ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ ម៉ោង ០៧:១៥ នាទី យប់
👁 15
(ភ្នំពេញ)៖ នារសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Yves Fernand Manfoumbi រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មប្រទេសហ្គាបុង។
ជាកិច្ចស្វាគមន៍ ឯកឧត្តមរដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជាបានថ្លែងអំណរគុណដល់ ឯកឧត្តម Yves Fernand Manfoumbi និងគណៈប្រតិភូហ្គាបុង សម្រាប់ការធ្វើដំណើរលើកដំបូងមកកម្ពុជា អំឡុងដំណើរបេសកកម្មចូលរួមកម្មវិធីសេដ្ឋកិច្ច និងពាណិជ្ជកម្មហ្វ្រង់កូហ្វូនី(MECA) ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះរៀបចំ។
ឯកឧត្តមរដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា បានលើកឡើងអំពីទំហំពាណិជ្ជកម្មទ្វេភាគីដ៏ល្អរវាងកម្ពុជា-ហ្គាបុង ដែលមានកំណើនពីមួយឆ្នាំទៅមួយឆ្នាំ ហើយជាក់ស្តែង ទំហំពាណិជ្ជកម្មកម្ពុជា-ហ្គាបុង សម្រេចបានប្រមាណ១៤៩លានដុល្លារអាម៉េរិកក្នុងរយៈពេល០៤ឆ្នាំគិតពីឆ្នាំ២០១៨ដល់ឆ្នាំ២០២១ ហើយដែលហ្គាបុង ជាទីផ្សារដ៏សំខាន់សម្រាប់អង្ករកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រីបានកត់សម្គាល់ឃើញថាមានផលិតផលល្អជាច្រើនពីហ្គាបុងដែលកម្ពុជាអាចពិចារណាលើការនាំចូល និងមានកាលានុវត្តភាពជាច្រើនសម្រាប់ការរឹតចំណងកិច្ចសហប្រតិបត្តិការ មិនថាតែក្របខណ្ឌទ្វេភាគីនោះទេ ក៏ប៉ុន្តែតំបន់ និងអន្តរជាតិផងដែរ។
ឯកឧត្តម Yves Fernand Manfoumbi បានអរគុណសម្រាប់បដិសណ្ឋារកិច្ចដ៏កក់ក្តៅជូនចំពោះរូបឯកឧត្តម និងសហការី ហើយបានជម្រាបជូនថា ហ្គាបុងកំពុងស្វែងរកប្រទេសដៃគូពាណិជ្ជកម្មបន្ថែមនៅតំបន់អាស៊ី ជាពិសេសនៅកម្ពុជា និងបានស្នើភាគីទាំងពីរពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យដែលផ្តល់ប្រយោជន៍ទៅវិញទៅមក រួមមាន៖ (១) ការបង្កើតMoUស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម កម្ពុជា-ហ្គាបុង ដើម្បីសម្រួលដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មក្នុងការអនុវត្តក្របខណ្ឌគម្រោងនានា (២)ជំរុញការវិនិយោគផ្នែកឧស្សាហកម្ម និង(៣)ការដោះដូរពាណិជ្ជកម្មទ្វេភាគី ដែលមានលក្ខណៈបំពេញបន្ថែម និងការរៀបចំពិព័រណ៍ពាណិជ្ជកម្មជាដើម។ ឯកឧត្តមរដ្ឋមន្ត្រីហ្គាបុង ក៏បានជម្រាបជូនអំពីការអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ (National Single Window-NSW) ដែលជួយសម្រួលច្រើនដល់សកម្មភាពធុរកិច្ចនៅហ្គាបុង និងចង់ទទួលបានការចែករំលែកបទបពិសោធន៍កម្ពុជា នាពេលកន្លងមក។
ជាកិច្ចឆ្លើយតប ភាគីកម្ពុជាស្វាគមន៍ និងគាំទ្រលើគ្រប់សំណើដែលបានដាក់ជូន និងជាពិសេសគាំទ្រឱ្យមានការបង្កើតMoU ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងកម្ពុជា-ហ្គាបុង ដែលរំពឹងថា ភាគីទាំងពីរនឹងពន្លឿននីតិវិធី និងពិនិត្យបញ្ចប់សេចក្តីព្រាងMoUនេះឱ្យបានឆាប់រហ័ស ដើម្បីអាចធ្វើការចុះហត្ថលេខាបាន នៅអំឡុងឆមាសទី២ ឆ្នាំ២០២២នេះ។
ស្របគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនថា កម្ពុជាកំពុងធ្វើកំណែទម្រង់ប្រព័ន្ធបញ្ជរតែមួយជាតិ(NSW) សំដៅជួយសម្រួលសកម្មភាពធុរកិច្ច និងស្នើដាក់បញ្ចូលវិស័យនេះ ក្នុងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ហ្គាបុង នាពេលខាងមុខ និងបានស្នើភាគីហ្គាបុងឱ្យពិចារណានាំចូលទំនិញសក្តានុពលកម្ពុជាបន្ថែមពីអង្ករ ដែលរួមមានជាអាទ៍ ផ្លែឈើស្រស់ ដំឡូងមី សំលៀកបំពាក់ ស្បែកជើង និងកាបូបធ្វើដំណើរ ។ល។
ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានជម្រាបជូនពីការត្រៀមខ្លួនជាស្រេចដើម្បីស្វាគមន៍និងសម្របសម្រួលដល់អ្នកវិនិយោគ និងសកម្មភាពពាណិជ្ជកម្មរបស់ភាគីហ្គាបុងនៅប្រទេសកម្ពុជា និងលើកទឹកចិត្តដល់ក្រុមបណ្តាប្រទេសក្របខ័ណ្ឌតំបន់ដែលនិយាយភាសាបារាំង ក៏ដូចជាក្រុមហ៊ុនមកពីហ្គាបុង និងក្រុមហ៊ុនកម្ពុជា ពិនិត្យលទ្ធភាពក្នុងភាពជាដៃគូក្នុងវិស័យធុរកិច្ច រវាងក្រុមហ៊ុនផ្សេងៗគ្នានៃភាគីទាំងពីរ។
គួរបញ្ជាក់ថា ៖ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ហ្គាបុង ក្នុងឆ្នាំ២០១៨ (នាំចេញ ២៩,៣៥លានដុល្លា, នាំចូល N/A), ឆ្នាំ២០១៩(នាំចេញ ៣១,០៨លានដុល្លារ, នាំចូល ០,០៣លានដុល្លារ), ឆ្នាំ២០២០ (នាំចេញ ៤៣,៣៥លានដុល្លា, នាំចូល N/A) និង ឆ្នាំ២០២១ (នាំចេញ៤៤,៧៥លានដុល្លា, នាំចូល ០,០២លានដុល្លារ) និងទំហំពាណិជ្ជកម្មទ្វេភាគីប្រហែល ៤៥លានដុល្លារក្នុងឆ្នាំ២០២១ ធៀបនឹង ៤៣លានដុល្លារក្នុងឆ្នាំ២០២០៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣