ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ ម៉ោង ០២:០៨ នាទី រសៀល
👁 17
(មណ្ឌលគិរី)៖ កាលពីព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ ក្រសួងពាណិជ្ជកម្មបានធ្វើពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ “ទឹកឃ្មុំព្រៃមណ្ឌលគិរី” ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងមានការអញ្ជើញចូលរួមពី ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង នៃក្រសួង-ស្ថាប័នពាក់ព័ន្ធ លោក-លោកស្រី តំណាងអង្គទូត អង្គការក្រៅរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ ប្រធានសមាគម និងមន្រ្តីរាជការជុំវិញខេត្តជាច្រើនរូប។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តមរដ្ឋមន្រ្តី បានសម្ដែងការអបអរសាទរ កោតសរសើ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលគួរជាទីមោទនៈ ផ្តើមចេញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា និងកិច្ចសហការយ៉ាងល្អក្នុងភាពជាដៃគូ ក្នុងនោះមានក្រសួងពាណិជ្ជកម្ម តាមរយៈនាយកដ្ឋានកម្មសិទ្ធិបញ្ញាជាសេនាធិការ និងមន្ទីរពាណិជ្ជកម្មខេត្តមណ្ឌលគិរី ព្រមទាំងមានការគាំទ្រពីរដ្ឋបាលខេត្តមណ្ឌលគិរី និងដៃគូអភិវឌ្ឍន៍ ដូចជា៖ អង្គការ WWF, USAID, BMZ, EU, AFD, WIPO និង CIRD។
ឯកឧត្តមរដ្ឋមន្រ្តីបន្តថា ក្រសួងពាណិជ្ជកម្មបានកំណត់យកទឹកឃ្មុំព្រៃមណ្ឌលគិរី ចុះបញ្ជីការពារជាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ក្រោមកិច្ចគាំទ្រពីអង្គការដៃគូរអភិវឌ្ឍន៍ ដោយបានរៀបចំឯកសារគតិយុត្ត ដូចជា ការរៀបចំចងក្រងសមាគមម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ សៀវភៅបន្ទុកទឹកឃ្មុំព្រៃមណ្ឌលគិរី ការកំណត់តំបន់ភូមិសាស្រ្តនៃការប្រមូលផលទឹកឃ្មុំ រូបសញ្ញាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ “ទឹកឃ្មុំព្រៃមណ្ឌលគិរី” និងឯកសារពាក់ព័ន្ធផ្សេងៗ ហើយគោលបំណងនៃការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ “ទឹកឃ្មុំព្រៃមណ្ឌលគិរី” គឺដើម្បី៖
1) ផ្តល់កិច្ចការពារកម្មសិទ្ធិបញ្ញា ដល់សមាគមអភិរក្សឃ្មុំព្រៃខេត្តមណ្ឌលគិរី ដែលជាម្ចាស់ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ក្រោមច្បាប់ស្តីពី ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ នៃព្រះរាជាណាចក្រកម្ពុជា និងដើម្បីទប់ស្កាត់ការក្លែងបន្លំម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ “ទឹកឃ្មុំព្រៃមណ្ឌលគិរី” នៅលើទីផ្សារជាតិ និងអន្តរជាតិ
2) អភិរក្សចំណេះដឹង-ចំណេះធ្វើ និងទេពកោសល្យតាមបែបប្រពៃណីរបស់ប្រជាកសិករនិងសហគមន៍ជនជាតិពូនង ក្នុងខេត្តមណ្ឌលគិរី តាមរយៈការរៀបចំចងក្រងសៀវភៅបន្ទុក “ទឹកឃ្មុំព្រៃមណ្ឌលគិរី”
3) ផ្សព្វផ្សាយអំពីកេរ្តិ៍ឈ្មោះម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ “ទឹកឃ្មុំព្រៃមណ្ឌលគិរី” ចូលរួមអភិរក្សតំបន់ព្រៃការពារ និងធនធានធម្មជាតិ និងទាក់ទាញភ្ញៀវទេសចរ
4) លើកកម្ពស់គុណភាពនិងស្តង់ដារអនាម័យនៃម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ “ទឹកឃ្មុំព្រៃមណ្ឌលគិរី”
5) បង្កើនច្រវ៉ាក់តម្លៃ បង្កើតការងារ និងលើកកម្ពស់ជីវភាពប្រជាកសិករក្នុងតំបន់។
ឯកឧត្តមរដ្ឋមន្រ្តីសង្កត់ធ្ងន់ថា ការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញនេះ គឺជាការធានាផ្លូវច្បាប់ដើម្បីឱ្យការប្រកួតប្រជែងដោយស្មោះត្រង់នៅលើទីផ្សារ និងទប់ស្កាត់ការក្លែងបន្លំផលិតផល “ទឹកឃ្មុំព្រៃមណ្ឌលគិរី” ដើម្បីបង្កើនកេរ្តិ៍ឈ្មោះ“ទឹកឃ្មុំព្រៃមណ្ឌលគិរី” និងបង្កើនជំនឿទំនុកចិត្តពីអ្នកបញ្ជាទិញ និងអ្នកប្រើប្រាស់ចុងក្រោយ។ លើពីនេះ ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញនេះ មិនត្រឹមតែជាអត្តសញ្ញាណផលិតផលរបស់សមាគមអភិរក្សឃ្មុំព្រៃខេត្តមណ្ឌលគិរីតែមួយប៉ុណ្នោះទេ ប៉ុន្តែវានឹងក្លាយជាផ្នែកមួយនៃការផ្សព្វផ្សាយកេរ្តិ៍ឈ្មោះ និងវប្បធម៌ប្រពៃណីរបស់ប្រជាជនកម្ពុជាក្នុងឆាកអន្តរជាតិផងដែរ។ ហេតុនេះ ការថែរក្សា និងធានាកេរ្តិ៍ឈ្មោះ “ទឹកឃ្មុំព្រៃមណ្ឌលគិរី” រួមនឹងការទាញអត្ថប្រយោជន៍ពីការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញនេះ គឺពិតណាស់ អាស្រ័យលើការទទួលខុសត្រូវរបស់សមាជិកម្នាក់ៗនៅក្នុងសហគមន៍ ដែលចាំបាច់ត្រូវមានសាមគ្គីភាព ភាពស្មោះត្រង់ សុចរិត និងអភិបាលកិច្ចគ្រប់គ្រងល្អ ប្រកបដោយតម្លាភាព និងគណនេយ្យភាព ទើបម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ “ទឹកឃ្មុំព្រៃមណ្ឌលគិរី” ផ្តល់នូវគុណតម្លៃពិតប្រាកដ ព្រមទាំងធានានូវនិរន្តភាពសម្រាប់អ្នកជំនាន់ក្រោយ។
ឯកឧត្តមរដ្ឋមន្រ្តីបន្ថែមថា ក្រសួងពាណិជ្ជកម្ម បានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ មានសក្តានុពលចំនួន០៤ រួមមាន៖ “ម្រេចកំពត” “ស្ករត្នោតកំពង់ស្ពឺ” “ក្រូចថ្លុងកោះទ្រង់” និង “ទឹកឃ្មុំព្រៃមណ្ឌលគិរី” និងគ្រោងចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញបន្ថែមទៀត រួមមាន៖ “អំបិល និងផ្កាអំបិលកំពត” “បង្កងតាកែវ” និង “ទឹកត្រីកំពត”។ ក្រៅពីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ក្រសួងបានចុះបញ្ជីម៉ាកសមូហភាព ចំនួន០៣ រួមមាន៖ “គុយទាវភ្នំពេញ” “អំបុកកំពង់ធំ” និង “អង្ករព្រះវិហារ” ហើយបាននិងកំពុងរៀបចំចុះបញ្ជីម៉ាកសមូហភាពបន្ថែមទៀតរួមមាន៖ “ចម្លាក់ប្រាក់ស្ពាន់ខេត្តកណ្តាល” “ក្រូចពោធិ៍សាត់” “នំបញ្ចុកសៀមរាប” និង “ដូងខ្ទិះបាត់ដំបង”។ ទន្ទឹមនឹងនេះ ក្រសួងបានកំណត់ផលិតផលសក្តានុពលជាច្រើន ដូចជា៖ “អង្ករបាត់ដំបង” “អង្ករកំពង់ស្ពឺ” “អង្ករនាងអំ” “អង្ករស្មាច់ស្វាយរៀង” “ក្តាមកោះកុង” “ស្វាយចន្ទីកំពង់ធំ” “សូត្រភ្នំស្រុក” “ប្រហុកសៀមរាប” ។ល។ នៅក្នុងផែនការសកម្មភាពការងារ ស្របតាមយុទ្ធសាស្រ្តសមាហរណកម្មពាណិជ្ជកម្មកម្ពុជា ២០១៩-២០២៣ ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងវិស័យកសិកម្មកម្ពុជាក្នុងទីផ្សារអន្តរជាតិ តាមការកសាងកេរ្តិ៍ឈ្មោះជា “ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ” “ម៉ាកសមូហភាព” និង “ម៉ាកវិញ្ញាតកម្ម” ក្នុងគោលបំណងបញ្ជាក់អំពី អត្តសញ្ញាណនៃប្រភពដើមផលិតកម្មបំពាក់លើផលិតផលដែលដាក់លក់នៅលើទីផ្សារ ដែលវាមិនត្រឹមតែផ្តល់ទំនុកចិត្តដល់អ្នកប្រើប្រាស់និងពង្រីកទីផ្សារក្រៅប្រទេសនោះទេ ប៉ុន្តែម៉ាកទាំងនេះ នឹងក្លាយជាអត្តសញ្ញាណ របស់កម្ពុជា អាចទាក់ទាញទេសចរណ៍មកធ្វើទស្សនកិច្ចក្នុងតំបន់ផលិតកម្ម នៃព្រះរាជាណាចក្រកម្ពុជា ដែលអាចបង្កើនប្រភពចំណូលដើម្បីលើកកម្ពស់ប្រជាពលរដ្ឋបន្ថែមទៀតផងដែរ។
សូមជម្រាបជូនថា រួមជាមួយនឹងពិធីសម្ពោធនេះ ក៏មានការចូលរួមដាក់តាំងបង្ហាញ និងលក់ផលិតផលម៉ាកសមូហភាព “អង្ករព្រះវិហារ” និងផលិតផលម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ “ម្រេចកំពត” “ស្ករត្នោតកំពង់ស្ពឺ” “ក្រូចថ្លុងកោះទ្រង់” និង “ទឹកឃ្មុំព្រៃមណ្ឌលគិរី” និងម៉ាកសមូហភាព “អំបុកកំពង់ធំ” ព្រមទាំងផលិតផលកសិកម្មផ្សេងៗទៀតជាច្រើន។ ជាមួយគ្នានេះ បន្ទាប់ពីចប់អង្គពិធី ឯកឧត្តមរដ្ឋមន្រ្តី និងប្រតិភូទាំងអស់ ព្រមទាំងដៃគូអភិវឌ្ឍន៍នានា បានអញ្ជើទៅទស្សនាដោយផ្ទាល់អំពីការបង្ហាញពីរបៀបប្រមូលទឹកឃ្មុំព្រៃមណ្ឌលគិរី របស់ផលិតករនៅសហគមន៍ត្រពាំងក្អើមផងដែរ។
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣