ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ចូលរួមផ្តល់សុន្ទរកថាគន្លឹះ និងបទអន្តរាគមន៍ខ្លី ក្នុងព្រឹត្តិការណ៍ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកក្នុងតំបន់អាស៊ីអាគ្នេយ៍ រៀបចំដោយ UNCTAD តាមប្រព័ន្ធវីដេអូ

ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ ម៉ោង ១១:២០ នាទី យប់

👁 7

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ភ្នំពេញ)៖ នាល្ងាចថ្ងៃអង្គារ ទី២៦ ខែមេសា ឆ្នាំ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចូលរួមផ្តល់សុន្ទរកថាគន្លឹះក្នុងព្រឹត្តិការណ៍ ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្រោមប្រធានបទ ការផ្ទេរទិន្នន័យឆ្លងកាត់ព្រំដែនសម្រាប់កំណើនសេដ្ឋកិច្ចឌីជីថលប្រកបដោយបរិយាប័ន្ននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ “(Cross-border Data Transfers for Inclusive Growth of the Digital Economy in Southeast Asia)” រៀបចំដោយសន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ (UNCTAD) តាមប្រព័ន្ធវីដេអូ។

ថ្លែងក្នុងព្រឹត្តិការណ៍នេះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងថា ក្នុងបរិបទបច្ចុប្បន្ន ពិសេសក្នុងវិបត្តិកូវីដ-១៩ ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក មានភាពរីកចម្រើនយ៉ាងឆាប់រហ័ស និងបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល។ ការរីកចម្រើននេះ គឺដោយសារតែមានការកើនឡើងនូវចំនួនអ្នកប្រើប្រាស់អ៊ីនធឺណែត ក្នុងចំណោមយុវជន និងការកើនឡើងនូវចំណេះដឹង និងហេដ្ឋារចនាសម្ព័ន្ធ ក្នុងវិស័យបច្ចេកវិទ្យាព័ត៌មានវិទ្យា និងទូរគមនាគមន៍។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញវិស័យឌីជីថល ដែលជាកំលាំងចលករដ៏សំខាន់ក្នុងការលើកកម្ពស់កំណើនសេដ្ឋកិច្ច ដោយក្នុងនោះរាជរដ្ឋាភិបាលបានដាក់ចេញនូវក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាឆ្នាំ២០២១-២០៣៥ ដែលជាផ្នែកមួយនៃការអនុវត្តដែលមានចែងក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទីបួនរបស់រាជរដ្ឋាភិបាល។ លើសពីនេះ កម្ពុជាក៏បានដាក់ចេញជាផ្លូវការនូវច្បាប់ស្តីពី ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក្នុងឆ្នាំ២០១៩ និងបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងអាស៊ាន ស្តីពីការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក្នុងខែធ្នូ ឆ្នាំ២០១៩។

ឆ្លើយតបនឹងសំណួររបស់អ្នកសម្របសម្រួលលើចំណុចអាទិភាពរបស់កម្ពុជាលើលំហូរទិន្នន័យឆ្លងកាត់ព្រំដែន ឯកឧត្តមរដ្ឋលេខាធិការ សង្កត់ធ្ងន់លើភាពចាំបាច់នៃក្របខ័ណ្ឌគតិយុត្តិសម្រាប់គ្រប់គ្រង និងធានាសុវត្ថិភាពនៃការផ្លាស់ប្ដូរ ឬបញ្ជូនទិន្នន័យឆ្លងកាត់ព្រំដែន ព្រមទាំងបានលើកឡើងអំពីសារសំខាន់ការនៃការរៀបចំប្រព័ន្ធ ecosystem, ហេដ្ឋារចនាសម្ព័ន្ធ, ការកសាងសមត្ថភាព និងបទប្បញ្ញត្តិបច្ចេកទេសពាក់ព័ន្ធ លើការកំណត់ទីតាំងបរិក្ខារកុំព្យូទ័រក្នុងស្រុក។ ជាចុងក្រោយ ឯកឧត្តមរដ្ឋលេខាធិការក៏បានលើកឡើងពីការគាំទ្រវឌ្ឍនភាពនៃកិច្ចព្រមព្រៀងក្របខណ្ឌឌីជីថលអាស៊ាន ការបណ្តុះបណ្តាលក្នុងវិស័យឌីជីថលសម្រាប់កម្ពុជា និងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីក្នុងវិស័យឌីជីថលជាមួយប្រទេសជាសមាជិកអាស៊ាន និងដៃគូអភិវឌ្ឍន៍ ព្រមទាំងសហគ្រាសធុនតូច និងមធ្យម ជាដើម។

ក្នុងឱកាសនោះ អ្នកសម្របសម្រួលកម្មវិធី បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា លើវិស័យសេដ្ឋកិច្ចឌីជីថល និងការចូលរួមថ្លែងសុន្ទរកថាគន្លឹះដ៏មានសារសំខាន់របស់ឯកឧត្តមរដ្ឋលេខាធិការ។

សូមជម្រាបជូនផងដែរថា UNCTAD eCommerce Week  គឺជាវេទិកាដ៏សំខាន់សម្រាប់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ធុរជន អង្គការអន្តរជាតិ ក៏ដូចជាសង្គមស៊ីវិល ធ្វើការពិភាក្សាលើកាលានុវត្តភាព និងបញ្ហាប្រឈមនានាពាក់ព័ន្ធនឹងការអភិវឌ្ឍនៃសេដ្ឋកិច្ចឌីជីថល៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ