ឯកឧត្តម សំរិទ្ធ សាកុរា អគ្គនាយកពាណិជ្ជកម្មក្នុងប្រទេស ទទួលពិភាក្សាការងារជាមួយក្រុមហ៊ុនជប៉ុន KETT Electric Laboratory CO., LTD. ដើម្បីសិក្សាស្រាវជ្រាវ អំពីអត្ថប្រយោជន៍នៃឧបករណ៍តេស្តសំណើម

ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ ម៉ោង ១១:១៥ នាទី យប់

👁 11

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ភំ្នពេញ)៖ នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម សំរិទ្ធ សាកុរា អគ្គនាយកពាណិជ្ជកម្មក្នុងប្រទេស បានជួបពិភាក្សាការងារជាមួយក្រុមហ៊ុនជប៉ុន KETT Electric Laboratory CO., LTD. ដឹកនាំដោយលោក NORIHIRO YOSHIDA អគ្គនាយកផ្នែកលក់អន្តរជាតិ ដើម្បីសិក្សាស្រាវជ្រាវ អំពីអត្ថប្រយោជន៍នៃឧបករណ៍តេស្តសំណើម ហើយកិច្ចជំនួបនេះ ក៏មានការចូលរួមពីមន្រ្តីជំនាញរបស់នាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន និងនាយកដ្ឋានផែនការ ស្ថិតិនិងព័ត៌មានពាណិជ្ជកម្ម ព្រមទាំងគណៈប្រតិភូជប៉ុន សរុបចំនួនប្រមាណ១៥រូប។

ក្នុងឱកាសនោះ ឯកឧត្តមអគ្គនាយក បានថ្លែងថាកិច្ចជំនួបខាងលើធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយពីឧបករណ៍វិភាគកម្រិតសំណើមលើផលិតផលស្រូវអង្ករ និងគ្រាប់ធញ្ញជាតិនៅកម្ពុជា ដោយឧបករណ៍នេះផលិតដោយក្រុមហ៊ុន KETT Electric Laboratory Co.,Ltd ដែលមានការគាំទ្រពី JICA ហើយក្រុមហ៊ុននេះ គឺជាក្រុមហ៊ុនផលិតឧបករណ៍វាស់កម្រិតសំណើមលើគ្រាប់ធញ្ញជាតិរបស់ជប៉ុនដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៤៦ និងបានផ្គត់ផ្គង់ទៅកាន់ប្រទេសមួយចំនួននៅទ្វីបអាស៊ី និងអឺរ៉ុប ដូចជាសហរដ្ឋអាមេរិក ប្រទេសចិន ថៃ វៀតណាម កូរ៉េខាងត្បូង មីយ៉ាន់ម៉ា ហ្វីលីពីន ជាដើម។ បច្ចុប្បន្ន ក្រុមហ៊ុនមួយចំនួននៅក្នុងប្រទេសកម្ពុជាបាន និងកំពុងប្រើប្រាស់ឧបករណ៍វាស់កម្រិតសំណើមរបស់ក្រុមហ៊ុន KETT Electric Laboratory Co.,Ltd។

ឯកឧត្តមអគ្គនាយកបន្តថា ផលិតផលស្រូវគឺជាផលិតផលដែលមានសក្តានុពលនៅក្នុងប្រទេសកម្ពុជា និងជាផលិតផលដែលត្រូវការវិភាគកម្រិតសំណើមចាំបាច់ដែលផ្តល់ប្រយោជន៍សម្រាប់ការរក្សាទុកផលិតផល បង្កើនតម្លៃ និងនាំចេញទៅក្រៅប្រទេស។ ឯកឧត្តមបញ្ជាក់ថា ក្រោយពីកិច្ចសំណេះសំណាល ក្រុមហ៊ុនជប៉ុននឹងធ្វើការសិក្សាពីសក្តានុពលទីផ្សារ និងគោលនយោបាយគាំទ្ររបស់រាជរដ្ឋាភិបាលបន្ថែមទៀត ដើម្បីសិក្សាពីឱកាសបើកក្រុមហ៊ុនវិនិយោគនៅប្រទេសកម្ពុជា៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ