ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ម៉ោង ០៥:១៨ នាទី ល្ងាច
👁 19
(ភ្នំពេញ)៖ កាលពីព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម រដ្ឋ សារ៉ាវុធ អគ្គនាយកពាណិជ្ជកម្មអន្តរជាតិ ក្នុងនាមជាប្រធានកិច្ចប្រជុំឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន (SEOM Chair) សម្រាប់ឆ្នាំ២០២២ បានផ្តល់សុន្ទរកថាបើក នៅក្នុងកិច្ចសន្ទនាពាណិជ្ជកម្មនិងការងារអាស៊ាន-សហរដ្ឋអាមេរិក (ASEAN-U.S. Trade and Labour Dialogue) ជាមួយនឹងលោកស្រី Dawn Shackleford ដែលជាឧបការីតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកទទួលបន្ទុកការិយាល័យប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក តាមប្រព័ន្ធវីដេអូ។
ក្នុងកិច្ចសន្ទនានេះ ក៏មានការអញ្ជើញចូលរួមដោយ ឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងសហរដ្ឋអាមេរិក ឧត្តមមន្ត្រីការងារអាស៊ាន និងសហរដ្ឋអាមេរិក តំណាងក្រុមការងារ IGNITE (Inclusive Growth in ASEAN through Innovation, Trade and E- Commerce) គណៈប្រតិភូនៃប្រទេសសមាជិកអាស៊ាននិងសហរដ្ឋអាមេរិក តំណាងជាន់ខ្ពស់នៃអង្គការពលកម្មពិភពលោក (ILO) ព្រមទាំងមន្ត្រីលេខាធិការដ្ឋានអាស៊ានផងដែរ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមអគ្គនាយកបានផ្តល់មតិស្វាគមន៍យ៉ាងកក់ក្តៅ ជូនសមាជិកទាំងអស់នៃកិច្ចសន្ទនានេះ និងបានលើកទ្បើងអំពីទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងអាស៊ាននិងសហរដ្ឋអាមេរិក ជាពិសេសការរួមចំណែករបស់សហរដ្ឋអាមេរិកក្នុងការជួយជំរុញសមាហរណកម្មនិងការអភិវឌ្ឍសេដ្ឋកិច្ចអាស៊ាន។ ឯកឧត្តមអគ្គនាយកបន្តថា កិច្ចសន្ទនានេះគឺជាសកម្មភាពមួយក្នុងចំណោមកម្មវិធីកិច្ចសហប្រតិបត្តិការ ដែលស្ថិតក្រោមផែនការការងារដើម្បីអនុវត្តកិច្ចរៀបចំក្របខ័ណ្ឌស្តីពីពាណិជ្ជកម្មនិងវិនិយោគអាស៊ាន-សហរដ្ឋអាមេរិក (ASEAN-US Trade and Investment – TIFA) និងផែនការការងារស្តីពីការពង្រីកការផ្សារភ្ជាប់សេដ្ឋកិច្ច (Expanded Economic Engagement – E3)។
ក្នុងឱកាសនេះផងដែរ ឯកឧត្តមអគ្គនាយកបានជម្រាបជូនពីសារៈសំខាន់នៃកិច្ចសន្ទនានេះ ដែលបានផ្តល់ជាឱកាសសម្រាប់ការជជែក និងចែករំលែកបទពិសោធន៍រវាងឧត្តមមន្ត្រីពាណិជ្ជកម្មនិងឧត្តមមន្ត្រីការងាររបស់អាស៊ាននិងសហរដ្ឋអាមេរិក ដោយបច្ចុប្បន្ន “ការងារ” ត្រូវបានចាត់ទុកជាប្រធានបទសំខាន់មួយក្នុងចំណោមប្រធានបទថ្មីៗសម្រាប់រដ្ឋសមាជិកអាស៊ាន ដោយកន្លងមក ប្រធានបទថ្មីៗទាំងនោះត្រូវបានលើកយកមកពិភាក្សាជាញឹកញាប់រវាងអាស៊ាន និងប្រទេសដៃគូនៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមាននិន្នាការទំនើបនិងគ្រប់ជ្រុងជ្រោយ។
ឯកឧត្តមអគ្គនាយកបានសង្កត់ធ្ងន់ថា អាស៊ានបានប្រឹងប្រែងយ៉ាងខ្លាំងក្នុងការលើកកម្ពស់គុណភាពការងារ ធនធានមនុស្ស និងការការពារពលករនៅក្នុងតំបន់អាស៊ាន។ លើសពីនេះ ឯកឧត្តមអគ្គនាយក ក៏បានជម្រាបជូនអំពីកិច្ចសហប្រតិបត្តិការកន្លងមក រវាងអាស៊ាន និងសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងការលើកកម្ពស់ការយល់ដឹងរបស់ក្រុមការងារតាមវិស័យពាក់ព័ន្ធ អំពីកាលានុវត្តភាព បញ្ហាប្រឈម ដែលកើតចេញពីការពិនិត្យលទ្ធភាពក្នុងការដាក់បញ្ចូលប្រធានបទការងារ ក៏ដូចជាប្រធានបទថ្មីៗមួយចំនួនទៀត នៅក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមាននិន្នាការទំនើប។
ជាកិច្ចបញ្ចប់ ឯកឧត្តមអគ្គនាយកបានជំរុញ និងលើកទឹកចិត្តឱ្យកិច្ចសន្ទនាពាណិជ្ជកម្មនិងការងារ ចូលរួមពិភាក្សា និងផ្លាស់ប្តូរមតិយោបល់ឱ្យបានផុសផុលលើចំណុចសំខាន់ៗទាក់ទងនឹងពាណិជ្ជកម្ម និងការងារ ដើម្បីរដ្ឋសមាជិកអាស៊ានអាចត្រៀមលក្ខណៈនិងមានមូលដ្ឋានគ្រប់គ្រាន់ ក្នុងការយល់ដឹងពីប្រធានបទការងារនៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា នាពេលអនាគត៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣