ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ម៉ោង ០៩:១០ នាទី ព្រឹក
👁 0
(សេអ៊ូល, កូរ៉េខាងត្បូង)៖ ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម និងឯកឧត្តម ភោគ សុវណ្ណរិទ្ធ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម ព្រមទាំងសហការីបានចូលរួម កិច្ចប្រជុំថ្នាក់ប្រមុខការិយាល័យកម្មសិទិ្ធបញ្ញាកូរ៉េ និងអាស៊ាន ស្តីពីការច្នៃប្រឌិតសម្រាប់ភាពរីកចម្រើន ភាពរីកចម្រើនសម្រាប់មនុស្សជាតិ និងសន្និសីទ ស្តីពីបច្ចេកវិទ្យាសមស្រប-អង្គភាពកម្មសិទិ្ធបញ្ញាកូរ៉េ និងអង្គការកម្មសិទិ្ធបញ្ញាពិភពលោក និងពិព័រណ៍លើការផ្ទេរ និងកិច្ចសន្យាជំនួញពាក់ព័ន្ធនឹងកម្មសិទិ្ធបញ្ញាកូរ៉េ និងអាស៊ាន នៅថ្ងៃទី២៥-២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅរដ្ឋធានីសេអ៊ូល សាធារណរដ្ឋកូរ៉េ នាក្នុងឱកាសកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍ ៣០ឆ្នាំ នៃទំនាក់ទំនងអាស៊ាន-កូរ៉េ។
នៅក្នុងឱកាសកិច្ចប្រជុំនោះដែរ ក៏បានចេញជាសេចក្តីថ្លែងការណ៍រួមលើកិច្ចសហប្រតិបត្តិការក្នុងវិស័យកម្មសិទិ្ធបញ្ញា រវាងសាធារណរដ្ឋកូរ៉េ និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ការចែករំលែកបទពិសោធន៍ល្អៗលើការប្រើប្រាស់បច្ចេកវិទ្យាសមស្របពីប្រទេសជាច្រើន និងទស្សនាពិព័រណ៍លើការផ្ទេរ និងកិច្ចការជំនួញពាក់ព័ន្ធនឹងកម្មសិទិ្ធបញ្ញា ដើម្បីជាប្រយោជន៍ដល់ការលើកកម្ពស់បច្ចេកវិទ្យា និងការវិនិយោគក្នុងប្រទេសកម្ពុជា ជួយអភិវឌ្ឍសហគមន៍ កាត់បន្ថយភាពក្រីក្រ និងចូលរួមចំណែកក្នុងការកសាងសេដ្ឋកិច្ចជាតិឲ្យបានកាន់តែប្រសើរឡើងថែមទៀត។
គណៈប្រតិភូកម្មសិទ្ធិបញ្ញាកម្ពុជា ក៏បានឆ្លៀតជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម ផាក វ៉ុនចូ (PARK Wonjoo) ប្រមុខអង្គភាពកម្មសិទិ្ធបញ្ញាកូរ៉េ លើការពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកម្មសិទិ្ធបញ្ញា ក្រោមទម្រង់នៃអនុស្សរណនៃការយោគយល់គ្នារវាងកម្ពុជា និងកូរ៉េ និងកូរ៉េ-អាស៊ានកន្លងមក។ ជាពិសេស បានស្នើសុំឲ្យភាគីកូរ៉េជួយទៅលើការបណ្តុះបណ្តាលធនធានមនុស្ស ការអប់រំ ការពង្រឹងស្ថាប័ន ការកសាងម៉ាកយីហោ និងគំនូរឧស្សាហកម្ម ការបង្កើតថ្មី។ល។ ដោយមន្ត្រីជំនាញភាគីទាំងពីរនឹងពិភាក្សា និងដាក់ចេញផែនការការងារសម្រាប់អនុវត្តក្នុងឆ្នាំ២០២០ខាងមុខនេះ និងឆ្នាំបន្តបន្ទាប់ទៀត។
ក្នុងជំនួបពិភាក្សានេះ គណៈប្រតិភូកម្ពុជាបានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការ ដែលបានភាគីកូរ៉េបានផ្តល់មកកម្ពុជាប្រកបដោយផ្លែផ្កាកន្លងមកនេះ ដោយឡែកភាគីកូរ៉េបានសំដែងនូវសេចក្តីរីករាយ លើការជួយជ្រោមជ្រែងកន្លងមក ហើយប្តេជ្ញាចិត្តនឹងពិនិត្យលទ្ធភាពជួយកសាង និងពង្រឹងការងារពាក់ព័ន្ធនឹងវិស័យកម្មសិទិ្ធបញ្ញា និងលើកទឹកចិត្តឲ្យមានការវិនិយោគកូរ៉េមកកម្ពុជាបន្ថែមទៀត ក្នុងគោលបំណងផ្តល់នូវផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក។
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣