ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម Muhammad Lutfi រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឥណ្ឌូនេស៊ី តាមប្រព័ន្ធវីដេអូ

ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ ម៉ោង ០៣:៣៦ នាទី រសៀល

👁 5

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ភ្នំពេញ)៖ នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម និងជាប្រធាននៃកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាននិងកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន សម្រាប់ឆ្នាំ២០២២ បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ទទួលជួបពិភាក្សាអំពីសំណើរៀបចំកិច្ចប្រជុំពិសេសនៃរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន ជាមួយឯកឧត្តម Muhammad Lutfi រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឥណ្ឌនេស៊ី តាមប្រព័ន្ធវីដេអូ។

ឯកឧត្តមរដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ បានសម្តែងមតិស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណជូនចំពោះឯកឧត្តម Muhammad Lutfi និងសហការី ដែលបានផ្តល់កិច្ចសហការនិងការគាំទ្រក្នុងអំឡុងពេលនៃកិច្ចប្រជុំនានាដែលកម្ពុជាធ្វើជាប្រធានដឹកនាំកន្លងមក តួយ៉ាងដូចជា កិច្ចប្រជុំចង្អៀតថ្នាក់ឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន កិច្ចប្រជុំលើកទី១នៃឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន ពិសេសកិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី២៨ (28th AEM Retreat) កាលពីខែមីនា ឆ្នាំ២០២២កន្លងទៅ ដែលបានប្រព្រឹត្តទៅប្រកបដោយជោគជ័យនិងទទួលលទ្ធផលជាផ្លែផ្កា។

ថ្វីត្បិតកិច្ចប្រជុំចង្អៀតនៃរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានទើបបានប្រព្រឹត្តិទៅនោខែមីនាកន្លងទៅ តែដោយសភាពការណ៍សេដ្ឋកិច្ចតំបន់និងពិភពលោកមានការប្រែប្រួលនិងបានជះឥទ្ធិពលមកលើសេដ្ឋកិច្ចរបស់អាស៊ានដោយសន្ធាប់នោះ ភាគីឥណ្ឌូនេស៊ីដែលនឹងទទួលវេណធ្វើជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២៣ បានផ្តួចផ្តើមគំនិតស្នើកម្ពុជាដើម្បីសហការរៀបចំកិច្ចប្រជុំពិសេសនៃរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន(AEM Special Meeting) ដែលគ្រោងរៀបចំនៅក្នុងខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ នៅទីក្រុងបាលី ប្រទេសឥណ្ឌូនេស៊ី សំដៅពិភាក្សានិងផ្លាស់ប្តូរយោបល់លើយន្តការនិងគំនិតផ្តួចផ្តើមថ្មីៗអំពីលទ្ធភាពរៀបចំគំរោងពិសេសរបស់អាស៊ាន ក្នុងគោលបំណងរកដំណោះស្រាយសម្រាប់រក្សាលំនឹងនៃសេដ្ឋកិច្ចតំបន់អាស៊ានក្នុងបរិបទនៃការប្រប្រួលសណ្តាប់ធ្នាប់ជាសាកល(World Order)។  ភាគីទាំងពីរបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការ ពង្រឹងមជ្ឈភាពរបស់អាស៊ាន ការជំរុញការធ្វើពាណិជ្ជកម្មក្នុងតំបន់អាស៊ាន (ASEAN Intratrade) ចំពោះទំនិញសក្តានុពលនានារបស់រដ្ឋជាសមាជិកអាស៊ាន សំដៅពន្លឿន ការស្តារទ្បើងវិញនូវសេដ្ឋកិច្ចតំបន់ និងរក្សាបាននូវលំនឹងសេដ្ឋកិច្ច ទោះបីអាស៊ានកំពុងទទួលរងឥទ្ធិពលអវិជ្ជមានពីខាងក្រៅ ក៏ដោយ។  

ជាមួយនោះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឥណ្ឌូនេស៊ី ក៏បានផ្តល់ការគាំទ្រយ៉ាងពេញលេញ និងត្រៀមផ្តល់កិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធបន្ថែមទៀតក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វភាគីរវាងកម្ពុជា-ឥណ្ឌូនេស៊ី ជាពិសេសការគាំទ្រដល់កម្ពុជាក្នុងនាមជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២២។ ឯកឧត្តមរដ្ឋមន្រ្តី Muhammad Lutfi ក៏បានយល់ស្របនិងគាំទ្រផងដែរ ចំពោះយន្តការជំរុញការធ្វើពាណិជ្ជកម្មក្នុងតំបន់អាស៊ាន ដើម្បីអាចប្រើប្រាស់ពាណិជ្ជកម្មអាស៊ានឱ្យកាន់តែមានសក្តានុពល ដោយផ្អែកលើគោលការណ៍មជ្ឍភាពអាស៊ាន។

នៅកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តម Muhammad Lutfi បានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្ត លើកកម្ពស់កិច្ចសហប្រតិបត្តិទ្វេភាគីបន្ថែមទៀតលើវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងជាពិសេសការសម្រេចបាននូវសមិទ្ធផលអាទិភាពសេដ្ឋកិច្ចក្នុងឆ្នាំ២០២២ និងអាទិភាពការងារប្រចាំឆ្នាំ២០២២ ក្រោមសសរស្ដម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន ក្នុងអំឡុងពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ានក្នុងឆ្នាំ២០២២ នេះ៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ