ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ ម៉ោង ០៦:០៤ នាទី ល្ងាច
👁 22
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងថា សេចក្ដីព្រាងច្បាប់ស្ដីពីសុវត្ថិភាពម្ហូបអាហារ ត្រូវបានសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី អនុម័តទាំងស្រុង នៅព្រឹកនេះ។
ការថ្លែងបែបនេះ ធ្វើឡើងនាឱកាសដែល ឯកឧត្តមរដ្ឋមន្ត្រី ចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តីបន្តថា សេចក្ដីព្រាងច្បាប់ស្ដីពីសុវត្ថិភាពម្ហូបអាហារនេះ គឺជាលិខិតតុបករណ៍ដ៏សំខាន់មួយទៀត របស់រាជរដ្ឋាភិបាល ដែលមានក្រសួងពាណិជ្ជកម្មជាសេនាធិការ ដើម្បីជួយសម្រួលដល់បរិយាកាសធុរកិច្ចនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង។
ឯកឧត្តមរដ្ឋមន្ត្រីរំលឹកថា សេចក្ដីព្រាងច្បាប់នេះ ត្រូវបានផ្ដួចផ្ដើមតាក់តែងឡើងដោយក្រសួងពាណិជ្ជកម្មនៅឆ្នាំ២០១៤ និងបញ្ចប់ការរៀបចំនៅឆ្នាំ២០១៥ ហើយនៅឆ្នាំ២០១៦សេចក្ដីព្រាងច្បាប់នេះត្រូវបានបញ្ជូនទៅប្រជុំដើម្បីពិនិត្យ និងពិភាក្សាកម្រិតបច្ចេកទេសនៅទីស្ដីការគណៈរដ្ឋមន្ត្រីរហូតឈានដល់ការដាក់ឆ្លងកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ និងកែសម្រួលនៅឆ្នាំ២០១៩។ អស់រយៈពេល ៤ឆ្នាំ តាមរយៈកិច្ចពិភាក្សា ផ្ដល់ធាតុចូលដើម្បីកែសម្រួលទាំងក្នុងកិច្ចប្រជុំអន្តរក្រសួង និងអន្តរក្រសួងចង្អៀតជាច្រើនលើក ទើបឈានដល់ការដាក់ឆ្លងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២២នេះ។
ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា សេចក្ដីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការកំណត់គោលការណ៍ជាមូលដ្ឋាន ដើម្បីជំរុញឲ្យផលិតផលម្ហូបអាហារទាំងអស់មានសុវត្ថិភាព គុណភាព និងស្របតាមស្តង់ដាកំណត់ សំដៅធានាកម្រិតនៃការការពារអាយុជីវិតនិង សុខភាពប្រជាពលរដ្ឋ ព្រមទាំងធានាបាននូវប្រសិទ្ធភាពនៃការការពារផលប្រយោជន៍អ្នកប្រើប្រាស់ និងរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋផងដែរ៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣