ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ ម៉ោង ០៩:១៨ នាទី ព្រឹក
👁 16
(ខេត្តកំពង់ចាម)៖ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ នាយកដ្ឋានគោលនយោបាយពាណិជ្ជកម្ម អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម រៀបចំសិក្ខាសាលាផ្សព្វផ្សាយ គោលនយោបាយជាតិស្តីពីដំឡូងមី ២០២០-២០២៥ ដែលប្រព្រឹត្តទៅនៅខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម និងឯកឧត្តម ហេង វណ្ណនី អភិបាលរងខេត្តនៃគណៈអភិបាលខេត្តកំពង់ចាម ព្រមទាំងមានការចូលរួមពីមន្ទីរ អង្គភាពពាក់ព័ន្ធក្រោមឱវាទរបស់រដ្ឋបាលខេត្តកំពង់ចាម អាជ្ញាធរដែនដី អន្តរក្រសួង ស្ថាប័ន អង្គការ ជាពិសេស រោងចក្រកែច្នៃ សមាគមដំឡូងមី ពាណិជ្ជករវិស័យដំឡូងមី អាជីវករ កសិករ ក្នុងខេត្តសរុបចំនួន ៤០នាក់។
សិក្ខាសាលានេះមានការចូលរួមធ្វើបទបង្ហាញពីវាគ្មិនមកពីនាយកដ្ឋានគោលនយោបាយពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការ UNDP ក្រោមប្រធានបទចំនួន ៣គឺ៖ ១-សង្ខេបស្តីពីគោល នយោបាយជាតិស្តីពីដំឡូងមី ២០២០-២០២៥ ២-ដំណើរការនិងនីតិវិធីត្រួតពិនិត្យ អនាម័យនិងភូតគាមអនាម័យ លើផលិតផលដំឡូងមីសម្រាប់ទីផ្សារនាំចេញ និង៣-ការវិវឌ្ឍនៃទីផ្សារដំឡូងមីនៅក្នុងបរិបទកូវីដ-១៩ និងដំណើរការខ្សែ ច្រវាក់តម្លៃដំឡូងមីក្នុងតំបន់។
សិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយជាតិនេះ មិនត្រឹមតែមានគោលបំណងធ្វើការផ្សព្វផ្សាយគោលនយោបាយជាតិ ស្តីពីដំឡូងមី២០២០-២០២៥ និងផែនការសកម្មភាពដែលជាទំនួលខុសត្រូវរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធនោះទេ តែក៏ ដើម្បីស្តាប់នូវវឌ្ឍនភាព និងប្រមូលធាតុចូល និងបញ្ហាប្រឈមរបស់វិស័យឯកជន ក្នុងការអនុវត្តគោលនយោបាយនេះក្នុង ពេលកន្លងមក ព្រមទាំងដើម្បីរៀបចំផែនការអនុវត្តបន្តដែលសមស្រប សំដៅសម្រេចបាននូវចក្ខុវិស័យដែលបានកំណត់ នៅក្នុងគោលនយោបាយជាតិស្តីពីដំឡូងមី។
បច្ចុប្បន្ននេះ ចំពោះទីផ្សារដំឡូងមីនៅក្នុងខេត្តកំពង់ចាម មានរោងចក្រសិប្បកម្មខ្នាតមធ្យម កែច្នៃម្សៅដំឡូងមី១កន្លែង និងសិប្បកម្មលក្ខណៈគ្រួសារកែច្នៃម្សៅដំឡូងមី ចំនួន១កន្លែង និងផ្គត់ផ្គត់ទៅក្រុមហ៊ុនផលិតចំណីសត្វ នៅភ្នំពេញ។ ចំណែកទីផ្សារក្រៅប្រទេស មាននាំចេញដំឡូងមីស្រស់ និងចំណិតដំឡូងមីស្ងួត ទៅប្រទេសថៃនិងភាគច្រើនដំឡូងមីស្រស់នាំទៅប្រទេសវៀតណាម។ ចំពោះការងារសម្របសម្រួលទីផ្សារ បានចងក្រងក្រុមកសិករដាំដុះដំឡូងមីបានចំនួន១៧ក្រុម ស្មើនឹង៨៥៦គ្រួសារ និងសម្របសម្រួលបានជាកិច្ចសន្យាទិញ លក់ជាមួយឈ្មួញកណ្តាល សិប្បកម្មកែច្នៃ បានចំនួន៧កិច្ចសន្យា ក្នុងបរិមាណ១៥៩០០តោន៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣