ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជួបពិភាក្សាជាមួយលេខាធិការដ្ឋាន AMEICC ស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន

ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ ម៉ោង ០៦:៥៦ នាទី ល្ងាច

👁 8

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ភ្នំពេញ)៖ នារសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បានដឹកនាំក្រុមការងារក្រសួងពាណិជ្ជកម្ម ទទួលជួបពិភាក្សាការងារជាមួយលោក WADA Yuhei ប្រធានតំណាង AEM-METI Economic and Industrial Cooperation Committee (AMEICC) និងលោក SUGION Hiroshi អនុប្រធានតំណាង AMEICC របស់ជប៉ុន។

ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងថា អង្គប្រជុំនេះបានពិភាក្សា និងផ្លាស់ប្តូរយោបល់លើរបៀបវារៈសំខាន់ៗមួយចំនួន ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន ដោយក្នុងនោះផ្តោតសំខាន់លើការស្តារឡើងវិញនូវសេដ្ឋកិច្ច បដិវត្តន៍ឌីជីថល និងគំនិតផ្តួចផ្តើមបៃតង ជាដើម តាមរយៈការសំយោគនូវគំនិតផ្តួចផ្តើមនានាដែលមានស្រាប់ និងទើបតែដាក់ចេញក្រោមក្របខ័ណ្ឌអាស៊ានជាមួយតំបន់មេគង្គ។

ឯកឧត្តមរដ្ឋលេខាធិការបន្តថា អង្គប្រជុំក៏បានពិភាក្សាលើការងារអាទិភាពរបស់កម្ពុជា និងគំនិតផ្តួចផ្តើមសំខាន់ៗ ដូចជាគំនិតផ្តួចផ្តើមស្តីពីការវិនិយោគសម្រាប់អនាគតអាស៊ី-ជប៉ុន (AJIF) និងនវានុវត្តន៍និងកំណើនប្រកបដោយចីរភាពជាដើម ដែលនឹងក្លាយជាធាតុចូលយ៉ាងសំខាន់ ក្នុងការត្រៀមរៀបចំគំនិតផ្តួចផ្តើមនានាសម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចមេគង្គ-ជប៉ុន ជាពិសេសជាមូលដ្ឋានក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។ លើសពីនេះ អង្គប្រជុំក៏បានពិភាក្សាលើសារៈសំខាន់នៃវិស័យការដឹកជញ្ជូន ឡូជីស្ទីក និងហេដ្ឋារចនាសម្ព័ន្ធដែលជាសរសៃឈាមសេដ្ឋកិច្ច ក៏ដូចជាការជំរុញបន្ថែមការធ្វើពាណិជ្ជកម្មនិងការទូទាត់ឆ្លងកាត់ព្រំដែន ផងដែរ។

ជាកិច្ចបញ្ចប់ភាគីទាំងពីរបានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិក្របខ័ណ្ឌតំបន់ ការជំរញការអភិវឌ្ឍលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងការអនុវត្តគំនិតផ្តួចផ្តើម និងគម្រោងនានាក្រោមកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន បន្ថែមទៀត ជាពិសេសក្រុមកាងារ AMEICC បានប្តេជ្ញាបន្តគាំទ្រដល់កម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ ក្នុងការសម្រេចបាននូវសមិទ្ធផលអាទិភាពសេដ្ឋកិច្ចនានាក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចប្រកបដោយជោគជ័យ៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ