ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ ម៉ោង ០៧:១២ នាទី ព្រឹក
👁 12
(ភ្នំពេញ)៖ កាលពីរសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ កន្លងទៅ នៅទីស្តីការក្រសួពាណិជ្ជកម្ម ឯកឧត្តម កឹម សុខុន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន តំណាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន បានជួបសំណេះសំណាល និងលើកទឹកចិត្តដល់កីឡាករ កីឡាការិនីទោចក្រយានជម្រើសជាតិកម្ពុជា ឱ្យប្រឹងប្រែងយកជ័យជម្នះក្នុងការប្រកួតស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ដើម្បីនាំមកនូវកិត្តិយសត្រដ៏ចះត្រចង់ជូនជាតិមាតុភូមិ។
ក្នុងឱកាសនោះ ឯកឧត្តមអនុប្រធានសហព័ន្ធ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះស្មារតីខិតខំយកចិត្តទុកដាក់ប្រកបដោយការលះបង់ខ្ពស់របស់កីឡាករ-កីឡាការិនីគ្រប់រូប ជាពិសេសកីឡាករកូនខ្មែរនៅអាម៉េរិក Phan Jonathan ហៅ Johnny ដែលបានលះបង់ពេលវេលា កម្លាំងកាយ ចិត្ត ខំប្រឹងប្រែងគ្រប់បែបយ៉ាងដើម្បីបានមកចូលរួមប្រកួត និងប្ដេជ្ញាដណ្ដើមមេដាយជូនជាតិ ប្រកបដោយឆន្ទៈស្រឡាញ់ជាតិមាតុភូមិ។
ក្នុងនាម ឯកឧត្តម ប៉ាន សូរស័ក្តិ ដែលជាប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន ឯកឧត្តមបានផ្ដល់នូវអនុសាសន៍ល្អៗ ជាច្រើនដើម្បីឱ្យកីឡាករទាំងអស់យកទៅអនុវត្ត សំដៅទទួលបាននូវជោគជ័យប្រកបដោយសេចក្ដីថ្លៃថ្នូរ។ អនុសាសន៍គន្លឹះទាំងនោះ រួមមាន៖ ការប្រកាន់នូវសីលធម៌ល្អ ការគោរពវិន័យ និងលក្ខន្តិក:នៃការប្រកួត និងជាពិសេសគឺការជៀសវាងនូវការប្រើប្រាស់សារធាតុប៉ូវកម្លាំងផ្សេងៗដែលគណ:កម្មការរៀបចំការប្រកួតបានហាមឃាត់។
ជាមួយគ្នានេះ កីឡាករខ្មែរ-អាម៉េរិក ផាន់ ចូណាថាន់ (ហៅ Johnny) បានបង្ហាញក្តីរំភើបរីករាយជាខ្លាំង បន្ទាប់ពីបានធ្វើដំណើរមកដល់កម្ពុជា និងត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅទីក្រុងហាណូយ នាពេលខាងមុខឆាប់ៗនេះ។ Johnny បន្តថា ខ្លួនបានត្រៀមរួចរាល់ ដើម្បីចូលរួមព្រឹត្តិការណ៍ប្រចាំតំបន់នេះ ជាមួយគោលដៅដណ្ដើមមេដាយមាសជូនជាតិទៀតផង។ លើសពីនេះគឺវាជាក្ដីស្រម៉ៃមួយ ដែលខ្លួនប៉ងមកប្រកួតតំណាងប្រទេសកំណើតរបស់ខ្លួន ក្រោយពីរូបគេបានខិតខំប្រឹងប្រែងហ្វឹកហាត់ជាខ្លាំង ដើម្បីចូលរួមការប្រកួតនេះ។
ចំណែកកីឡាករ-កីឡាការិនីជម្រើសជាតិកង់ ដែលបោះជុំរុំហ្វឹកហាត់ក្នុងស្រុកនៅខេត្តសៀមរាបវិញ រួមមាន៖ កីឡាការិនី ខេន ម៉ាឡៃ និងកីឡាការិនី យត់ កន្និកា ក៏បានបង្ហាញនូវការតាំងចិត្តខ្ពស់ សម្រាប់ការត្រៀមបង្ហាញខ្លួនលើកដំបូងក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនេះផងដែរ បន្ទាប់ពីមានការយកចិត្តទុកដាក់ និងហ្វឹកហាត់ត្រឹមត្រូវ ធ្វើឱ្យពួកគេមានទំនុកចិត្ត នឹងធ្វើបានល្អ ដើម្បីស្វែងរកមេដាយជូនជាតិ។
នៅកិច្ចបញ្ចប់ ឯកឧត្តមអនុប្រធានសហព័ន្ធ ក៏បានប្រគល់ថវិកាមួយចំនួនសម្រាប់ជាការលើកទឹកចិត្ត ដល់កីឡាករ-កីឡាការិនី និងគ្រូបង្វឹក សម្រាប់ទិញសម្ភារ:មួយចំនួនដែលបម្រើឱ្យការបោះជុំរុំហ្វឹកហាត់ និងសម្រាប់ទៅចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅទីក្រុង Hoa Binh ប្រទេសវៀតណាម នាពេលឆាប់ៗនេះផងដែរ។
សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៣ ខាងមុខនេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលនឹងមានវិញ្ញាសារកីឡាច្រើនប្រភេទសម្រាប់ដាក់ចូលក្នុងការប្រកួត៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣