ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ ម៉ោង ០២:៥៥ នាទី រសៀល
👁 18
(រាជធានីភ្នំពេញ)៖ កាលពីព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម សុខ សុភ័ក្រ្ត រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការតម្រង់ទិសរបស់គម្រោង តំណាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំគណៈកម្មការតម្រង់ទិសគម្រោងគាំទ្រសមាហរណកម្មតំបន់អាស៊ាន-ជំនួយពាក់ព័ន្ធពាណិជ្ជកម្មកម្ពុជា (ARISE Plus Cambodia) ជាលើកទី៣នៅទីស្តីការក្រសួងពាណិជ្ជកម្ម និងតាមរយៈប្រព័ន្ធវីដេអូ (Zoom) ដែលមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដូចជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សហភាព អឺរ៉ុបប្រចាំនៅកម្ពុជា ស្ថានទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា ប្រធានអង្គការGIZ Cambodia និងនាយកគម្រោង ARISE Plus Cambodia។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ ថ្លែងថាកិច្ចប្រជុំគណៈកម្មការតម្រង់ទិសនេះ មានគោលបំណងដើម្បីតាមដានពីវឌ្ឍនភាពការងារសំខាន់ៗដែលសម្រេចបាននៃគម្រោងក្រោមសសរស្តម្ភចំនួនបី រួមមាន៖ ការធ្វើឱ្យប្រសើឡើងនូវស្តង់ដារពន្ធនិងកិច្ចសម្រួលពាណិជ្ជកម្ម ការពង្រឹងសមត្ថភាពស្ថាប័ននិងការធ្វើឱ្យប្រសើរឡើងនូវការអនុវត្តបញ្ញត្តិ និងការធានានូវការចូលរួមពីវិស័យឯកជនក្នុងសកម្មភាពសេដ្ឋកិច្ច ពិសេសសហគ្រាសធុនតូចនិងមធ្យមក្នុងការនាំចេញ ក៏ដូចជាការត្រៀមខ្លួនសម្រាប់ការចូលរួមក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន។
ឯកឧត្តមរដ្ឋលេខាធិការ បន្តថាកិច្ចប្រជុំនេះ ក៏បានពិនិត្យ និងមានការអនុម័តពីអង្គការ GIZ លើសំណើគម្រោងមួយ ដែលមានឈ្មោះថា "កំណែទម្រង់ស្ថាប័ននៃវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវពាណិជ្ជកម្ម ព្រមទាំងការអភិវឌ្ឍមជ្ឈមណ្ឌលចំណេះដឹងសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងលេខាធិការដ្ឋានចរចាពាណិជ្ជកម្មជាតិ" ផងដែរ។
ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យប្រើប្រាស់នូវក្របខ័ណ្ឌយុទ្ធសាស្ត្រនិងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពពីឆ្នាំ២០២១-២០២៣ ដែលនឹងជួយដល់ការស្តារសេដ្ឋកិច្ចឡើងវិញ។
ជាមួយគ្នានេះ អង្គប្រជុំទាំងមូល បានថ្លែងកោតសរសើរដល់ការរៀបចំវគ្គបណ្តុះបណ្តាលដល់មន្រី្តអ្នកចរចាពាណិជ្ជកម្មសេរីចំនួន០៦លើកប្រកបដោយជោគជ័យ និងបានសម្ពោធដាក់ឱ្យប្រើប្រាស់នូវសៀវភៅមគ្គុទេសក៍ស្តីពីការចរចាពាណិជ្ជកម្មសម្រាប់កម្ពុជាផងដែរ។ លើសពីនេះ អង្គប្រជុំបានពិភាក្សា និងផ្តល់សារៈសំខាន់ដល់សំណើគម្រោងថ្មី ដែលជាការងារអាទិភាពសម្រាប់ក្រសួងពាណិជ្ជកម្ម និងក្រសួងស្ថាប័នពាក់ព័ន្ធស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ក្រោយពីការធ្វើបទបង្ហាញរបស់ក្រុមការងារ ARISE Plus Cambodia ពីវឌ្ឍនភាពការងារ និងសំណើគម្រោងថ្មីនេះ កិច្ចប្រជុំបានទទួលមតិយោបល់ល្អៗពីតំណាងក្រសួងស្ថាប័នដែលបានចូលរួម និងបានអនុម័ត លើ គម្រោងស្រាវជ្រាវទាំងពីរខាងលើ ដើម្បីអនុវត្តន៍រហូតដល់ខែសីហាឆ្នាំ២០២៣។
ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ពីសមិទ្ធិផលសំខាន់ៗរបស់គម្រោង ARISE Plus Cambodia និងលើកពីជំហរយ៉ាងមុតមាំរបស់ក្រសួងពាណិជ្ជកម្មក្នុងការធ្វើសហប្រតិបត្តិការជាមួយជាមួយដៃគូអភិវឌ្ឍន៍ និងបានស្នើសុំឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ បន្តចូលរួមក្នុងការសហការអនុវត្តគម្រោងបន្តទៀត ដើម្បីទទួលបានជោគជ័យថ្មីបន្ថែមទៀត៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣