ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ ម៉ោង ០៥:៣៥ នាទី ល្ងាច
👁 14
(រតនគីរី)៖ កាលពីព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនូវអគារទីស្នាក់ការថ្មី សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) ខេត្តរតនគីរី ដែលមានទីតាំងស្ថិតនៅ ភូមិ ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ដើម្បីបង្កភាពងាយស្រួលដល់ការបំពេញការងាររបស់មន្ត្រី និងផ្តល់សេវាជូនប្រជាពលរដ្ឋ។
ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួកបន្ទុកជាអគ្គនាយក នៃនាយកដ្ឋាន ក.ប.ប. ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីក្រសួង-មន្ទីរពាណិជ្ជកម្ម ព្រមទាំងសាខា ក.ប.ប. ជាច្រើនរូប។
ក្នុងអង្គពិធី ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួកបន្ទុកជាអគ្គនាយក នៃនាយកដ្ឋាន ក.ប.ប. បានរាយការណ៍ជូនអំពីសាវតា នៃការក៏សាងអគារទីស្នាក់ការថ្មីនេះ រួមទាំងកិច្ចខំប្រឹងប្រែង និងលទ្ធផលការងារដែលសាខា ក.ប.ប. ខេត្តរតនគីរី សម្រេចបាន។ ឯកឧត្តមអគ្គនាយកបន្តថា រហូតមកដល់ពេលបច្ចុប្បន្ន អាគារស្នាក់ការនៃសាខា ក.ប.ប. នៅតាមបណ្តាខេត្តមានចំនួន ១៣ ត្រូវបានសាងសង់ រួមមានខេត្តព្រះសីហនុ តាកែវ បន្ទាយមាជ័យ ស្វាយរៀង កំពត កំពង់ចាម ព្រះវិហារ ត្បូងឃ្មុំ ព្រៃវែង បាត់ដំបង រតនគិរី និងមាន ២ ខេត្តទៀត គឺខេត្តមណ្ឌលគិរី ត្រៀមដាក់សម្ពោធ ឱ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ និងខេត្តកោះកុង នឹងត្រៀមសម្ពោធដាក់ឱ្យប្រើប្រាស់ជា ផ្លូវការនាពេលឆាប់ៗខាងមុខ។
ជាមួយគ្នានេះ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តរតនគិរី ក៏បានជម្រាបជូនអំពីកត្តាភូមិសាស្រ្ត និងសមិទ្ធិផលជាច្រើនដែលខេត្តសម្រេចបាន ព្រមទាំងសក្កដានុពលរបស់ខេត្តទាំងមូល ដូចជា ផ្នែកដំណាំកសិកម្ម និងតំបន់ទេសចរណ៍ជាដើម។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្ដែងការអបអរសាទរ និងថ្លែងនូវការកោតសរសើរចំពោះគណៈអភិបាលខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធ គណៈកម្មការសាងសង់ ក្រុមហ៊ុនសាងសង់ មន្រ្តីសាខា ក.ប.ប. ខេត្តរតនគិរី ព្រមទាំងអាជ្ញាធរពាក់ព័ន្ធផ្សេងទៀត ដែលបានចូលរួមសហការយ៉ាងល្អ រហូតបានសម្រេចនូវសមិទ្ធផលជាទីគាប់ប្រសើរនេះ។
ឯកឧត្តមរដ្ឋមន្ត្រីបន្តថា អគារទីស្នាក់ការថ្មីរបស់សាខា ក.ប.ប. នេះ គឺជាសមាសភាគរួមផ្សំមួយនៃហេដ្ឋារចនាសម្ព័ន្ធរូបវន្តរបស់ខេត្ត ដែលបង្ហាញពីការរីកចម្រើនជាបន្តបន្ទាប់របស់ខេត្ត ស្របពេល ដែលវិស័យដ៏ទៃទៀតកំពុងបោះជំហានទៅរកការអភិវឌ្ឍជាលំដាប់។ ជាពិសេស វានឹងក្លាយជាតួអង្គសំខាន់ក្នុងការបង្ខិតសេវាសាធារណៈឱ្យកាន់តែជិតប្រជាពលរដ្ឋ និងកាន់តែងាយស្រួលផងដែរ។
ឆ្លៀតក្នុងឱកាសនោះឯកឧត្តមរដ្ឋមន្ត្រី បានផ្ដល់នូវអនុសាសន៍ណែនាំមួយចំនួនដល់មន្រ្តីមន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប ដូចមានខាងក្រោម៖
ទី១- មន្រ្តីរាជការមន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប. ត្រូវបន្តខិតខំយកចិត្តទុកដាក់ក្នុងការពង្រីកចំណេះដឹងខ្លួនបន្ថែមទៀត ទាំងកម្រិតជំនាញ និងភាសាបរទេស ជាពិសេសរួមសហការគ្នាចុះត្រួតពិនិត្យទំនិញដែលខូចគុណភាព ដើម្បីការពារសុខភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាការពារសុខភាពបងប្អូន កូនចៅរបស់ខ្លួនឯងដែរ។
ទី២- ត្រូវប្រើប្រាស់មន្រ្តីឱ្យអស់លទ្ធភាព និងបណ្តុះបណ្តាលមន្រ្តីដែលមានស្រាប់ទៅតាមជំនាញ
ទី៣- មន្ត្រីរាជការមន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប. ត្រូវបន្តធ្វើសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវកម្មវិធីកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ជាពិសេសកំណែទម្រង់ស៊ីជម្រៅរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការដាក់ចេញគោលនយោបាយពាណិជ្ជកម្ម សំដៅជួយសម្រួលពាណិជ្ជកម្ម ក្នុងការនាំចេញ និងសម្រួលដល់ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។
ទី៤- បញ្ចៀសដាច់ខាតការទាមទារកម្រៃសេវាក្រៅផ្លូវការពីអាជីករ ពាណិជ្ជករ ផលិតករ អ្នកនាំចេញ និងសេវាផេ្សងៗ ដែលផ្ទុយពីខ្លឹមសារប្រកាសរួមស្តីពីកម្រងសេវាសាធារណៈរវាងក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ទី៥- ត្រូវបន្តជំរុញពង្រឹងបន្ថែមយន្តការតាមដាន និងត្រួតពិនិត្យការគ្រប់គ្រងអាជីវកម្ម សេវាកម្ម ពាណិជ្ជកម្ម ថ្លៃទំនិញ និងសន្និធិទំនិញចាំបាច់ ស្រូវ-អង្ករ ប្រេងឥន្ធនៈ និងការធ្វើពាណិជ្ជកម្មទំនិញនៅតាមព្រំដែន ដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងជំរុញយន្តការដោះស្រាយបញ្ហាដល់កសិករ ផលិតករ ដោយផ្តោតលើផលិតផលសក្តានុពលចំនួន ៥មុខ មាន់ស្រែ បន្លែ ដំឡូង ស្រូវប្រណិត និងសូត្រ ដោយបង្កើតផ្សារចុងសប្តាហ៍នៅតាមបណ្តាខេត្តទាំង ១៨ ព្រមទាំងឧបត្ថម្ភទុន ផ្តល់កម្ចី និងកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រតាមរយៈគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) ដែលអនុវត្តដោយក្រសួងពាណិជ្ជកម្ម។
ទី៦- ពេលចុះអនុវត្តន៍ការងារក្នុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នាពេលនេះ និងដើម្បីរក្សា គម្លាតសង្គម ឯកឧត្តម លោក លោកស្រី មន្រ្តីរាជការយើងទាំងអស់ ត្រូវប្រុងប្រយ័ត្ន និងត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣