ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ ម៉ោង ១១:០៤ នាទី ថ្ងៃត្រង់
👁 6
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ កន្លងទៅ ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាង ឯកឧត្តម ប៉ាន សូរស័ក្កិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី ច្បាប់កិច្ចការពារអ្នកប្រើប្រាស់ ក្រោមប្រធានបទ “តើយើងអាចទាញយកបទពិសោធន៍អ្វីខ្លះពីសហគមអឺរ៉ុប និងប្រទេសអេស្បាញ” ដែលត្រូវបានសហការរៀបចំដោយ សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្តនិងវិទ្យាសាស្រ្តសេដ្ឋកិច្ច និងមានការចូលរួមពីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) នៃក្រសួងពាណិជ្ជកម្ម មន្ទីរពាណិជ្ជកម្មទាំង២៥ ខេត្ត-ក្រុង លោកសាស្រ្តាចារ្យ Pablo Fernadez Carballo Calero ដែលមានជំនាញផ្នែកច្បាប់ពាណិជ្ជកម្មមកពីប្រទេសអេស្បាញ លោក LAURENT MESMANN ទីប្រឹក្សាពិសេសរបស់សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្តនិងវិទ្យាសាស្រ្តសេដ្ឋកិច្ច និងជាអ្នកសម្របសម្រួលគម្រោង GREEN CAP – Erasmus Plus សរុបចំនួន៦៥នាក់។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ ថ្លែងកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលបានសហការគ្នាយ៉ាងល្អក្នុងការរៀបចំសិក្ខាសាលាដ៏មានអត្ថប្រយោជន៍នេះឡើង។ ឯកឧត្តមរដ្ឋលេខាធិការបន្តថា ការយល់ដឹងអំពីច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ ពិតជាសំខាន់ណាស់ ជាពិសេសគឺប្រធានបទ “តើយើងអាចទាញយកបទពិសោធន៍អ្វីខ្លះពីសហគមអឺរ៉ុប និងប្រទេសអេស្បាញ” តែម្ដង។ ហេតុនេះសិក្ខាកាមទាំងអស់ គប្បីខិតខំយកចិត្តទុកដាក់ស្វែងយល់ឱ្យបានច្បាស់ ដើម្បីយកទៅប្រើប្រាស់ជាប្រយោជន៍របស់ខ្លួនឯងផង និងសង្គមជាតិផង។
នៅកិច្ចបន្ទាប់ ឯកឧត្តមរដ្ឋលេខាធិការ បានប្រគល់វេទិការជូន លោកសាស្ត្រាចារ្យ Pablo CARBALLO-CALERO ធ្វើការចែករំលែកបទពិសោធន៍ពាក់ព័ន្ធនឹងការអនុវត្តច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់លើទិដ្ឋភាព E-Commerce និងធ្វើការបកស្រាយបន្ថែម អំពីការអនុវត្តច្បាប់លក្ខណៈអន្តរស្ថាប័ន និងដំណោះស្រាយ ជូនអង្គសិក្ខាសាលា។
ទន្ទឹមនឹងនោះ ក៏មានការធ្វើបទបង្ហាញពីវាគ្មិន អំពីចំណុចសំខាន់ៗ ដែលពាក់ព័ន្ធ និងរួមចំណែកដល់ការងារអនុវត្តច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់នៅកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាពផងដែរ ដែលចំណុចសំខាន់ៗទាំងនោះ រួមមាន៖
- ការផ្សាយពាណិជ្ជកម្មមិនពិត
- ការជំរុញការយល់ដឹងអំពីសិទ្ធិរបស់អ្នកប្រើប្រាស់
- តួនាទីនិងភារកិច្ចរបស់សមាគមអ្នកប្រើប្រាស់
- និងនីតិវិធីនៃការដោះស្រាយបណ្ដឹងរបស់អ្នកប្រើប្រាស់ ជាដើម។
ជាមួយគ្នានេះ ក៏មានការពិភាក្សា និងបូកសរុបមតិរួមពី លោក ង៉ែត ចេក អគ្គនាយករងនៃអគ្គនាយកដ្ឋាន ក.ប.ប. ជូនអង្គសិក្ខាសាលា ព្រមទាំងបានថ្លែអអំណរគុណ ចំពោះវាគ្មិន តំណាងស្ថាប័នពាក់ព័ន្ធ ក្រុមការងារសម្របសម្រួល មន្ទីរពាណិជ្ជកម្មរាជធានី-ខេត្ត ក៏ដូចជាមន្រ្តីនៃអគ្គនាយកដ្ឋាន ក.ប.ប. ទាំងអស់ ដែលបានចូលរួមក្នុងអង្គសិក្ខាសាលានេះ៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣