ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២ ម៉ោង ០៤:៤៤ នាទី រសៀល
👁 24
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Phil Twyford អនុរដ្ឋមន្ត្រីពាណិជ្ជកម្ម និងនាំចេញ នៃប្រទេសនូវែលសេឡង់ និងសហការី តាមប្រព័ន្ធវីដេអូ។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តមរដ្ឋមន្រ្ដី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តមអនុរដ្ឋមន្ត្រី និងសហការី ព្រមទាំងបានថ្លែងអំណរគុណដល់រដ្ឋាភិបាលនូវែលសេឡង់ ដែលបានផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់កម្ពុជា ក្នុងឱកាសកម្ពុជាធ្វើជាប្រធានអាស៊ានឆ្លាស់វេនឆ្នាំ២០២២។
ឯកឧត្តមរដ្ឋមន្រ្ដីបន្តថា ក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់ និងពិភាក្សាលើវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្មក្រោមក្របខ័ណ្ឌតំបន់ ដោយក្នុងនោះ ឯកឧត្តមរដ្ឋមន្រ្ដី ក្នុងនាមជាប្រធាននៃកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន បានជម្រាបជូនអំពីវឌ្ឍនភាពនៃការចរចាលើការធ្វើឱ្យប្រសើរឡើងនៃកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលហ្សេឡង់ (AANZFTA Upgrade) ដែលជាសមិទ្ធផលអាទិភាពសេដ្ឋកិច្ច (Priority Economic Deliverable) មួយក្នុងចំណោមសមិទ្ធផលអាទិភាពសេដ្ឋកិច្ចដទៃទៀតរបស់កម្ពុជា សម្រាប់ឆ្នាំ២០២២ ដែលស្ថិតក្រោមគោលដៅយុទ្ធសាស្ត្រគន្លឹះទី៤ ស្តីពីសាកលភាវូបនីយកម្មអាស៊ានដើម្បីភាពរីកចម្រើន និងអភិវឌ្ឍន៍។
បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្រ្ដី ក៏បានលើឡើងពីការជំរុញ និងពន្លឿនការចរចាលើបញ្ហាដែលនៅសេសសល់ ដើម្បីបញ្ចប់ការចរចា ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនៃកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរី AANZFTA ឱ្យស្របតាមពេលវេលាកំណត់ ក្នុងឆ្នាំ២០២២។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្ដី ក៏បានបានជម្រាបផងដែរ អំពីវឌ្ឍនភាពនៃដំណើរការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយតំបន់ (RCEP) របស់រដ្ឋសមាជិកអាស៊ានដែលកំពុងបំពេញនីតិវិធីក្នុងស្រុក ដើម្បីឱ្យកិច្ចព្រមព្រៀងនេះ អាចចូលជាធរមានបានពេញលេញ ដែលការចូលជាធរមាននេះ គឺជាសមិទ្ធផលអាទិភាពសេដ្ឋកិច្ចមួយក្រោមភាពជាប្រធានអាស៊ានរបស់កម្ពុជា សម្រាប់ឆ្នាំ២០២២នេះផងដែរ។
ជាការឆ្លើយតប ឯកឧត្តមអនុរដ្ឋមន្ត្រី បានបង្ហាញការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលអាទិភាពសេដ្ឋកិច្ចកម្ពុជាដែលបានស្នើឡើង និងបានឆ្លុះបញ្ចាំងអំពីការឆ្លើយតបទៅនឹងការវិវត្តសកល ហើយចាត់ទុកការបញ្ចប់ការចរចាធ្វើឱ្យប្រសើរឡើងនៃកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរី AANZFTA ជាកិច្ចការអាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងភាគីហត្ថលេខី ក្នុងឆ្នាំ២០២២។
ទន្ទឹមនឹងនេះ ឯកឧត្តមអនុរដ្ឋមន្ត្រី ក៏បានបញ្ជាក់ពីការបន្តគាំទ្ររបស់នូវែលសេឡង់ចំពោះកម្ពុជា ក្នុងនាមជាប្រធានអាស៊ានឆ្លាស់វេនឆ្នាំ២០២២ និងប្តេជ្ញាបន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា សំដៅអាចសម្រេចបាននូវសមិទ្ធផលអាទិភាពកម្ពុជាប្រកបដោយជោគជ័យ ដើម្បីកសាងសហគមន៍អាស៊ាន និងការអភិវឌ្ឍសេដ្ឋកិច្ចតំបន់ប្រកបដោយបរិយាប័ន្ន ចីរភាព និងភាពធន់រឹងមាំ។
នៅកិច្ចបញ្ចប់ ភាគីទាំងពីរបានប្តេជ្ញាចិត្តបន្តជំរុញវិស័យពាណិជ្ជកម្មទ្វេភាគី និងជំរុញកំណើនវិនិយោគឱ្យកាន់តែច្រើនបន្ថែមទៀត ក្នុងន័យដើម្បីខិតខំប្រឹងប្រែងស្តារឡើងវិញលើគ្រប់វិស័យក្រោយវិបត្តិនៃជំងឺកូវីដ-១៩៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣