សេចក្តីជូនដំណឹងស្តីពី៖ការបើកវគ្គបណ្តុះបណ្តាលអ្នកតំណាងស្របច្បាប់ក្នុងការស្នើសុំចុះបញ្ជីពាណិជ្ជកម្ម(ជំនាន់ទី៣)

ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ ម៉ោង ១១:៣៥ នាទី ថ្ងៃត្រង់

👁 14

Thumbnail (ក្រសួងពាណិជ្ជកម្ម)

សេចក្តីជូនដំណឹងស្តីពី៖ការបើកវគ្គបណ្តុះបណ្តាលអ្នកតំណាងស្របច្បាប់ក្នុងការស្នើសុំចុះបញ្ជីពាណិជ្ជកម្ម(ជំនាន់ទី៣)

...

ក្រសួងពាណិជ្ជកម្ម មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនទាំងអស់មេត្តាជ្រាបថា ក្រសួងពាណិជ្ជកម្ម នឹងរៀបចំវគ្គបណ្តុះបណ្តាល អំពីច្បាប់ស្ដីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម ច្បាប់ស្ដីពីសហគ្រាសពាណិជ្ជកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធព្រមទាំងនីតិវិធីនានាជូនដល់អ្នកតំណាងស្របច្បាប់ក្នុងការស្នើសុំចុះបញ្ជីពាណិជ្ជកម្ម(ជំនាន់ទី៣) ក្នុងគោលបំណងគ្រប់គ្រង និងពង្រឹងសមត្ថភាពអ្នកតំណាងស្របច្បាប់របស់ក្រុមហ៊ុន-សហគ្រាស បង្កើនប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងគាំទ្រដល់ការផ្តល់សេវាចុះបញ្ជីពាណិជ្ជកម្មឱ្យកាន់តែប្រសើរឡើង ស្របតាមស្មារតីប្រកាសលេខ ២៥៨ ព.ណ ចបព.ប្រក ចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្តីពីការទទួលស្គាល់អ្នកតំណាងស្របច្បាប់ក្នុងការស្នើសុំចុះបញ្ជីពាណិជ្ជកម្ម ឬឯកសារនាំចេញ-នាំចូល នៅក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា។

អ្នកដែលមានបំណងចូលរួមក្នុងវគ្គបណ្តុះបណ្តាលខាងលើ ត្រូវដាក់ពាក្យស្នើសុំតាមរយៈសារអេឡិចត្រូនិក business.reg.info@gmail.com ចាប់ពីម៉ោង ៨:០០ នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ នេះតទៅ។ ក្រសួងពាណិជ្ជកម្ម នឹងបញ្ចប់ការទទួលពាក្យស្នើសុំត្រឹម១០០ នាក់ដំបូង ដែលបានផ្ញើពាក្យស្នើសុំតាមរយៈសារអេឡិចត្រូនិក និងតាមពេលវេលាកំណត់ខាងលើ។ អ្នកស្នើសុំអាចទាញពាក្យស្នើសុំពីគេហទំព័រក្រសួងពាណិជ្ជកម្ម https://www.businessregistration.moc.gov.kh/.../Applicati... និងត្រូវបំពេញពាក្យស្នើសុំដោយភ្ជាប់មកជាមួយនូវឯកសារតម្រូវតាមប្រកាស ២៥៨ ព.ណ ចបព.ប្រក ចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧ ជាទម្រង់ PDF រួចផ្ញើមកសារអេឡិចត្រូនិកដូចមានភ្ជាប់ជូនខាងលើ។ ពាក្យស្នើសុំនឹងត្រូវចាត់ទុកថាបានទទួល តាមរយៈសារអេឡិចត្រូនិកដែលបានផ្ញើមកតាមលំដាប់លំដោយ តាមលេខរៀង និងតាមពេលវេលាម៉ោងដែលបានស្នើសុំរហូតដល់គ្រប់ចំនួនកំណត់។

បេក្ខជនដែលបានផ្ញើសារអេឡិចត្រូនិក១០០ នាក់ដំបូង ត្រូវយកពាក្យស្នើសុំ និងឯកសារតម្រូវច្បាប់ដើមមកនាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្មក្រោយពីទទួលបានការជូនដំណឹងពីក្រសួងពាណិជ្ជកម្មតាមរយៈសារអេឡិចត្រូនិកត្រឡប់ជូនវិញ។

ក្រសួងពាណិជ្ជកម្ម នឹងប្រកាសបញ្ជីឈ្មោះបេក្ខជនដែលត្រូវចូលរួមវគ្គបណ្តុះបណ្តាលជំនាន់ទី៣ ដែលស្ថិតនៅក្នុងលំដាប់លេខរៀងសារអេឡិចត្រូនិកបានផ្ញើមក១០០ នាក់ដំបូងហើយបានបំពេញពាក្យស្នើសុំត្រឹមត្រូវ និងភ្ជាប់ឯកសារតម្រូវគ្រប់គ្រាន់។

ចំពោះបេក្ខជនដែលមិនបានបំពេញលក្ខខណ្ឌខាងលើ នឹងមិនត្រូវបានជ្រើសរើសក្នុងបញ្ជីឈ្មោះបេក្ខជនដែលត្រូវចូលរៀនវគ្គបណ្តុះបណ្តាលជំនាន់ទី៣នោះទេ ទោះបីស្ថិតក្នុងលំដាប់លេខរៀងពីទី១ដល់ទី១០០ក៏ដោយ ក្រសួងនឹងកំណត់យកបេក្ខជនដែលមានលំដាប់លេខរៀងបន្ទាប់ពីលេខ១០០ ឡើងទៅដែលបានបំពេញលក្ខខណ្ឌត្រឹមត្រូវមកជំនួសវិញ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់នាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម ឬតាមរយៈលេខទូរស័ព្ទ ០៩៦ ៩៦៣ ២៣៦៣ / ០៨៨ ៦០៨ ៣០៨២ ដែលមាន Extension លេខ០ ឬ៣។

សូ ម អ រ គុ ណ !

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ