ឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបសម្តែងការគួរសមជាមួយ លោកជំទាវ COLONNE APPUHAMILLAGE CHAMINDA INOKA COLONNE ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋសង្គមនិយមប្រជាធិបតេយ្យស្រីលង្កាប្រចាំព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ ម៉ោង ១១:៤៦ នាទី ថ្ងៃត្រង់

👁 12

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបសម្តែងការគួរសមជាមួយ លោកជំទាវ COLONNE APPUHAMILLAGE CHAMINDA INOKA COLONNE ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋសង្គមនិយមប្រជាធិបតេយ្យស្រីលង្កាប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ដើម្បីពិភាក្សាការងារសំដៅជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ពិសេសលើវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តមរដ្ឋលេខាធិការ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរក្នុងឱកាស លោកជំទាវឯកអគ្គរដ្ឋ ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋសង្គមនិយមប្រជាធិបតេយ្យស្រីលង្កាប្រចាំព្រះរាជាណាចក្រកម្ពុជា។

ឆ្លៀតក្នុងឱកាសនោះ​ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជម្រាបជូនលោកជំទាវឯកអគ្គរដ្ឋទូត អំពីយន្តការ និងកិច្ចខិតខំប្រឹងប្រែងនានារបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដើម្បីស្តារ សេដ្ឋកិច្ចជាតិកម្ពុជាឡើងវិញ តាមរយៈយុទ្ធនាការជាតិចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលបានប្រព្រឹត្តទៅប្រកបដោយជោគជ័យយ៉ាងធំធេង និងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបើកសកម្មភាពសង្គម-សេដ្ឋកិច្ច-ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ឡើងវិញ។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជម្រាបជូនអំពីសក្តានុពលធុរកិច្ច និងវិនិយោគនៅកម្ពុជា  តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន អាស៊ានបូកមួយ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយ ចិន កូរ៉េខាងត្បូង និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) ជាដើម។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការក៏បានលើកទឹកចិត្តឱ្យធុរជនស្រីលង្កាពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើន និងបានជំរុញឱ្យមានការបង្កើនកិច្ចសហប្រតិបត្តិការធុរកិច្ចបន្ថែមទៀតតាមរយៈសភាពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

ជាការឆ្លើយតប លោកជំទាវឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណចំពោះ ឯកឧត្តមរដ្ឋលេខាធិការ ដែលបានអនុញ្ញាតឱ្យលោកជំទាវចូលជួបសម្តែងការគួរសម និងបានស្វែងយល់ពីសក្តានុពលពាណិជ្ជកម្មក៏ដូចជា វិនិយោគ និងទេសចរណ៍នៅកម្ពុជា។ លោកជំទាវ សង្ឃឹមថា កម្ពុជា និងស្រីលង្កា អាចបង្កើតជើងហោះហើរត្រង់  ដើម្បីជំរុញដល់វិស័យធុរកិច្ចនិងទេសចរណ៍រវាងប្រទេសទាំងពីរ។

លោកជំទាវឯកអគ្គរដ្ឋទូតបន្តថា ដើម្បីអបអរសាទរខួបទំនាក់ទំនងការទូតលើកទី៧០ ដែលគ្រោងនឹងរៀបចំឡើងក្នុងឆ្នាំនេះ ភាគីទាំងពីរនឹងពិនិត្យលទ្ធភាពរៀបចំព្រឹត្តិការណ៍ផ្គូរផ្គងធុរកិច្ចក៏ដូចជាជំរុញពាណិជ្ជកម្មទ្វេភាគីផងដែរ។

នៅកិច្ចបញ្ចប់ ភាគីទាំងពីរ បានសម្តែងសារជាថ្មីនូវការប្តេជ្ញាចិត្តពង្រឹងទំនាក់ទំនងដ៏ល្អ និងបន្តកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ