ឯកឧត្តម ស៊ីម សុខខេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការចរចាកិច្ចព្រមព្រៀងអាសិប អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី “អត្ថប្រយោជន៍នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសម្រាប់សហគ្រាសកសិ-ម្ហូបអាហារធុនតូច និងមធ្យមកម្ពុជា”

ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ ម៉ោង ១១:០៦ នាទី ថ្ងៃត្រង់

👁 18

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ អគ្គនាយកដ្ឋាន​ជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម បាន សហការ​ជាមួយ​កម្មវិធី​ខ្សែច្រវ៉ាក់់តម្លៃកសិកម្មកម្ពុជា-អូស្រា្តលី (CAVAC) រៀបចំសិក្ខាសាលាស្តីពី “អត្ថប្រយោជន៍​នៃ​កិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរីសម្រាប់សហគ្រាស​កសិ-ម្ហូបអាហារធុនតូចនិងមធ្យមកម្ពុជា” The Benefits of Free Trade Agreements for Cambodia’s Agri-Food SMEs ដែលប្រព្រឹត្ត​ទៅនៅ​សណ្ឋាគារ ហ៊ីម៉ាវ៉ារី ក្រោមអធិបតីភាព ឯកឧត្តម ស៊ីម សុខខេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការចរចាកិច្ចព្រមព្រៀងអាសិប តំណាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងលោក Andreas Zurbrugg អនុប្រធានស្ថាន បេសកកម្ម នៃស្ថាន​ទូត​អូស្រ្តាលី​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានការចូលរួមពី ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ពីតំណាងក្រសួង ស្ថាប័ន អង្គការ សមាជិក សមាជិកា នៃសភាពាណិជ្ជកម្មកម្ពុជា និង​សមាគម​អ្នកផលិត​ចំណីអាហារ​កម្ពុជា សរុបចំនួន ៥០នាក់។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងថា សិក្ខាសាលានេះ​មាន​គោលបំណង​សំខាន់​ក្នុងការផ្សព្វផ្សាយដល់វិស័យ​ឯកជន​ពាក់ព័ន្ធ ជាពិសេសវិស័យកសិ-ម្ហូបអាហារកម្ពុជា អំពីសារៈសំខាន់ កាលានុវត្តភាព និង​អត្ថប្រយោជន៍​នៃកិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី តួយ៉ាងដូចជា កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយតំបន់ សំដៅលើកកម្ពស់ការយល់ដឹង និងជំរុញ​ការ​ទាញ​យកផលប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឱ្យបានជាអតិបរមា។ ក្នុងនោះ ក៏មានការចូលរួមធ្វើបទបង្ហាញ និង​ចែករំលែក​បទពិសោធន៍ដោយអ្នកជំនាញមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធរួមមាន ក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សភាពាណិជ្ជកម្មកម្ពុជា ព្រមទាំងកម្មវិធីខ្សែច្រវ៉ាក់តម្លៃកសិកម្មកម្ពុជា-អូស្រា្តលី (CAVAC) ផងដែរ។

ឯកឧត្តមរដ្ឋលេខាធិការបន្តថា ក្រោមការដឹកនាំរបស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម ផ្តោតការយកចិត្តទុក ដាក់ខ្ពស់លើការធ្វើពិពិធកម្មទីផ្សារ តាមរយៈការចរចា​បើកទីផ្សារបន្ថែម​តាមយន្តការកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ជាក់ស្តែង កិច្ចព្រមព្រៀងអាសិប កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន និងកម្ពុជា-កូរ៉េ ដោយបានសហការយ៉ាង ជិត​ស្និទ្ធ​​ជាមួយ​​បណ្តា​​ក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងជាមួយវិស័យឯកជន តាមរយៈការពិគ្រោះយោបល់ និងប្រមូល ធាតុចូល​ព្រមទាំង ការរៀបចំនូវវេទិកាផ្សេងៗទៀត ដើម្បីស្វែងយល់ និងដោះស្រាយបញ្ហាប្រឈម និងតម្រូវការទីផ្សារ សំដៅជួយ​សម្រាលការ​លំបាក និងលើកកម្ពស់ប្រតិបត្តិការ​ធុរកិច្ច​របស់​វិស័យ​ឯកជន។

ឯកឧត្តមរដ្ឋលេខាធិការបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី   ពិតជាមាន​សារៈ​សំខាន់​​ណាស់​ក្នុងការធានា​បាន​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​កម្ពុជា​ប្រកបដោយចីរភាព និងចូលរួមអនុវត្តនូវសេដ្ឋកិច្ចជាតិ ជាពិសេស​នៅពេលដែលកម្ពុជាចាកចេញពី​ចំណាត់ថ្នាក់​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ក្នុងរយៈ​ពេល​ប៉ុន្មាន​ឆ្នាំ ខាងមុខ។ លើសពីនេះ កិច្ចព្រមព្រៀង​អាសិប ក៏ជាសញ្ញាមួយបង្ហាញពីការគាំទ្រ ប្រព័ន្ធពាណិជ្ជកម្មសេរីពហុភាគី ដែល​ផ្អែក​លើគោលការណ៍​ច្បាប់ និង​ប្រឆាំង​នឹងការកើន​ឡើងនៃ​និន្នាការ​គាំពារ​និយម​របស់​ប្រទេស​មហាអំណាច​មួយចំនួន ដែល​បង្កផល​ប៉ះពាល់​ដល់សេដ្ឋកិច្ច​ពិភព​លោក​​។

ជាមួយគ្នានេះ លោក Andreas Zurbrugg អនុប្រធានស្ថានបេសកកម្មនៃស្ថានទូតអូស្រ្តាលីប្រចាំ ព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា វិស័យកសិកម្មជាវិស័យមួយដែលរងការប៉ះពាល់តិចពីវិបត្តិជំងឺកូវីដ-១៩ និង មានសារៈសំខាន់ខ្លាំង​ក្នុងការ​ចូល​រួម​ស្តារសេដ្ឋកិច្ចកម្ពុជា​ពីវិបត្តិជំងឺកូវីដ-១៩ និងចាំបាច់ត្រូវការការពង្រឹងបន្ថែម ជាពិសេស វិស័យកសិ-ម្ហូបអាហារកម្ពុជា ដែល​ទាមទារ​ឱ្យវិស័យឯកជន រួមមានសហគ្រាសធុនតូច និងមធ្យមរបស់កម្ពុជា ត្រូវយល់ ច្បាស់​អំពីអត្ថប្រយោជន៍​នៃកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (FTAs) ក៏ដូចជាវិធីក្នុងការទាញយកអត្ថប្រយោជន៍ ពីកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរី​ទៅក្នុងប្រតិបត្តិការ​ពាណិជ្ជកម្ម​ប្រចាំថ្ងៃឱ្យបានជាអតិបរមា។ លោកបានបន្តថា រដ្ឋាភិបាល អូស្រ្តាលីបាន​បញ្ជាក់ជា​ថ្មី​អំពីការប្តេជ្ញាចិត្ត​ក្នុងការជំរុញ​ពាណិជ្ជកម្ម វិនិយោគ និងកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-អូស្រ្តាលីបន្ថែមទៀត តួយ៉ាងដូចជា ​គំនិតផ្តួចផ្តើម​ក្នុងការស្តារ​សេដ្ឋកិច្ច​ពីវិបត្តិ​ជំងឺកូវីដ-១៩ ជាដើម។

សូមជម្រាបជូនថា កិច្ចព្រមព្រៀងអាសិបមានសមាជិកចំនួន ១៥ រួមមាន ប្រទេសសមាជិកអាស៊ានទាំង១០ អូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូង និងណូវែលហ្សេឡង់ ដោយបង្កើតបានទីផ្សារចំនួន ២,២ពាន់លាននាក់ ឬ ៣០% នៃចំនួន​ប្រជាជន​ពិភពលោក ដែលមានផលិតផលក្នុងស្រុកសរុបរួមគ្នាប្រមាណ ២៦,២ទ្រីលានដុល្លារអាមេរិក ឬ ៣០% នៃផលិតផល​ក្នុងស្រុកសរុបរបស់ពិភពលោក និងមានចំនួនប្រមាណ ២៨% នៃទំហំពាណិជ្ជកម្មពិភពលោក។ ​កម្ពុជាជា​ប្រទេសមួយ​ក្នុង​ចំណោម​​ប្រទេសដំបូងគេដែលបានប្រើប្រាស់កិច្ចព្រមព្រៀងអាសិប ដោយក្រសួងពាណិជ្ជកម្មបានចេញ​វិញ្ញាបនបត្រ​បញ្ជាក់ដើម​កំណើត​ទំនិញ កាលពីខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅ ដល់ក្រុមហ៊ុននាំចេញស្បែកជើង​ទៅកាន់​ទីផ្សារ​នៃប្រទេសអាសិប។

តាមការសិក្សារួមគ្នារបស់អ្នកជំនាញនៃវិទ្យាស្ថាន ERIA ក្រុមការងារស្រាវជ្រាវ​របស់​ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង​ក្រសួង​ពាណិជ្ជកម្ម​ដែលបានបោះពុម្ពផ្សាយនាពេលថ្មីៗនេះ បានបង្ហាញថា កម្ពុជាអាចនឹងមានកំណើន ប្រចាំឆ្នាំការនាំចេញ​ក្នុងរង្វង់​ប្រមាណពី ៩.៤% ទៅ ១៨% ដែល​នឹង​ចូលរួម​ចំណែកក្នុងកំណើនសេដ្ឋកិច្ចជាតិបន្ថែមប្រចាំ ឆ្នាំប្រមាណពី ២% ទៅ ៣.៨% កំណើនឱកាសការងារប្រចាំឆ្នាំ ប្រមាណ ៣.២% ទៅ ៦.២% និងកំណើនចំណូលពន្ធ ប្រចាំឆ្នាំប្រមាណ ២% ទៅ ៣.៩% ផងដែរ៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ