ឯកឧត្តម ប៉ាន សូរស័ក្តិ និង ឯកឧត្តម ស៊ុន ចាន់ថុល បានជួបពិភាក្សាការងារជាមួយសមាជិកនៃអនុគណៈកម្មាធិការ Ways and Means Trade Subcommittee នៃរដ្ឋសភាសហរដ្ឋអាមេរិក ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ

ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ ម៉ោង ០៦:៣៦ នាទី ល្ងាច

👁 6

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(វ៉ាស៊ីនតោន, អាមេរិក)៖ ឆ្លៀតក្នុងឱកាសចូលរួមអមដំណើរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានជួបពិភាក្សាការងារជាមួយ លោក Ron Estes និងលោកស្រី Carol Miller សមាជិកនៃអនុគណៈកម្មាធិការ Ways and Means Trade Subcommittee នៃរដ្ឋសភាសហរដ្ឋអាមេរិក កាលពីព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្មរវាងប្រទេសកម្ពុជា ជាមួយសហរដ្ឋអាមេរិក ព្រមទាំងចែករំលែកអំពីវឌ្ឍនភាព-បរិយាកាសធុរកិច្ចនៅកម្ពុជា។ ក្នុងកិច្ចជំនួបនេះ ក៏មានការអញ្ជើញចូលរួមពីប្រតិភូមកពីក្រសួងពាណិជ្ជកម្ម និងក្រសួងសាធារណការ និងដឹកជញ្ជូន ផងដែរ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះសមាជិកអនុគណៈកម្មាធិការទាំងពីរ និងបានជម្រាបអំពីសមិទ្ធផលសំខាន់ៗដែលរាជរដ្ឋាភិបាលសម្រេចបាន ជាពិសេសការបន្តធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ទាំងផ្លូវទឹក ផ្លូវគោក និងផ្លូវអាកាស ដែលមានភាពអំណោយផល និងសម្រួលដល់ការធ្វើពាណិជ្ជកម្មនិងធុរកិច្ច ដែលជាកត្តាសំខាន់ក្នុងការទាក់ទាញវិនិយោគិនបរទេសមកកម្ពុជាបន្ថែមទៀត។

នៅក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះសមាជិកអនុគណៈកម្មាធិការទាំងពីរ ព្រមទាំងបានថ្លែងអំណរគុណចំពោះសហរដ្ឋអាមេរិកដែលបានផ្តល់ភាពអនុគ្រោះសម្រាប់ផលិតផលធ្វើដំណើរ ដែលបានចូលរួមចំណែកក្នុងការបង្កើនទំហំពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជម្រាបអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ ដែលនាំឱ្យសេដ្ឋកិច្ចកម្ពុជាស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័សពីវិបត្តិជំងឺកូវីដ-១៩ ព្រមទាំងបានជម្រាបអំពីសមិទ្ធផលថ្មីៗ និងការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ចនៅកម្ពុជា ដូចជា ១) ការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីៗ ជាពិសេសកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន និងកម្ពុជា-កូរ៉េ និងកំពុងចរចាជាមួយដៃគូផ្សេងៗទៀត ២) ការដាក់ចេញនូវក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣ ៣) ការកសាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តថ្មីៗ ៤) ការបន្តធ្វើទំនើបកម្មសេវាសាធារណៈ ការកាត់បន្ថយនីតិវិធីនិងកិច្ចសម្រួលពាណិជ្ជកម្មនានា ដែលបានជួយសម្រួលយ៉ាងច្រើនដល់ការធ្វើធុរកិច្ចនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង។

ជាការឆ្លើយតប សមាជិកអនុគណៈកម្មាធិការទាំងពីរ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមត្ថភាពក្នុងការគ្រប់គ្រងស្ថានភាពនៃជំងឺកូវីដ-១៩ ដ៏មានប្រសិទ្ធភាពរបស់កម្ពុជា ក៏ដូចជាអបអរសាទរចំពោះការសម្រេចបាននូវសមិទ្ធផលថ្មីរបស់កម្ពុជា និងការងើបឡើងវិញយ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ចរបស់កម្ពុជា។

លើសពីនេះ សមាជិកអនុគណៈកម្មាធិការទាំងពីរ បានជម្រាបអំពីការយកចិត្តទុកដាក់របស់អាមេរិកលើបញ្ហាបរិស្ថាន ការប្រែប្រួលអាកាសធាតុ បទដ្ឋានការងារ ព្រមទាំងបានស្នើឱ្យកម្ពុជាពិនិត្យលទ្ធភាពក្នុងការនាំចូលឧស្ម័នហ្គាសពីសហរដ្ឋអាមេរិកបន្ថែមផងដែរ។

នៅកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី និង ឯកឧត្តមទេសរដ្ឋមន្រ្តី បានស្នើឱ្យសមាជិកសភាសហរដ្ឋអាមេរិក មកធ្វើទស្សនកិច្ចនៅកម្ពុជា ដើម្បីពិនិត្យវឌ្ឍនភាពជាក់ស្តែងនៅកម្ពុជា ព្រមទាំងបានអំពាវនាវឱ្យធុរជនអាមេរិកមកវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀត៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ