គណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា គ.ត.ផ.ហ.ក. រៀបចំកិច្ចប្រជុំជាលើកដំបូងរបស់ខ្លួនដើម្បីកំណត់ផែនការសកម្មភាពអនុវត្តបន្ត និងលើកកម្ពស់កិច្ចការហាឡាលនៅកម្ពុជា

ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ ម៉ោង ០៥:២៧ នាទី ល្ងាច

👁 18

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្ម គណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា «គ.ត.ផ.ហ.ក.» បានរៀបចំកិច្ចប្រជុំលើកទី១របស់ខ្លួន ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា ដើម្បីណែនាំអំពីសមាសភាព គ.ត.ផ.ហ.ក. ដែលទើបតែងតាំងថ្មី និងពិនិត្យរបាយការណ៍របស់លេខាធិការដ្ឋាន គ.ត.ផ.ហ.ក. ប្រមូលធាតុចូលបន្ថែមពីភាគីពាក់ព័ន្ធ ព្រមទាំងកំណត់ផែនការសកម្មភាពរបស់ គ.ត.ផ.ហ.ក. ដែលត្រូវអនុវត្តបន្ត។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានគ.ត.ផ.ហ.ក. ឯកឧត្តម លោកជំទាវ ជាអនុប្រធាន សមាជិក នៃគ.ត.ផ.ហ.ក. ក្រុមឯកទេសផលិតផលហាឡាល និងមន្ត្រីនៃអគ្គនាយកដ្ឋាន ក.ប.ប. ដែលជាលេខាធិការ នៃ គ.ត.ផ.ហ.ក. ជាច្រើនរូប។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តម ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) ជាសមាជិក គ.ត.ផ.ហ.ក. បានរាយការណ៍ជូនអង្គប្រជុំថា រហូតមកដល់បច្ចុប្បន្ននេះ កិច្ចការវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្តង់ដាផលិតផលហាឡាលកម្ពុជា សម្រេចបាននូវការទទួលពាក្យស្នើសុំចំនួន ២២១ពាក្យស្នើសុំ បានចេញវិញ្ញាបនបត្រចំនួន ១៩៦វិញ្ញាបនបត្រ ដែលមាន១០០ក្រុមហ៊ុន សហគ្រាស សិប្បកម្ម និងអាហារដ្ឋាន ស្មើនឹងផលិតផលចំនួន ៦១៩មុខទំនិញ។ ឯកឧត្តមអគ្គនាយកបន្តថា អគ្គនាយកដ្ឋាន ក.ប.ប. ដែលជាសេនាធិការ និងលេខាធិការដ្ឋាន គ.ត.ផ.ហ.ក. បានធ្វើការអំពាវនាវឱ្យក្រុមហ៊ុន សហគ្រាស សិប្បកម្ម និងសេវាករទាំងអស់ ដែលមានបំណងស្នើសុំវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្តង់ដាផលិតផលហាឡាលកម្ពុជា សូមទាក់ទងមកអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម នៅរៀងរាល់ម៉ោងធ្វើការ។

បន្ទាប់ពីស្ដាប់របាយការណ៍របស់លេខាធិការដ្ឋាន គ.ត.ផ.ហ.ក. រួចមក ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងការកោតសរសើ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ គ.ត.ផ.ហ.ក. និងលេខាធិការដ្ឋាន គ.ត.ផ.ហ.ក. ព្រមទាំងគ្រប់ភាគីពាក់ព័ន្ធ ក្នុងការសហការគ្នាយ៉ាងល្អអនុវត្តកិច្ចការហាឡាលកម្ពុជា នាពេលកន្លងមក។

ឯកឧត្តមរដ្ឋមន្រ្តីបន្តថា កិច្ចការហាឡាលគឺជាប្រធានបទដ៏សំខាន់ដែលរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ដោយក្នុងនោះ ផលិតផលហាឡាល មិនត្រឹមតែមានតម្រូវការខ្ពស់ សម្រាប់ប្រទេសដែលកាន់សាសនាឥស្លាមប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ប្រទេសដទៃទៀត ក៏មានតម្រូវការផលិតផលហាឡាលផងដែរ ដោយសារពាក្យថា “ហាឡាល” គឺសំដៅលើភាពស្អាត ឬអនាម័យខ្ពស់ ដែលធ្វើការផលិតដោយអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិឥស្លាម។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញ និងលើកទឹកចិត្ត ឱ្យក្រុមការងារបច្ចេកទេស ជាពិសេសក្រុមឯកទេសផលិតផលហាឡាល និងមន្ត្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» ក្នុងនាមជាសេនាធិការនៃ គ.ត.ផ.ហ.ក. បន្តនិរន្តរភាពកិច្ចការហាឡាលនៅកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ដើម្បីទទួលបាននូវការគាំទ្រ និងទំនុកចិត្តពីគ្រប់មជ្ឈដ្ឋាន ហើយត្រូវបន្តអនុវត្តការងារអាទិ៍ភាពមួយចំនួន រួមមាន៖

១- បន្តពង្រឹងគុណភាពការផ្តល់សេវា និងជំរុញការស្នើសុំវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្តង់ដាផលិតផលហាឡាលកម្ពុជា

២- ការយកកម្រៃសេវាសាធារណៈលើកិច្ចការចុះបញ្ជី និងវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្តង់ដាផលិតផលហាឡាលកម្ពុជា

៣- រៀបចំសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការតែងតាំងសមាសភាពនៃលេខាធិការដ្ឋាននៃគ.ត.ផ.ហ.ក.

៤- រៀបចំសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការតែងតាំងសមាសភាពនៃក្រុមឯកទេសផលិតផលហាឡាលនៃគ.ត.ផ.ហ.ក.

៥- លើកកម្ពស់ទំនុកចិត្តលើការប្រើប្រាស់ស្លាកសញ្ញាហាឡាលកម្ពុជា តាមរយៈការជំរុញការអនុវត្ត ច្បាប់ និងបទប្បញ្ញត្តិបច្ចេកទេសពាក់ព័ន្ធដោយទន់ភ្លន់ ប្រកបដោយជំនាញនិងវិជ្ជាជីវៈ

៦- ជំរុញការលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីកិច្ចការហាឡាល។

ក្នុងឱកាសនោះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានថ្លែងអបអរសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ គណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា ក្នុងការអនុវត្តការងារនាពេលកន្លងមក ជាពិសេសការបន្តជំរុញឱ្យកិច្ចការនេះមានប្រសិទ្ធភាពថែមមួយកម្រិតទៀត។ ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យមានការបញ្ចូលបន្ថែមទៀត នូវសមាជិកសមាជិការដែលមានសមត្ថភាព ចំណេះដឹង និងបទពិសោធន៍ច្បាស់លាស់ពាក់ព័ន្ធនឹងកិច្ចការហាឡាល នេះផងដែរ៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ