ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ម៉ោង ០៥:០១ នាទី ល្ងាច
👁 5
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ក្រសួងពាណិជ្ជកម្ម បានប្រារព្ធទិវាកម្មសិទ្ធិបញ្ញាពិភពលោកឆ្នាំ២០២២ ក្រោមមូលបទ “កម្មសិទ្ធិបញ្ញា និងយុវជន៖ ការបង្កើតថ្មីសម្រាប់អនាគតកាន់តែប្រសើរ” ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីជួយជំរុញឱ្យវិស័យកម្មសិទ្ធិបញ្ញានៅកម្ពុជាកាន់តែមានភាពរីកចម្រើន។ ពិធីនេះត្រូវបានរៀបចំឡើងនៅផ្សារទំនើបអ៊ីអនម៉ល សែនសុខ ក្រោមកិច្ចសហការជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងមានការអញ្ជើញចូលរួមពីសមាជិកគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញានិងសមាជិកលេខាធិការដ្ឋានអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) តំណាងអង្គទូតប្រចាំព្រះរាជាណាចក្រកម្ពុជា សមាគមម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ម៉ាកសមូហភាព យុវជន និងសិស្សនិស្សិត ប្រមាណជាង ៤០០នាក់។
ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា ទិវាកម្មសិទ្ធិបញ្ញាពិភពលោក មិនត្រឹមតែជាការរំលឹកខួបនៃការចូលជាធរមាន នៃអនុសញ្ញាស្តីពីការបង្កើតអង្គការកម្មសិទ្ធិបញ្ញាពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែក៏ជាព្រឹត្តិការណ៍ដ៏សំខាន់មួយ បង្កើតឱកាសឱ្យស្ថាប័នរដ្ឋ វិស័យឯកជន និងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ រួមកគ្នាចូលរួមលើកកម្ពស់កិច្ចការពារកម្មសិទ្ធិបញ្ញា និងផ្សព្វផ្សាយអំពីសារៈសំខាន់នៃកម្មសិទ្ធិបញ្ញា ដែលផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយការរស់នៅរបស់យើង ជាពិសេសការអភិវឌ្ឍសង្គម សេដ្ឋកិច្ច វប្បធម៌ និងបច្ចេកវិទ្យាជាដើម។
ឯកឧត្តមរដ្ឋមន្ត្រីបន្តថា នាឆ្នាំកន្លងមក គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា បានខិតខំបំពេញកិច្ចការរបស់ខ្លួបានយ៉ាងល្អ និងសម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើន រួមមាន៖ (១)-ការចុះបញ្ជីកម្មសិទ្ធិបញ្ញា ជាពិសេសការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ និងម៉ាកសមូហភាពទាំងនៅកម្ពុជា និងបណ្តាប្រទេសសំខាន់ៗ (២)-ការចូលជាសមាជិកនៃកិច្ចព្រមព្រៀង អនុសញ្ញា និងសន្ធិសញ្ញាអន្តរជាតិ (៣)-ការរៀបចំសេចក្តីព្រាងច្បាប់ និងអនុក្រឹត្យពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញា (៤)-កិច្ចសហប្រតិបត្តិការអន្តរជាតិ តាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយអង្គភាពកម្មសិទ្ធិបញ្ញាមួយចំនួន និងការងារអនុវត្តគម្រោងជាមួយដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ (៥)-ការងារលើកកម្ពស់ចំណេះដឹងសាធារណៈ និងការផ្សព្វផ្សាយច្បាប់ និង (៦)-ទទួលជោគជ័យក្នុងការបង្រ្កាប និងទប់ស្កាត់បទល្មើសកម្មសិទ្ធិបញ្ញា ដែលមានលទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់។
ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា ការចុះអនុស្សរណៈនៃការយោគយល់គ្នារវាងគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញានៃព្រះរាជាណាចក្រកម្ពុជា និងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ស្តីពីការអនុវត្តផែនការរបស់ព្រះរាជាណាចក្រកម្ពុជា សម្រាប់កិច្ចសហប្រតិបត្តិការបច្ចេកទេសដែលជាឧបករណ៍ដ៏សំខាន់មួយសម្រាប់ព្រះរាជាណាចក្រកម្ពុជា ដើម្បីទទួលបានជំនួយបច្ចេកទេសពីអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ក្នុងការកសាងច្បាប់ ធ្វើទំនើបកម្មស្ថាប័នកម្មសិទ្ធិបញ្ញា កសាងកេរ្តិ៍ឈ្មោះម៉ាកផលិតផលសក្តានុពលកម្ពុជា និងលើកកម្ពស់ចំណេះដឹងអំពីកម្មសិទ្ធិបញ្ញា ដល់សាធារណជន និងគ្រឹះស្ថានសិក្សា។ អនុស្សារណៈនៃការយោគយល់គ្នានេះនឹងចូលរួមពង្រឹង និងអភិវឌ្ឍន៍ប្រព័ន្ធកម្មសិទ្ធិបញ្ញានៅកម្ពុជា ឱ្យក្លាយទៅជាកម្លាំងចលករក្នុងការអភិវឌ្ឍ សេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម វប្បធម៌ ទេសចរណ៍ និងកសិកម្ម តាមរយៈការលើកកម្ពស់ កិច្ចការពារកម្មសិទ្ធិបញ្ញា កេរ្តិ៍ឈ្មោះម៉ាក និងផលិតផលរបស់ព្រះរាជាណាចក្រកម្ពុជា ការបង្កើតស្នាដៃវប្បធម៌ តក្កកម្ម ធនធានពន្ធុ ចំណេះដឹងជាប្រពៃណី និងវិញ្ញត្តិវប្បធម៌ ជំរុញការប្រើប្រាស់កម្មសិទ្ធិបញ្ញា ដើម្បីលើកកម្ពស់ការស្រាវជ្រាវ និងអភិវឌ្ឍន៍ ក្នុងការបង្កើតផលិតផលបច្ចេកវិទ្យា និងជំរុញគំនិតច្នៃប្រឌិត និងការបង្កើតថ្មី ព្រមទាំងឧស្សាហកម្មវប្បធម៌ ឱ្យឆ្លើយតបទៅនឹងបរិបទសេដ្ឋកិច្ច-សង្គមឌីជីថល និងបដិវត្តឧស្សាហកម្មជំនាន់ទី៤ ហើយចូលរួមចំណែកក្នុងការសម្រេចបាននូវចក្ខុវិស័យនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០៥០ និងជាមូលដ្ឋានកសាងបរិយាកាស វិនិយោគប្រកបដោយទំនុកចិត្ត និងសង្គមដែលពោរពេញនវានុវត្តភាព។
ឯកឧត្តមរដ្ឋមន្ត្រីបន្ថែមថា ដើម្បីលើកម្ពស់វិស័យកម្មសិទ្ធិបញ្ញាក្រសួងពាណិជ្ជកម្មបានប្រឹងប្រែងយ៉ាងខ្លាំងក្នុងការកសាងសមត្ថភាពសហគ្រាសធុនតូច និងមធ្យមឱ្យប្រើប្រាស់កម្មសិទ្ធិបញ្ញា ក្នុងគោលបំណងអភិវឌ្ឍសហគ្រាសទាំងនោះ តាមរយៈគម្រោងកសាងកេរ្តិ៍ឈ្មោះម៉ាក ព្រមទាំងបានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញសក្តានុពលជាច្រើន ដូចជា “ម្រេចកំពត” “ស្ករត្នោតកំពង់ស្ពឺ” “ក្រូចថ្លុងកោះទ្រង់” “ទឹកឃ្មុំព្រៃមណ្ឌលគិរី” និងគ្រោងចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញបន្ថែមទៀត ដូចជា “អំបិល និងផ្កាអំបិលកំពត កែប” “បង្កងតាកែវ” និង “ទឹកត្រីកំពត”។ ក្រៅពីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ក្រសួងពាណិជ្ជកម្មបានចុះបញ្ជីម៉ាកសមូហភាព “គុយទាវភ្នំពេញ” “អំបុកកំពង់ធំ” “អង្ករព្រះវិហារ” និងគ្រោងចុះបញ្ជីបន្ថែមទៀតនូវម៉ាកសមូហភាពដូចជា៖ “ចម្លាក់ប្រាក់ស្ពាន់ខេត្តកណ្តាល” “ក្រូចពោធិ៍សាត់” “នំបញ្ចុកសៀមរាប” និង “ដូងខ្ទិះបាត់ដំបង” ដែលសមិទ្ធផលទាំងនេះ បានរួមចំណែកយ៉ាងសំខាន់ដល់ការរក្សាកំណើនសេដ្ឋកិច្ច ពង្រឹងអភិបាលកិច្ចល្អ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ នៃរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា ។
តាមរយៈទិវាកម្មសិទ្ធិបញ្ញានេះ ឯកឧត្តមរដ្ឋមន្ត្រី សង្ឃឹមយ៉ាងមុតមាំថា ទិវាកម្មសិទ្ធិបញ្ញាពិភពលោក ក្រោមមូលបទ “កម្មសិទ្ធិបញ្ញា និងយុវជន៖ ការបង្កើតថ្មីសម្រាប់អនាគតកាន់តែប្រសើរ” នឹងចូលរួមដាស់ស្មារតីរបស់យុវជន ឱ្យរួមគ្នាបង្កើតបច្ចេកវិទ្យាថ្មី ផលិតផលថ្មី ស្នាដៃថ្មី សម្រាប់ប្រទសកម្ពុជា ប្រជាជនកម្ពុជា និងប្រជាជនក្នុងពិភពលោក។
ក្នុងឱកាសផងដែរ លោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានសម្ដែងនូវការអបអរសាទរចំពោះសមិទ្ធផលដែលគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញាសម្រេចបាន និងបានលើកឡើងពីសារប្រយោជន៍នានារបស់វិស័យកម្មសិទ្ធិបញ្ញា ក្នុងការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ទាក់ទាញការវិនិយោគ និងបង្កើនការបង្កើតស្នាដៃថ្មីៗជាដើម។ លោកជំទាវរដ្ឋមន្ត្រីបញ្ជាក់ថា ការប្រារព្ធទិវាកម្មសិទ្ធិបញ្ញាពិភពលោកនេះ ពិតជាមានអត្ថប្រយោជន៍និងសារសំខាន់ខ្លាំងណាស់ ក្នុងការលើកកម្ពស់ការស្រាវជ្រាវ និងអភិវឌ្ឍ ក្នុងការបង្កើតផលិតផលបច្ចេកវិទ្យា និងជំរុញគំនិតច្នៃប្រឌិត និងការបង្កើតថ្មី ព្រមទាំងឧស្សាហកម្មវប្បធម៌ឱ្យឆ្លើយតបទៅនឹងបរិបទសេដ្ឋកិច្ច និងសង្គមឌីជីថល និងបដិវត្តឧស្សាហកម្មជំនាន់ទី៤ ហើយចូលរួមចំណែកក្នុងការសម្រេចបាននូវចក្ខុវិស័យនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០៥០។ ជាក់ស្ដែងច្បាប់សិទ្ធិអ្នកនិពន្ធគឺផ្នែកមួយនៃច្បាប់កម្មសិទ្ធិបញ្ញា ត្រូវបានបង្កើតឡើងក្នុងគោលបំណងនិងគោលដៅជួយជំរុញការបង្កើតឱ្យមានស្នាដៃថ្មីៗ និងការពារនូវផលិតផលវប្បធម៌ជាស្នាដៃអ្នកនិពន្ធ អ្នកសម្តែង ផលិតករ ហ្វូណូក្រាម និងអង្គភាពទូរផ្សាយសំដៅធានាការធ្វើអាជីវកម្មមួយត្រឹមត្រូវស្របច្បាប់លើផលិតផលវប្បធម៌ទាំងនោះ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យវប្បធម៌ និងស្របតាមគោលនយោបាយជាតិស្តីពីវិស័យវប្បធម៌ឆ្នាំ២០១៤ និងចូលរួមចំណែកអភិវឌ្ឍន៏សេដ្ឋកិច្ចសង្គម។
លោកជំទាវបញ្ជាក់ថា ការប្រារព្ធទិវានេះ ជាកត្តាជួយជំរុញ លើកទឹកចិត្តដល់អ្នកនិពន្ធ ផលិតករ សិល្បករ ម្ចាស់សិទ្ធិ ឱ្យខិតខំបង្កើតស្នាដៃថ្មី និងដើម្បីទាក់ទាញវិនិយោគិនឱ្យចូលមកប្រកបរបរក្នុងស្រុក ដោយអនុលោមតាមបទដ្ឋានជាតិនិងអន្តរជាតិជាពិសេសអនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងនានាដែលកម្ពុជាបានចូលជាភាគី។
សូមជម្រាបជូនថា ដើម្បីចូលរួមអបសាទរទិវាកម្មសិទ្ធិបញ្ញាពិភពលោកឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចកម្ពុជា បានផ្ញើសារលិខិតអបអរសាទរទិវាកម្មសិទ្ធិបញ្ញាពិភពលោកជូនដល់បងប្អូនជនរួមជាតិ ជាពិសេសដល់យុវជន ដើម្បីជំរុញ បំផុសគំនិត និងលើកទឹកចិត្តឱ្យស្វែងយល់បន្ថែមទៀតអំពីកម្មសិទ្ធិបញ្ញា ក៏ដូចជាការស្រាវជ្រាវ និងអភិវឌ្ឍន៍បង្កើតផលិតផលថ្មី ព្រមទាំងលើកកម្ពស់ចំណេះដឹងវិស័យកម្មសិទ្ធិបញ្ញា សំដៅរួមចំណែកក្នុងការកសាងអនាគតដ៏ប្រសើរសម្រាប់យុវជន ជំរុញកំណើនសេដ្ឋកិច្ច និងអភិវឌ្ឍន៍សង្គមប្រកបដោយនិរន្តរភាព។
នៅក្នុងទិវាកម្មសិទ្ធិបញ្ញាពិភពលោកឆ្នាំ២០២២ នេះ ក៏មានការរៀបចំព្រឹត្តិការណ៍អមចំនួនបីផងដែរ ព្រឹត្តិការណ៍អមទាំងនោះរួមាមាន៖ (១)-សិក្ខាសាលាជាតិស្តីពីសិទ្ធិអ្នកនិពន្ធ និងសក្តានុពលនៃយុវជនប្រកបដោយភាពច្នៃប្រឌិត (២)-សិក្ខាសាលាតាមប្រព័ន្ធអនឡាញស្តីពីការបង្កើតថ្មីសម្រាប់អនាគតកាន់តែប្រសើរឡើង និង(៣)-ការតំាងបង្ហាញផលិតផលបច្ចេកវិទ្យារបស់កម្ពុជា និងផលិតផលកម្មសិទ្ធិបញ្ញាដទៃទៀត និងពិធីប្រគល់ប័ណ្ណសរសើរនិងពានកិត្តិយសជូនអ្នកមានស្នាដៃផ្នែកចម្លាក់ប្រាក់ស្ពាន់ និងប្រគល់វិញ្ញាបនបត្រចុះបញ្ជីការពារស្នាដៃបទចម្រៀង “បញ្ញាអង្គរ” ជូនលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិ៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣