ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ម៉ោង ០៧:០០ នាទី ព្រឹក
👁 9
(កណ្តាល)៖ កាលពីព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងរបស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំមន្រ្តីជំនាញចូលរួមកិច្ចប្រជុំពិភាក្សាអំពីវឌ្ឍនភាពការងាររបស់សហព័ន្ធចម្លាក់ប្រាក់-ស្ពាន់កម្ពុជា និងពិនិត្យមើលលើនិតិវិធីនៃការចុះបញ្ជីសមាគមនៅក្រសួងមហាផ្ទៃ នៅសហព័ន្ធចម្លាក់ប្រាក់-ស្ពាន់កម្ពុជា ស្ថិតក្នុងឃុំកោះចិន និងឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល។ កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់អគ្គនាយករងពាណិជ្ជកម្មក្នុងប្រទេស អគ្គនាយករងជំរុញពាណិជ្ជកម្ម ប្រធាននាយកដ្ឋានស្តីទីអភិវឌ្ឍន៍វិស័យឯកជន អនុប្រធាននាយកដ្ឋានកម្មសិទ្ធបញ្ញា នាយកដ្ឋានគោលនយោបាយពាណិជ្ជកម្ម ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកណ្ដាល ឧកញ៉ាអភិបាលរងស្រុកពញាឮ អាជ្ញាធរដែនដី មន្រ្តីជំនាញក្រសួងពាណិជ្ជកម្ម មន្រ្តីមន្ទីរពាណិជ្ជកម្មខេត្តកណ្ដាល សិប្បករផលិតករ និងអាជីវករប្រមាណ ៣១ រូប។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាជិកសមាជិកានៃអង្គប្រជុំទាំងមូល ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ ដើម្បីពិភាក្សាពាក់ព័ន្ធនឹងវឌ្ឍនភាពការងាររបស់សហព័ន្ធចម្លាក់ប្រាក់-ស្ពាន់កម្ពុជា និងការពិភាក្សាគ្នារៀបចំនិតិវិធី ប្រមូលឯកសារសម្រាប់ចុះបញ្ជីសមាគមសហព័ន្ធចម្លាក់ប្រាក់-ស្ពាន់កម្ពុជា ស្របតាមច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងជំរុញការងារមួយចំនួន រួមមាន៖ ទី១ ផ្សព្វផ្សាយ និងជំរុញការរកទីផ្សារផ្នែកផលិតផលចម្លាក់ប្រាក់-ស្ពាន់, ទី២ ការរក្សាកេរ្តិ៍ដំណែលវប្បធម៌ពីដូនតា និងទី៣ ជំរុញផ្នែកវិស័យទេសចរណ៍។
លើសពីនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានលើកឡើងពីនិតិវិធីនៃការចុះបញ្ជីតាមរូបវ័ន្តបុគ្គល និងនិតិបុគ្គល ជូនដល់អង្គប្រជុំ ព្រមទាំងលើកជាសំណើចំនួនពីរចំណុច ដើម្បីធ្វើការពិភាក្សាគ្នាជាមួយក្រុមផលិត ក្នុងការជ្រើសរើសឈ្មោះសម្រាប់ធ្វើការចុះបញ្ជី រួមមាន៖ ទី១ សមាគមចម្លាក់ប្រាក់-ស្ពាន់កម្ពុជា និងទី២ សមាគម ចម្លាក់ប្រាក់-ស្ពាន់ខេត្តកណ្តាល ដើម្បីពិភាក្សា និងស្នើសុំមតិចូលរួមពីអង្គប្រជុំរួម។
ជាកិច្ចបញ្ចប់ អង្គប្រជុំបានឯកភាពក្នុងការជ្រើសរើសឈ្មោះសម្រាប់ដាក់ក្នុងការចុះបញ្ជីនៅក្រសួងមហាផ្ទៃ គឺ៖ សមាគមសហព័ន្ធចម្លាក់ប្រាក់-ស្ពាន់កម្ពុជា និងការប្រមូលឯកសារក្នុងការរៀបចំបន្តតាមនិតិវិធី៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣