ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ ម៉ោង ០៦:០០ នាទី ល្ងាច
👁 7
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានធ្វើជាសហប្រធានកិច្ចប្រជុំលើកទី១នៃក្រុមប្រឹក្សាកិច្ចព្រមព្រៀងក្របខ័ណ្ឌពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-នេប៉ាល់ (TIFA) ជាមួយ ឯកឧត្តមបណ្ឌិត Ganesh Prasad Pandey អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ពាណិជ្ជកម្ម និងផ្គត់ផ្គត់ប្រទេសនេប៉ាល់ ។ កិច្ចប្រជុំប្រជុំនេះ ធ្វើឡើតតាមប្រព័ន្ធវីដេអូ ដោយមានការអញ្ជើញចូលរួមពីតំណាងជាន់ខ្ពស់នៃក្រសួង-ស្ថាប័នសំខាន់ៗពាក់ព័ន្ធ រួមមាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក្រសួងរ៉ែនិងថាមពល ក្រសួងទេសចរណ៍ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធនៃភាគីនេប៉ាល់ ជាច្រើនរូប ផងដែរ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋលេខាធិការ បានសម្តែងគារវកិច្ចស្វាគមន៍គ្នាទៅវិញទៅមក និងបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការៀបចំកិច្ចប្រជុំក្រុមប្រឹក្សា TIFA លើកទី១នេះ ដោយបានបង្ហាញអំពីសុទ្ធិដ្ឋិនិយមនៃការងើបទ្បើងនូវកំណើនសេដ្ឋកិច្ចនៃប្រទេសទាំងពីរ ជាពិសេសសេដ្ឋកិច្ចរបស់កម្ពុជាដែលត្រូវបានរំពឹងថានឹងងើបឡើងវិញជាមួយនឹងកំណើន៥,៦% ក្នុងឆ្នាំ២០២២ និង៦,៦% ក្នុងឆ្នាំ២០២៣ មុននឹងឈានទៅដល់ ៧% ត្រឹមឆ្នាំ២០២៤ ដែលជាលទ្ធផលដ៏សំខាន់នៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ និងប្រយុទ្ធជំងឺឆ្លងកូវីដ-១៩ តាមរយៈភាពជោគជ័យនៃយុទ្ធនាការចាក់វ៉ាក់សាំងថ្នាក់ជាតិរបស់កម្ពុជា និងការដាក់ចេញប្រកបដោយប្រសិទ្ធភាពនូវវិធានការអន្តរគមន៍សេដ្ឋកិច្ច-សង្គម និងយុទ្ធសាស្រ្តស្តារសេដ្ឋកិច្ចទ្បើងវិញរបស់រាជរដ្ឋាភិបាលកម្ពុជា កាលពីចុងឆ្នាំ២០២១កន្លងទៅ។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត Ganesh Prasad Pandey អនុរដ្ឋមន្ត្រី និងជាសហប្រធាន បានថ្លែងកោតសរសើរ រាជរដ្ឋាភិបាលកម្ពុជាចំពោះការទប់ស្កាត់និងប្រយុទ្ធជំងឺឆ្លងកូវីដ-១៩ ប្រកបដោយជោគជ័យ ដែលអាចឈានដល់ការបើកប្រទេសនិងបើកដំណើរទ្បើងវិញនូវសកម្មភាពធុរកិច្ច-ពាណិជ្ជកម្ម។ ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិត បានសម្តែងការគាំទ្រលើការបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដើម្បីអាចរក្សាបាន និងពង្រីកបន្ថែមនូវកំណើនពាណិជ្ជកម្ម-វិនិយោគទ្វេភាគី សំដៅជំរុញនិងស្តារទ្បើងវិញសេដ្ឋកិច្ចប្រកបដោយភាពធន់រឹងមាំ និងចីរភាព។
កិច្ចប្រជុំបានពិភាក្សា និងផ្លាស់ប្តូរយោបល់លើយន្តការ និងគំនិតផ្តួចផ្តើមសំដៅកំណត់ទិសដៅឈានទៅដល់ការបង្កើតផែនការងាររួម សម្រាប់បង្កើតកាលានុវត្តន៍ និងជំរុញបន្ថែមនូវកិច្ចសហប្រតិបត្តិការរវាងស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជននៃប្រទេសទាំងពីរ លើវិស័យសំខាន់ៗមួយចំនួនរួមមាន ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ កសិកម្ម និងថាមពល ជាដើម។
ក្នុងឱកាសនោះផងដែរ តំណាងជាន់ខ្ពស់ពីក្រសួង-ស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ បានចូលរួមធ្វើបទបង្ហាញសង្ខេបជូនអង្គប្រជុំអំពីសក្តានុពលវិនិយោគលើវិស័យសំខាន់ៗនីមួយៗខាងលើ។ ភាគីកម្ពុជាដែលមានតំណាងមកពីគណៈកម្មាធិការវិនិយោគកម្ពុជា បានធ្វើបទបង្ហាញ ស្តីពីកាលានុវត្តភាពពាណិជ្ជកម្ម-វិនិយោគ និងទិដ្ឋាភាពសំខាន់ៗនៃច្បាប់ស្តីពី វិនិយោគថ្មីរបស់កម្ពុជា ជូនអង្គប្រជុំ ផងដែរ។
នៅកិច្ចបញ្ចប់ ភាគីទាំងពីរបានឯកភាពរៀបចំផែនការងាររួមគ្នា និងបង្កើតក្រុមការងារចម្រុះតាមវិស័យឱ្យបានចប់សព្វគ្រប់នៅខែសីហា ឆ្នាំ២០២២ខាងមុខនេះ ដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម ថាមពល និងវិនិយោគ សំដៅជំរុញបន្ថែមទៀតនូវទំហំពាណិជ្ជកម្មទ្វេភាគី ដែលនឹងចូលរួមចំណែកក្នុងការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩។ ភាគីទាំងពីរបានឯកភាពនឹងរៀបចំកិច្ចប្រជុំក្រុមប្រឹក្សា TIFA លើកទី២ នៅអំឡុងខែមេសា ឆ្នាំ២០២៣ ដើម្បីពិនិត្យវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ទាប់ពីកិច្ចប្រជុំលើកទី១ និងកំណត់ទិសដៅនៃកិច្ចសហប្រតិបត្តិការបន្ថែមទៀត៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣