ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ ម៉ោង ០៨:៤១ នាទី យប់
👁 13
(ភ្នំពេញ)៖ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានចូលរួមជាអធិបតីក្នុងពិធីបើកវេទិកាធុរកិច្ចឡានឆាង-មេគង្គឆ្នាំ២០២២ ដែលប្រារព្ធឡើងនៅសណ្ឋាគារហៃយ៉ាតរីជិនភ្នំពេញ។ វេទិកានេះ ផ្តោតសំខាន់លើការជំរុញធុរកិច្ចក្នុងវិស័យកសិកម្ម ការវិនិយោគ ក្នុងវិស័យកែច្នៃម្ហូបអាហារ ការពិភាក្សាអំពីបញ្ហាប្រឈមនិងកាលានុវត្តភាព ការរៀបចំជំនួបពាណិជ្ជកម្ម និងពិព័រណ៍ពាណិជ្ជកម្មផងដែរ ដោយមានការចូលរួមពី អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងស្ថានទូតចិនប្រចាំកម្ពុជា តំណាងក្រសួងពាណិជ្ជកម្មកម្ពុជា តំណាងក្រសួងពាណិជ្ជកម្មថៃ វិទ្យាស្ថានមេគង្គ ព្រមទាំងវិស័យឯកជនមកពីប្រទេសកម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាមជាច្រើនរូប។
ថ្លែងក្នុងពិធីបើកវេទិកាធុរកិច្ចឡានឆាង-មេគង្គឆ្នាំ២០២២ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងថា ក្នុងនាមឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តមសូមថ្លែងអំណរគុណចំពោះការអញ្ជើញក្រសួងពាណិជ្ជកម្មចូលរួមក្នុង “វេទិកាធុរកិច្ចឡានឆាង-មេគង្គឆ្នាំ២០២២” ដ៏សំខាន់នេះដែលរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា និងវិទ្យាស្ថានមេគង្គ និងសូមស្វាគមន៍តំណាងធុរកិច្ចទាំងអស់មកពីប្រទេសចិន ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម មកកាន់ព្រះរាជាណចក្រកម្ពុជា។
ឯកឧត្តមរដ្ឋលេខាធិការ កត្តាភូមិសាស្ត្រ និងភាពស្រដៀងគ្នានៃវប្បធម៌នៃប្រទេសមេគង្គ-ឡានឆាង បានជំរុញឱ្យមានចំណងមិត្តភាពជាប្រពៃណីដែលបានបន្តពីមួយជំនាន់ទៅមួយជំនាន់ ដែលបានជំរុញឱ្យរដ្ឋាភិបាលក្នុងតំបន់មានការផ្លាស់ប្តូរយ៉ាងជិតស្និទ្ធ នូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា រវាងប្រទេសទាំង៦ កម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម។ ក្នុងបរិបទដែលបន្តប្រឈមមុខនឹងការគំរាមកំហែងផ្នែកសុខភាពសាធារណៈជាសាកល វេទិកាធុរកិច្ចឡានឆាង-មេគង្គ ក៏ដូចជា ក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង គឺជាផ្នែកមួយដ៏សំខាន់សម្រាប់ធ្វើការរួមគ្នា ដើម្បីលើកកម្ពស់ពាណិជ្ជកម្មក្នុងតំបន់ រក្សាស្ថិរភាពតម្លៃទំនិញ និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ ព្រមទាំងទាក់ទាញការវិនិយោគក្នុងវិស័យកសិកម្ម និងវិស័យកែច្នៃកសិផល។
ឯកឧត្តមរដ្ឋលេខាធិការបន្ថែមថា ទន្ទឹមនឹងការលើកកម្ពស់កំណើនសេដ្ឋកិច្ច រាជរដ្ឋាភិបាលកម្ពុជាបានផ្តោតការយកចិត្តទុកដាក់លើការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន និងនិរន្តរភាព ជាពិសេសលើការលើកកម្ពស់វិស័យកសិកម្ម។ ផ្អែកលើមូលដ្ឋាននេះ ក្នុងនីតិកាលទី៦ នៃរដ្ឋសភា រាជរដ្ឋាភិបាលផ្តោតសំខាន់លើការជំរុញការអភិវឌ្ឍនិងការអនុវត្ត “ផែនការមេសម្រាប់ការអភិវឌ្ឍវិស័យកសិកម្មឆ្ពោះទៅឆ្នាំ២០៣០” និង “ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០១៩-២០២៣”។ ពាក់ព័ន្ធនឹងបញ្ហានេះ ក្រោមយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៤ កម្ពុជាផ្តោតលើការធ្វើឱ្យប្រសើរឡើងនូវឧស្សាហកម្មកែច្នៃ តាមរយៈការជំរុញការវិនិយោគឯកជនលើផលិតផលកសិកម្មដែលមានសក្តានុពលខ្ពស់ដូចជាអង្ករ ដំឡូងមី ស្វាយ គ្រាប់ស្វាយចន្ទី ចេក កៅស៊ូ និងបន្លែជាដើម តាមរយៈការរៀបចំយុទ្ធសាស្ត្រសម្រាប់ប្រភេទដំណាំនីមួយៗ។ ជាងនេះទៅទៀត ក្រោមការដឹកនាំរបស់កម្ពុជាជាប្រធានអាស៊ានឆ្នាំ២០២២ រដ្ឋសមាជិកអាស៊ានកំពុងធ្វើការជាមួយគ្នាយ៉ាងសកម្មដើម្បីសម្រេចឱ្យបាននូវគោលដៅសេដ្ឋកិច្ចជាអាទិភាពរបស់អាស៊ាន ដែលមួយក្នុងចំណោមនោះ គឺការអភិវឌ្ឍគោលការណ៍ណែនាំអាស៊ានស្តីពីកសិកម្មប្រកបដោយនិរន្តរភាព ដែលជួយសម្រួលដល់ការបង្កើតខ្សែច្រវ៉ាក់តម្លៃកសិកម្ម និងធានាឱ្យបាននូវនិរន្តរភាពបរិស្ថាន ព្រមទាំងការលើកទឹកចិត្តដល់ការអភិវឌ្ឍនៃឧស្សាហកម្មប្រកប ដោយនិរន្តរភាព។
មុននឹងបញ្ចប់ ឯកឧត្តមបានលើកទឹកចិត្ដដល់អ្នកវិនិយោគ សហគ្រិន ពាណិជ្ជករនៃបណ្តាប្រទេសមេគង្គ-ឡានឆាង ក្នុងការបង្កើតភាពស៊ីសង្វាក់គ្នាក្នុងចំណោមយុទ្ធសាស្រ្តអភិវឌ្ឍន៍របស់ពួកគេ ហើយប្រើប្រាស់ឱ្យបានពេញលេញនៃភាពជាដៃគូ RCEP ដែលបានចូលជាធរមានតាំងពីខែមករាឆ្នាំ២០២២នេះ ដើម្បីបង្កើនការផ្លាស់ប្តូរអាជីវកម្មនិងវិនិយោគទៅវិញទៅមក ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម វិស័យកែច្នៃកសិផល ពាណិជ្ជកម្មតាមព្រំដែន ពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងព្រំដែន ការច្នៃប្រឌិតវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងសេដ្ឋកិច្ចឌីជីថល និងចូលរួមយ៉ាងសកម្មក្នុងការកសាងច្រករបៀងសមុទ្រ-ដីគោក ក្នុងគោលបំណងបង្កើនប្រសិទ្ធភាពឧស្សាហកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់។
គួរកត់សម្គាល់ផងដែរថា ក្នុងឱកាសនោះក៏មានការចូលរួមថ្លែងសុន្ទរកថាពី អ្នកឧកញ៉ា គិត ម៉េង ផងដែរ ដោយ អ្នកឧកញ៉ា បានសង្កត់ធ្ងន់ថា ប្រទេសនៅតំបន់ឡានឆាង-មេគង្គ មានភាពស្រដៀងគ្នាទាំងវប្បធម៌ មិត្តភាព ប្រពៃណី និងផលប្រយោជន៍អភិវឌ្ឍន៍។ អ្នកឧកញ៉ាបន្តថាប្រទេសទាំងអស់មានទំនាក់ទំនងគ្នាទៅវិញទៅមក និងមានសក្តានុពលខ្លាំងសម្រាប់កិច្ចសហប្រតិបត្តិការ ជាមួយនឹងអត្ថប្រយោជន៍បន្ថែមលើធនធាន និងរចនាសម្ព័ន្ធឧស្សាហកម្ម»។ ដោយសារវេទិកានេះនឹងបង្ហាញអំពី វិស័យកសិ-ម្ហូបអាហារកម្ពុជា អ្នកឧកញ៉ាបានលើកទឹកចិត្តដល់ប្រតិភូធុរកិច្ចទាំងអស់ឱ្យចូលរួមយ៉ាងសកម្មនៅក្នុងព្រឹត្តិការណ៍នេះ និងស្វែងរកឱកាសអាជីវកម្មពិតប្រាកដនៅក្នុងប្រទេស៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣