ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដឹកនាំប្រតិភូក្រសួងពាណិជ្ជកម្ម ចូលរួមក្នុងពិធីផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តនូវ “យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតផលស្បែកជើង និងកាបូបកម្ពុជា ២០២២-២០២៧”

ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ម៉ោង ០៥:២៨ នាទី ល្ងាច

👁 15

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ភ្នំពេញ)៖ កាលពីព្រឹកថ្ងៃទី២១  ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំប្រតិភូក្រសួងពាណិជ្ជកម្ម ចូលរួម និងផ្តល់បទអន្តរាគមន៍តាមប្រព័ន្ធវីដេអូ ក្នុងពិធីផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តនូវ “យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតផលស្បែកជើង និងកាបូបកម្ពុជា ២០២២- ២០២៧” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាការធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) ព្រមទាំង ឯកឧត្តម លោកជំទាវ លោកឧកញ្ញ៉ា អង្គទូត លោក-លោកស្រី មកពីវិស័យឯកជន និងដៃគូអភិវឌ្ឍន៍ជាច្រើនរូប។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងការកោតសរសើ និងវាយតម្លៃខ្ពស់ចំពោះអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានខិតខំប្រឹងប្រែងរៀបចំ និងសម្របសម្រួលជាមួយគ្រប់ស្ថាប័នពាក់ព័ន្ធរហូតបានសម្រេចនូវឯកសារជាយុទ្ធសាស្រ្តនេះឡើង ព្រមទាំងទទួលបាននូវការអនុម័តយល់ព្រមដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅ ស្របពេលដែលជំងឺកូវីដ-១៩ បាននិងកំពុងបន្តជះឥទ្ធិពលអវិជ្ជមានលើវិស័យឧស្សាហកម្មនៅកម្ពុជា និងសកលលោក។

ឯកឧត្តមរដ្ឋមន្រ្តីបន្តថា កាលពីឆ្នាំ២០២១ កន្លងទៅ ទោះបីជាជំងឺកូវីដ-១៩ បង្កផលលំបាកធ្ងន់ធ្ងរលើច្រវ៉ាក់ផលិតកម្ម និងការផ្គត់ផ្គង់ក្តី ក៏ការនាំចេញផលិតផលក្នុងវិស័យទាំងបីនេះ មានការកើនឡើងគួរឱ្យកត់សម្គាល់ ក្នុងនោះ សម្លៀកបំពាក់កើនឡើង ៨%, ស្បែកជើងកើនឡើង ២៥%, និងសម្ភារៈធ្វើដំណើរកើនឡើង ៥៥% ធៀបនឹងឆ្នាំ២០២០។ សញ្ញាណងើបឡើងវិញនេះ បានបង្ហាញយ៉ាងច្បាស់ថា វិស័យកាត់ដេរ ស្បែកជើងនិងកាបូបនៅកម្ពុជា ពិតជាមានភាពធន់ខ្ពស់ និងបានរួមចំណែកសំខាន់ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ បន្ទាប់ពីទទួលបានការជួយគាំទ្រពីរាជរដ្ឋាភិបាល។

ឯកឧត្តមរដ្ឋមន្រ្តី បន្ថែមថា តាមរយៈការដាក់ចេញនូវវិធានការអន្តរាគមន៍ទាន់ពេលវេលា ចំទិសដៅ និងប្រកបដោយប្រសិទ្ធភាពខ្ពស់ ជាពិសេសការដាក់ចេញនូវយុទ្ធសាស្រ្តវ៉ាក់សាំង ដែលជាយុទ្ធសាស្រ្តគន្លឹះសម្រាប់ដំណើរការសកម្មភាពសង្គម-សេដ្ឋកិច្ច ដែលបានធានាលំនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងធុរកិច្ចរបស់វិស័យឯកជនជាតិនិងអន្តរជាតិ ដែលបាននាំឱ្យសេដ្ឋកិច្ចកម្ពុជាស្ទុះងើបពីការធ្លាក់ចុះក្នុងអត្រា -៣,១% ក្នុងឆ្នាំ២០២០ មកកើនឡើងវិញក្នុងអត្រា ៣,០% នៅឆ្នាំ២០២១ និងគ្រោងបន្តកើនឡើងវិញក្នុងអត្រាប៉ាន់ស្មានប្រមាណ ៥,៦% ក្នុងឆ្នាំ២០២២ និង ៦,៥% ក្នុងឆ្នាំ២០២៣ ខាងមុខនេះ។

ឯកឧត្តមរដ្ឋមន្រ្តី សង្កត់ធ្ងន់ថា ក្រសួងពាណិជ្ជកម្មតែងតែផ្តោតការយកចិត្តទុកដាក់ខ្ពស់ក្នុងការធ្វើឱ្យប្រសើឡើងនូវបរិយាកាសធុរកិច្ចនៅកម្ពុជា តាមរយៈការក៏សាងលិខិបទដ្ឋានគតិយុទ្ធ និងធ្វើកំណែទម្រង់គុណភាពសេវាសាធារណៈមួយចំនួន ដោយបានបន្តធ្វើបច្ចុប្បន្នភាពនូវប្រព័ន្ធស្វ័យប្រវត្តិកម្ម ស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ និងជាពិសេសក្របខ័ណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០១៩-២០២៣ ដូចជា៖

- បានដាក់ឱ្យអនុវត្តប្រតិវេទស្វ័យបញ្ជាក់ដើមកំណើតទំនិញទូទាំងតំបន់អាស៊ាន (ASEAN-Wide Self-Certification) ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្មក្នុងតំបន់អាស៊ាន

- បានចូលរួមអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិសម្រាប់ការចេញអាជ្ញាបណ្ណនាំចេញ-នាំចូល ក្រោមប្រព័ន្ធបញ្ជរតែមួយជាតិ

- បានភ្ជាប់ប្រព័ន្ធស្វ័យប្រវត្តិកម្មវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ (ATIGA e-Form D) ទៅក្នុងប្រព័ន្ធបញ្ជរតែមួយជាតិ និងភ្ជាប់ទៅបញ្ជរតែមួយអាស៊ាន

- បានតភ្ជាប់ប្រព័ន្ធស្វ័យប្រវត្តិកម្មវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញគ្រប់ទម្រង់ ទៅតាមគ្រប់រដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេស និងបានអនុវត្តគម្រោងចុះបញ្ជីអ្នកនាំចេញ (Registered Exporter System-REX) សម្រាប់សម្រួលដល់ការនាំចេញទៅកាន់សហភាពអឺរ៉ុប

- បានធ្វើការតភ្ជាប់ប្រព័ន្ធចុះបញ្ជីជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍  ក្រសួងទេសចរណ៍ និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ តាមរយៈថ្នាលបច្ចេកវិទ្យា (CAMDX) បន្ថែមពីលើការតភ្ជាប់ជាមួយអគ្គនាយកដ្ឋានពន្ធដារ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងដំណាក់កាលទី១ និងត្រៀមអនុវត្តដំណាក់កាលទី២ឱ្យបានល្អបំផុត

- បានចរចាបើកច្រកទីផ្សារបន្ថែម ដោយសម្រេចបានកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ (CKFTA) ព្រមទាំងបាននិងកំពុង សិក្សាលទ្ធភាពក្នុងការចរចា បង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីៗបន្ថែមទៀត ជាមួយដៃគូពាណិជ្ជកម្មសំខាន់ៗ

- បាននិងកំពុងរៀបចំយុទ្ធសាស្រ្តទាញយកអត្ថប្រយោជន៍ជាអតិបរមា ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងផ្សព្វផ្សាយពីសក្តានុពល និងអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលចូលជាធរមាន ដូចជា ជាមួយចិន កូរ៉េ អាសិប ជាដើម ដើម្បីទាក់ទាញ វិនិយោគិន និងផ្តល់ឱកាសឱ្យវិស័យឯកជនចាប់យកកាលានុវត្តភាព ទាញយកប្រយោជន៍ឱ្យបានជាអតិបរមាពីកិច្ចព្រមព្រៀងទាំងនេះ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានសម្ដែងការគាំទ្រយ៉ាងពេញទំហឹងចំពោះការដាក់ឱ្យអនុវត្តនូវ “យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិត ស្បែកជើង និងកាបូបកម្ពុជា” នេះ ហើយ ឯកឧត្តម សង្ឃឹមយ៉ាងមុតមាំថា យុទ្ធសាស្ត្រនេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញ ព្រោះវាជាយុទ្ធសាស្ត្រគួបផ្សំនិងបំពេញឱ្យគ្នាយ៉ាងល្អបំផុតជាមួយនឹងក្របខ័ណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០១៩-២០២៣ ដែលរាជរដ្ឋាភិបាលបានដាក់ចេញកាលពីខែធ្នូ ឆ្នាំ២០២១កន្លងទៅ។ លើសពីនេះ ក្រសួងពាណិជ្ជកម្មបានត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមសហការអនុវត្តយុទ្ធសាស្រ្តនេះឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅជំរុញការវិនិយោគក្នុងស្រុក និងលើកកម្ពស់វិស័យទាំងបី ដើម្បីអាចបូកតម្លៃបន្ថែមទៅក្នុងខ្សែច្រវ៉ាក់តម្លៃក្នុងតំបន់ឱ្យបានកាន់តែច្រើនបន្ថែមទៀត។

ក្នុងពិធីនេះផងដែរ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងថា ការដាក់ឱ្យអនុវត្តឯកសារយុទ្ធសាស្រ្តសម្រាប់ វិស័យកាត់ដេរ ផលិតស្បែកជើង និង កាបូបកម្ពុជា នេះ ជាកិច្ចការអាទិភាពមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីផ្ដល់ជាផែនទីបង្ហាញផ្លូវ សម្រាប់ភាគីពាក់ព័ន្ធរួមគ្នា ជំរុញការអភិវឌ្ឍវិស័យកាត់ដេរ, ដែលស្របតាមការចង្អុលបង្ហាញនៃ «យុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី ៤ ក្នុងចតុកោណទី ២ ស្តីពីការធ្វើពិពិធកម្មសេដ្ឋកិច្ច» និង «ក្របខណ្ឌយុទ្ធសាស្រ្ត និង កម្មវិធីស្ដារ និង ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ ២០២១-២០២៣» ផងដែរ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បន្តថា ឯកសារជាយុទ្ធសាស្រ្តនេះ មានចក្ខុវិស័យអភិវឌ្ឍវិស័យទាំងបី ឱ្យទៅជាឧស្សាហកម្មដែលមានចីរភាពបរិស្ថាន, មានភាពធន់, មានតម្លៃបន្ថែមខ្ពស់, ផ្តោតលើផលិតផលដែលលក់បានថ្លៃ, មានភាពប្រកួតប្រជែងខ្ពស់ និង ជាមូលដ្ឋានគាំទ្រពិពិធកម្មសេដ្ឋ-កិច្ចនៅឆ្នាំ ២០២៧ ព្រមទាំងមានគោលបំណងកំណត់ទិសដៅអភិវឌ្ឍន៍រួម, បង្កើនភាពឯករាជ្យ, ពង្រឹងភាពប៉ាន់ប្រមាណបាន និងស្ថិរភាព ដើម្បីបន្តលើកកម្ពស់ការអភិវឌ្ឍ វិស័យនេះប្រកបដោយចីរភាព និងបរិយាប័ន្ន។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា «ក្នុងរយៈពេលមធ្យម និងវែង, វិស័យកាត់ដេរនឹងនៅតែបន្តជាចន្ទល់កំណើនសេដ្ឋកិច្ចមួយ ប្រកបដោយសក្ដានុពល តាមរយៈការពង្រីក និងពង្រឹងមូលដ្ឋានឧស្សាហកម្មក្នុងស្រុកសម្រាប់ការនាំចេញ និងការចូលរួមតភ្ជាប់សេដ្ឋកិច្ចជាតិ ទៅនឹងខ្សែច្រវ៉ាក់តម្លៃតំបន់ និងសកល, ដោយឈរលើកត្តាឧត្តមភាពប្រកួតប្រជែងមួយចំនួន ជាពិសេស (១).ប្រាក់ឈ្នួល និង ថ្លៃផលិតកម្មប្រកួតប្រជែង, (២).ប្រព័ន្ធអនុគ្រោះផ្នែកពាណិជ្ជកម្ម និង (៣).បរិយាកាស វិនិយោគអំណោយផលជាដើម។

សូមជម្រាបជូនថា ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមធ្វើបទអន្តរាគមន៍ពី ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អំពីការងើបឡើងវិញរបស់វិស័យទាំងបី និងការគាំទ្រចំពោះការដាក់ឱ្យអនុវត្តនូវ “យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិត ស្បែកជើង និងកាបូបកម្ពុជា” នេះ។ ជាពិសេស ឯកឧត្តមបណ្ឌិតក៏បានបង្ហាញពីកិច្ចខំប្រឹងប្រែងរួមគ្នារបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការស្ដារសេដ្ឋកិច្ចជាតិឡើងវិញ ក្រោយវិបត្ដិនៃជំងឺកូវីដ-១៩ ដែលក្រសួងបានដាក់ចេញ និងអនុវត្តនូវវិធានការអាទិភាពមួយចំនួន រួមមាន៖ ការបន្តពង្រឹងធនធានមនុស្សដើម្បីបង្កើនផលិតភាព និងបង្កើតគន្លងអាជីពសម្រាប់កម្មករនិយោជិត, បន្តធ្វើឱ្យប្រសើឡើងនូវលក្ខខណ្ឌការងារ និងសុខុមាលភាពរបស់កម្មករនិយោជិត ព្រមទាំងការលើកកម្ពស់ការវិនិយោគក្នុងស្រុកនិងបរទេសក្នុងឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ ផងដែរ៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ