុំពេញអង្គនៃគណៈកម្មាធិការចំរុះកម្ពុជា-សហភាពអឺរ៉ុបលើកទី១១ (Cambodia-European Union 11th Joint Committee) ក្រោមអធិបតីភាពសហប្រធាន ឯកឧត្តម លុយ ដាវីត រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកស្រី ប៉ាវឡា ប៉ាមប៉ាឡូនី (Paola PAMPALONI) អនុប្រធានគ្រប់គ្រងប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃមន្ទីរកិច្ចការបរទេសសហភាពអឺរ៉ុប។

នាឱកាសនោះ ឯកឧត្តម សុខ សុភ័ក្ត្រ និងលោក ភីត្រូស ស៊ូមើលីស (Petros Sourmelis) ប្រធានផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៃប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា ថៃ ឡាវ និងមីយ៉ាន់ម៉ា ដែលជាសហប្រធានអនុគណៈកម្មាធិការ SGTI បានរាយការណ៍អំពីលទ្ធផលនៃកិច្ចប្រជុំអនុគណៈកម្មាធិការស្តីពីពាណិជ្ជកម្ម និងវិនិយោគលើកទី១១ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅ។ ភាគីទាំងពីរបានធ្វើបច្ចុប្បន្នភាពអំពីទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី កំណើនពាណិជ្ជកម្មទំនិញ ការធ្វើច្បាប់ថ្មីស្តីពីវិនិយោគ ការអនុវត្តវិធានការការពារលើអង្ករកម្ពុជា ការចូលរួមរបស់វិស័យឯកជន ការអភិវឌ្ឍវិស័យពាណិជ្ជកម្មអេឡិចត្រូនិក បញ្ហាបើកច្រកទីផ្សាររបស់កម្ពុជា ការអភិវឌ្ឍពាណិជ្ជកម្មតំបន់និងសកល កំណែទម្រង់អង្គការពាណិជ្ជកម្មពិភពលោក និងការគាំទ្រពហុភាគីនិយម ព្រមទាំងការទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាននៅកម្ពុជាក្នុងឆ្នាំ២០២២។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានលើកឡើងពីវិធានការគ្រប់គ្រងស្ថានការណ៍ជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្តល់ឱកាសឱ្យកម្ពុជាបើកសកម្មភាពសង្គម-សេដ្ឋកិច្ចក្នុងប្រទេស និងរួមចំណែកដល់ការស្តារសេដ្ឋកិច្ចឡើងវិញ។ ឯកឧត្តម បន្តថាយោងតាមរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថានឹងងើបឡើងវិញប្រមាណ ៥,៥% ក្នុងឆ្នាំ២០២២។

បន្ថែមលើនេះ ភាគីកម្ពុជាបានជម្រាបជូនភាគីសហភាពអឺរ៉ុបអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើកំណែទម្រង់ច្បាប់ បទប្បញ្ញត្តិ និងស្ថាប័ន ដើម្បីបន្តកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគ ជាពិសេសក្នុងវិស័យពាណិជ្ជកម្មអេឡិចត្រូនិកឱ្យកាន់តែល្អប្រសើរ ព្រមទាំងបានទទួលស្គាល់ពីការរួមចំណែកដ៏សំខាន់របស់ភាគីសហភាពអឺរ៉ុបតាមរយៈក្របខណ្ឌ ARISE Plus Cambodia និងកម្មវិធីណែនាំពហុឆ្នាំសម្រាប់ឆ្នាំ ២០២១-២០២៧ (EU MIP 2021-2027) ដៃគូអភិវឌ្ឍន៍នានា និងវិស័យឯកជន ក្នុងការជំរុញកំណើនសេដ្ឋកិច្ច បង្កើតឱកាសការងារ និងរក្សាវិបុលភាពនៅកម្ពុជា។

ជាកិច្ចឆ្លើយតប ភាគីសហភាពអឺរ៉ុប បានទទួលស្គាល់ពីវឌ្ឍនភាពជាវិជ្ជមានរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាប្រឈមនានា បន្ទាប់ពីកិច្ចប្រជុំលើកទី១០ និងបានបង្ហាញឆន្ទៈខ្ពស់ក្នុងការបន្តសហការយ៉ាងជិតស្និទ្ធជាមួយភាគីកម្ពុជា ដើម្បីសម្រេចបាននូវកិច្ចសហប្រតិបត្តិការដែលឈានដល់កម្រិតសក្តានុពល។

សូមជម្រាបជូនថា នាល្ងាចថ្ងៃបន្ទាប់ ឯកឧត្តមរដ្ឋលេខាធិការ បានទទួលជួបពិភាក្សាការងារជាមួយលោក ភីត្រូស ស៊ូមើលីស អមដោយលោក ហ្កូនហ្សាឡូ ហឺរ៉េរ៉ា (Gonzalo Herrera) ភារៈធារីផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា ថៃ ឡាវ និងមីយ៉ាន់ម៉ា ដើម្បីពិភាក្សាបន្ថែមពីលទ្ធផលនៃកិច្ចប្រជុំពេញអង្គ និងលទ្ធភាពក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការដទៃទៀតនៅក្នុងក្របខណ្ឌអនុគណៈកម្មាធិការស្តីពីពាណិជ្ជកម្ម និងវិនិយោគ។ ទន្ទឹមនឹងនេះ ភាគីសហភាពអឺរ៉ុបក៏បានទទួលយកសំណូមពរពីកម្ពុជាក្នុងការផ្តល់ជាជំនួយបច្ចេកទេស និងជួយរៀបចំកម្មវិធីសកម្មភាពសម្រាប់កម្ពុជាចាកចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតូច នៅពេលខាងមុខ។ ជាចុងក្រោយ ភាគីទាំងពីរក៏បានលើកពីសំណូមពរចាំបាច់ផ្សេងៗទៀត ព្រមទាំងប្តេជ្ញាចិត្តថា នឹងបន្តខិតខំអនុវត្តដោះស្រាយបញ្ហាដែលភាគីទាំងពីរបានពិភាក្សានាពេលកន្លងមក៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ