ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី “ការចុះបញ្ជីពាណិជ្ជកម្ម និងច្បាប់សហគ្រាសពាណិជ្ជកម្ម”

ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ ម៉ោង ០៣:៥០ នាទី រសៀល

👁 19

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ភ្នំពេញ)៖ កាលពីព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី “ការចុះបញ្ជីពាណិជ្ជកម្ម និងច្បាប់សហគ្រាសពាណិជ្ជកម្ម” ដែលបានរៀបចំឡើងដោយវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវនៃក្រសួងពាណិជ្ជកម្ម ដោយមានការចូលរួមពីមន្រ្តីនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងពាណិជ្ជកម្ម មន្ទីរពាណិជ្ជកម្មទាំង២៥​ ខេត្ត-ក្រុង និងវិស័យឯកជន ចំនួន៦០ នាក់ ។​

ជាកិច្ចចាប់ផ្តើម ឯកឧត្តមអនុរដ្ឋលេខាធិការ បានសម្តែងនូវគាវរកិច្ចស្វាគមន៍ចំពោះវត្តមានរបស់សិក្ខាកាមទាំងអស់ដែលបានចូលរួមក្នុងអង្គសិក្ខាសាលានេះ និងបានថ្លែងថា ប្រទេសកម្ពុជាបានអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ខ្លួនយ៉ាងឆាប់រហ័ស ដោយសម្រេចបានអត្រាកំណើនសេដ្ឋកិច្ចជាមធ្យមក្នុងរង្វង់ ៧% ជាងពីរទស្សវត្សន៍។ សក្ខីកម្មនៃភាពរីកចម្រើនសេដ្ឋកិច្ចកម្ពុជានេះ គឺបានមកពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំ និងដាក់ចេញនូវគោលនយោបាយ ព្រមទាំងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិជាច្រើន ដើម្បីធ្វើយ៉ាងណាឱ្យកម្ពុជាយើងអាចរក្សាបាននូវកំណើនសេដ្ឋកិច្ចជានិច្ច ប៉ុន្តែដោយសារមានការរីករាលដាលនៃជម្ងឺកូវីដ-១៩ បានធ្វើកំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ ២០២០ បានធ្លាក់ចុះ -៣.១០% និងនៅឆ្នាំ ២០២១ កើនឡើង ៤.០% វិញ ក្នុងនោះ វិស័យសំលៀកបំពាក់ ស្បែកជើង ទំនិញធ្វើដំណើររក្សាបានកំណើនបន្តិចបន្តួច ដោយឡែកវិស័យទេសចរណ៍ អាកាសចរណ៍ ទទួលរងនូវផលប៉ះពាល់ច្រើនជាងគេ។

ឯកឧត្តមអនុរដ្ឋលេខាធិការបន្តថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងពាណិជ្ជកម្មជាសេនាធិការ បានខិតខំចរចាបើកច្រកចូលទីផ្សារថ្មីៗ តាមរយៈការចរចាបង្កើតកិច្ចព្រមពៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេរភាគីកម្ពុជា-ចិន (CCFTA) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេរភាគីកម្ពុជា-កូរ៉េ (CKFTA) ដើម្បី​ជំរុញ​ការនាំចេញ ព្រមទាំងបានខិតខំបង្កើតច្បាប់ថ្មីៗ និងធ្វើវិសោធនកម្មច្បាប់ចាស់ៗមួយចំនួន ដើម្បីជាប្រយោជន៍ចំពោះសង្គម ឱ្យមានលំនាំប្រហាក់ប្រហែលគ្នានឹងច្បាប់សមាជិកកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) សំដៅធ្វើឱ្យមានភាពងាយស្រួលក្នុងការអនុវត្ត ព្រមទាំងទាមទារឱ្យមានការយល់ដឹងអំពីច្បាប់ទាំងនេះដើម្បីទាញយកប្រយោជន៍​។

ឯកឧត្តមអនុរដ្ឋលេខាធិការបន្ថែមថា ក្រសួងពាណិជ្ជកម្មបានខិតខំកែទម្រង់ពីការចុះបញ្ជីពាណិជ្ជកម្ម ការសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ ការចុះបញ្ជីម៉ាកទៅតាមប្រព័ន្ឋស្វ័យប្រវត្តកម្ម​ និងជម្រុញឱ្យសហគ្រាសធនតូច និងមធ្យម អាជីវករ​ត្រូវមកចុះបញ្ជីឱ្យបានគ្រប់ៗគ្នា ដើម្បីទទួលបានអត្តសញ្ញាណ និងទទួលបានភាពស្របច្បាប់ ព្រមទាំងអាចការពារផលប្រយោជន៍អាជីវកម្មថែមទៀតផង។

នៅកិច្ចបញ្ចប់ ឯកឧត្តមអនុរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ណែនាំជូនសិក្ខាកាមទាំងអស់ថា ត្រូវយកចិត្តទុកដាក់លើកជាសំណួរ និងខិតខំរៀនសូត្រស្រូបយកនូវចំណេះដឹងជាមូលដ្ឋានថ្មីៗថែមទៀត ដើម្បីអាចផ្តល់ប្រឹក្សាយោបល់ជូនសាធារណៈជន នៅថ្ងៃមុខ៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ