ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ ម៉ោង ០៧:៣០ នាទី ព្រឹក
👁 12
(ភ្នំពេញ) នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំប្រតិភូមកពីបណ្តាអន្តរក្រសួង-ស្ថាប័ន ជួបពិភាក្សាការងារជាមួយឯកឧត្តម Tran Quoc Khanh អនុរដ្ឋមន្រ្តីនៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម នៃសាធារណរដ្ឋសង្គមនិយមវៀតណាម តាមប្រព័ន្ធវីដេអូពិភាក្សាបញ្ហាធ្វើពាណិជ្ជកម្មទ្វេភាគី រួមមាន៖ ការរកដំណោះស្រាយលើបញ្ហាវិធានបូកបន្ថែម (Extended Cumulation)នៃដើមកំណើតទំនិញសម្រាប់ផលិតកម្មកង់នាំចេញទៅសហភាពអឺរ៉ុប ការនាំចេញគ្រាប់ស្វាយចន្ទីនិងស្ករសទៅកាន់ប្រទេសវៀតណាម និងការរៀបចំក្របខ័ណ្ឌសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី សំដៅពង្រីកកំណើនសេដ្ឋកិច្ច។
ក្នុងឱកាសនោះ ភាគីទាំងពីរបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅនិងបានកត់សម្គាល់ពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃល្អរវាងកម្ពុជា-វៀតណាម ពិសេសលទ្ធផលកំណើនពាណិជ្ជកម្មទ្វភាគីដែលសម្រេចបានប្រមានជិត ៩ពាន់លានដុល្លារក្នុងឆ្នាំ២០២១ ស្របតាមទិសដៅដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ក្នុងដំណើរទស្សនៈកិច្ចរបស់ឯកឧត្តមប្រធានាធិបតីវៀតណាម មកកាន់កម្ពុជានាថ្ងៃទី២១-២២ ខែធ្នូ ឆ្នាំ២០២១កន្លងទៅ។
ជាងនេះទៅទៀត ភាគីទាំងពីរបានពិភាក្សាផ្លាស់ប្តូរយោបល់ដើម្បីស្វែងរកដំណោះស្រាយលើវិធានបូកបន្ថែម(Extended Cumulation) សម្រាប់ផលិតកម្មកង់ ដែលកម្ពុជានាំទៅសហភាពអឺរ៉ុប ក្រោយកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីវៀតណាម-សហភាពអឺរ៉ុប បានចូលជាធរមានកាលពីឆ្នាំ២០២០កន្លងទៅ ដែលបទប្បញ្ញត្តិលេខ ២០១៥/២៤៤៦ របស់សហភាពអឺរ៉ុប តម្រូវឱ្យភាគីកម្ពុជា-វៀតណាមបំពេញនីតិវិធីចាំបាច់ក្នុងការទទួលបានវិធានបូកបន្ថែមនេះ។ ម្យ៉ាងទៀតភាគីទាំងពីរក៏បង្ហាញការប្តេជ្ញាចិត្តតាមរយៈការដោះស្រាយបញ្ហាជួបប្រទះ ដោយធ្វើយ៉ាងណាជំរុញទំហំពាណិជ្ជកម្ម ទ្វេភាគីនេះឱ្យបានលើសពី១០ ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២២នេះ ទោះបីជំងឺកូវីត១៩ មិនទាន់បានផុតរលត់នៅឡើយក៏ដោយ។
លើសពីនេះ ភាគីទាំងពីរបានពិភាក្សាស្វែងរកដំណោះស្រាយលើបញ្ហាការនាំស្វាយចន្ទី និងស្ករសពីកម្ពុជាទៅប្រទេសវៀតណាម ដែលមានការរាំងស្ទះផ្នែកបច្ចេកទេសមួយចំនួន ហើយក៏បានប្តេជ្ញាចិត្តសហការដោះស្រាយកិច្ចការនេះបន្តទៀត ដោយយកចិត្តទុកដាក់ខ្ពស់បំផុត។
ជាងនេះទៅតៀត ភាគីទាំងពីរក៏បានពិភាក្សាលើបញ្ហាផ្សេងទៀតពាក់ព័ន្ធវិស័យពាណិជ្ជកម្មតាមព្រំដែន ដោយបានឯកភាពចាត់តាំងឱ្យក្រុមការងារពិនិត្យសេចក្តីព្រាងកិច្ចព្រមព្រៀងស្តីពីការធ្វើពាណិជ្ជកម្មតាមព្រំដែន សម្រាប់ដាក់ជូនថ្នាក់ដឹកនាំពិនិត្យនិងសម្រេច។
ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ និងឯកឧត្តមអនុរដ្ឋមន្រ្តី បានសម្តែងសារជាថ្មីនូវការប្តេជ្ញាចិត្ត បន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធលើគ្រប់វិស័យ ពិសេសវិស័យពាណិជ្ជកម្ម-វិនិយោគ៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣