ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ម៉ោង ០៦:១២ នាទី ល្ងាច
👁 12
(ភំ្នពេញ)៖ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយក្រុមហ៊ុនជប៉ុន NIPPON KOEI CO., LTD ពីកម្មវិធីផ្សព្វផ្សាយ និងលើកកម្ពស់កោសេយ្យវប្បកម្មនៅកម្ពុជា ដើម្បីពិភាក្សាបន្ថែមពីការបង្កើតកម្មវិធីផ្សព្វផ្សាយកោសេយ្យវប្បកម្មនៅកម្ពុជា ស្តាប់ការបង្ហាញពីចក្ខុវិស័យនិងលទ្ធផលរំពឹងទុករបស់ក្រុមហ៊ុនជប៉ុន និងផ្តល់ព័ត៌មានពីគោលនយោបាយ ព្រមទាំងយន្តការគាំទ្ររបស់ក្រសួងពាណិជ្ជកម្មក្នុងវិស័យកោសយ្យវប្បកម្ម។ កិច្ចជំនួបនេះ ក៏មានការចូលរួមពីមន្រ្តីជំនាញរបស់នាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន ព្រមទាំងគណៈប្រតិភូជប៉ុន សរុបចំនួនប្រមាណ១៣រូប ផងដែរ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋលេខាធិការ បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់ ក្រុមហ៊ុនជប៉ុន NIPPON KOEI CO., LTD និងសហការី ដែលមានឆន្ទៈក្នុងការលើកកម្ពស់វិស័យកោសេយ្យវប្បកម្មនៅកម្ពុជា។ ឯកឧត្តមបន្តថា ក្រសួងពាណិជ្ជកម្មរីករាយ និងបានត្រៀមខ្លួនរួចជាស្រេច ក្នុងការសហការការងារជាមួយក្រុមហ៊ុន សម្រាប់អភិវឌ្ឍវិស័យនេះឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ដោយបច្ចុប្បន្ននេះក្រសួងពាណិជ្ជកម្មកំពុងស្វែងរកដៃគូបច្ចេកទេសក្នុងការធ្វើបច្ចុប្បន្នភាពយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យសូត្រ ២០១៦-២០២០។
លើសពីនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានផ្តល់ព័ត៌មានពីវឌ្ឍនភាពនៃការរៀបចំម៉ាកសមូហភាពសូត្រ ដែលបច្ចុប្បន្នកំពុងរៀបចំសៀវភៅបន្ទុក សម្រាប់ពាណិជ្ជករអនុវត្តអនុលោមតាមស្តង់ដារកំណត់ ផងដែរ។ ដោយឡែក នាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន នឹងបន្តធ្វើការទំនាក់ទំនងព័ត៌មានផ្សេងៗជាមួយក្រុមហ៊ុនជប៉ុន ដើម្បីសហការគ្នាអភិវឌ្ឍវិស័យនេះ ឱ្យកាន់តែរីកចម្រើននៅថ្ងៃមុខ ។
ជាមួយគ្នានេះ តំណាងក្រុមហ៊ុន NIPPO KOEI CO., LTD បានធ្វើការណែនាំពីសមាសភាពពាក់ព័ន្ធក្នុង គណៈកម្មការរៀបចំបង្កើតកម្មវិធីផ្សព្វផ្សាយកោសយ្យវប្បកម្មនៅកម្ពុជា ហើយតំណាងអង្គភាពផ្សព្វផ្សាយពីកសិ-ពាណិជ្ជកម្មនៃក្រុមហ៊ុនជប៉ុន បានធ្វើការបង្ហាញពីគោលបំណងរួមគឺដើម្បីស្នើសុំការពិភាក្សាពីការបង្កើតកម្មវិធីផ្សព្វផ្សាយ និងការលើកកម្ពស់កោសេយ្យវប្បកម្មនៅកម្ពុជា ក្នុងគោលបំណងអភិវឌ្ឍខ្សែច្រវ៉ាក់តម្លៃវិស័យសូត្រ និងលើកឡើងនូវផែនការសកម្មភាពការងារសំខាន់ៗមួយចំនួន ដូចជា៖
- ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធវិស័យសូត្រកម្ពុជា ដោយការបង្កើតមជ្ឈមណ្ឌលកោសេយ្យវប្បកម្ម
- ការពង្រឹងសមត្ថភាពផលិតរបស់កសិករដូចជាការផលិតពូជដង្កូវនាង ការបណ្តុះពូជមន និងបច្ចេកវិទ្យា
ថ្មីៗនៅក្នុងវិស័យសូត្រ
- ការគាំទ្រការអភិវឌ្ឍផ្នែកទីផ្សារ ការជំរុញការនាំចេញផលិតផលសូត្រ និងការពង្រើកសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដោយធ្វើការផ្សព្វផ្សាយអំពីបច្ចេកទេសថ្មីៗ។
បន្ថែមពីនេះ តំណាងរបស់ក្រុមហ៊ុន បានសាកសួរបន្ថែមពីគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ក្នុងការគាំទ្រវិស័យកោសេយ្យវប្បកម្មសូត្រ ពាក់ព័ន្ធទៅនឹងកិច្ចការសំខាន់ៗមួយចំនួន រួមមាន៖
- ការផ្តល់តំបន់សេដ្ឋកិច្ចពិសេសសម្រាប់ការអភិវឌ្ឍវិស័យកសិកម្ម
- ការផ្តល់វិញ្ញាបនបត្របញ្ជាក់ផ្សេងៗដូចជាការផ្តល់ Sticker ឬនិមិត្តសញ្ញាលើផលិតផលសូត្រ
- ការផ្តល់សម្បទានដីសម្រាប់ក្រុមហ៊ុនបរទេសនៅក្នុងការធ្វើសកម្មភាពកសិកម្មនៅកម្ពុជា
- គម្រោងផ្សេងៗដែលបានសហការជាមួយក្រសួងពាណិជ្ជកម្ម ក្នុងការអភិវឌ្ឍវិស័យសូត្រនៅកម្ពុជា
- ការពិភាក្សាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា។
នៅកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ និងតំណាង ក្រុមហ៊ុនជប៉ុន NIPPON KOEI CO., LTD បានបង្ហាញពីឆន្ទៈក្នុងការរួមគ្នាលើកកម្ពស់កោសេយ្យវប្បកម្មនៅកម្ពុជា ដោយសន្យានឹងរៀបចំឱ្យមានកិច្ចពិភាក្សាបន្ថែម និងចាត់តាំងមន្រ្តីជំនាញសម្រាប់ ទំនាក់ទំនងការងារនៅពេលក្រោយទៀត៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣