ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២ ម៉ោង ០៧:៤៨ នាទី យប់
👁 6
(ភ្នំពេញ)៖ នារសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្ម កង់ចំនួន ៣៥គ្រឿង ត្រូវបានប្រគល់ជូនគ្រូបង្វឹក និងកីឡាករ-កីឡាការិនី ជម្រើសជាតិកីឡាទូក ដើម្បីមានភាពងាយស្រួលក្នុងការធ្វើដំណើរទៅកន្លែងហ្វឹកហាត់នៅក្នុងសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា។ ពិធីប្រគល់ទទួលនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានទី១ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា និងមានការចូលរួមពីថ្នាក់នាំក្រសួងពាណិជ្ជកម្ម គ្រូបង្វឹក និងកីឡាករ-កីឡាករិនី ជាច្រើនរូប។
ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងថា ដោយមានការយកចិត្តទុកដាក់ផ្ទាល់ពី សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានដឹកនាំចង្អុលបង្ហាញ និងផ្ដល់នូវភាពកក់ក្ដៅ ធ្វើឱ្យប្រភេទកីឡាទូកមួយនេះ មានការរីកចម្រើនមួយកម្រិតបន្ថែមទៀត ហើយកំពុងទទួលបានការចាប់អារម្មណ៍ និងគាំទ្រយ៉ាងខ្លាំងពីមហាជន ចាប់តាំងពីសហព័ន្ធបានកែទម្រង់រចនាសម្ព័ន្ធគ្រប់គ្រងរបស់ខ្លួន។
ឯកឧត្តមរដ្ឋមន្ត្រីបន្តថា ដើម្បីជួយសម្រួលដល់ការប្រមូលផ្តុំហ្វឹកហាត់នៅក្នុងសហព័ន្ធឱ្យមានភាពងាយស្រួល ក្នុងការធ្វើដំណើរទៅកន្លែងហ្វឹកហាត់ ឯកឧត្តមរដ្ឋមន្ត្រី បានឧបត្ថម្ភកង់ចំនួន ៣៥គ្រឿង ដល់ក្រុមគ្រូបង្វឹក និងកីឡាករ-កីឡាការិនី ក្នុងនោះគឺប្រគល់ជូនលើកទី១ ចំនួន ១៣គ្រឿង និងប្រគល់លើកទី២ នៅថ្ងៃនេះចំនួន ២២គ្រឿងទៀត ដើម្បីឱ្យកីឡាករ-កីឡាការនីទាំងអស់ ហ្វឹកហាត់សម្រាប់ត្រៀមចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម និងដើម្បីត្រៀមខ្លួនចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពីស្ថានភាពជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា ដែលមានភាពល្អប្រសើរ ក្រោមមាគ៌ាដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើឱ្យសេដ្ឋកិច្ច និងទេសចរណ៍ងើបឡើងវិញ ព្រមទាំងវិស័យកីឡាផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រីបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយ «ឈ្នះ-ឈ្នះ» ដែលបាននាំឱ្យប្រទេសកម្ពុជា ទទួលបាននូវការឯកភាពជាតិ និងសុខសន្តិភាពពេញលេញ ហើយត្រូវបានមជ្ឈដ្ឋានអន្តរជាតិទទួលស្គាល់ ពីការផ្លាស់ប្ដូរជាវិជ្ជមាន ទាំងទិដ្ឋភាពនយោបាយ សន្តិសុខ សេដ្ឋកិច្ច និងសង្គម។ ការណ៍ទាំងនេះ បានរួមចំណែកបង្កើតកាលានុវត្តភាពថ្មីៗ សម្រាប់រាជរដ្ឋាភិបាល ក្នុងការបន្តអនុវត្តកម្មវិធីកំណែទម្រង់ស៊ីជម្រៅ ការធ្វើពិពិធកម្មមូលដ្ឋានកំណើនសេដ្ឋកិច្ច ក្នុងរង្វង់ ៧% ជាប្រចាំ និងការទទួលបានទំនុកចិត្តពីគណៈកម្មាធិការកីឡាអូឡាំពិកអន្តរជាតិ និងក្រុមប្រឹក្សា កីឡាអូឡាំពិកអាស៊ី ដើម្បីធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) នៅក្នុង ឆ្នាំ២០២៣ ខាងមុខនេះ។
នៅកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានជូនពរដល់ប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី ជម្រើសជាតិ កីឡាទូកកានូ-កាយ៉ាក់ និងទូករ៉ូអ៊ីង ទាំងអស់ដែលត្រូវទៅចូលរួមប្រកួតកីឡាស៊ីហ្គេម SEA Games លើកទី៣១ ប្រទេសវៀតណាម ឱ្យទទួលបាននូវជ័យជម្នះ និងទទួលបានជោគជ័យ ទាំងអស់គ្នា៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣