ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម និងជាប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន នៅទីក្រុងបាលី ប្រទេសឥណ្ឌូនេស៊ី

ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ ម៉ោង ០៥:៣៦ នាទី ល្ងាច

👁 7

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ទីក្រុងបាលី, ប្រទេសឥណ្ឌូនេស៊ី)៖ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ក្នុងនាមជាប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន (AEM Chair) ក្នុងឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន (ASEAN ECONOMIC MINISTERS’ SPECIAL MEETING 2022) នៅសណ្ឋាគារ AYANA Resort & Spa នៃទីក្រុងបាលី ប្រទេសឥណ្ឌូនេស៊ី។ កិច្ចប្រជុំនេះ មានការចូលរួមដោយរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងគណៈប្រតិភូមកពីប្រទេសសមាជិកទាំងអស់ អគ្គលេខាធិការអាស៊ាន  ព្រមទាំងមន្ត្រីលេខាធិការដ្ឋានអាស៊ានផងដែរ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្រ្តី ក្នុងនាមជាប្រធានអង្គប្រជុំ បានមានមតិស្វាគមន៍ជូនសមាជិកអង្គប្រជុំទាំងអស់ និងបានថ្លែងអំណរគុណប្រទេសឥណ្ឌូនេស៊ីសម្រាប់ការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅដល់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងគណៈប្រតិភូទាំងអស់ ដែលបានចូលរួមក្នុងកិច្ចប្រជុំពិសេសនេះ។

ឯកឧត្តមរដ្ឋមន្រ្តីបន្តថា កិច្ចប្រជុំពិសេសនេះ មានមានគោលបំណងដើម្បីពិភាក្សានិងផ្តោះប្តូរមតិយោបល់រវាងប្រទេសសមាជិកអាស៊ាននីមួយៗ អំពីបញ្ហាតំបន់ និងសាកលថ្មីៗ ដែលកំពុងជះឥទ្ធិពលដោយផ្ទាល់ឬប្រយោលមកលើតំបន់អាស៊ាន ជាពិសេសក្នុងអំឡុងពេលដែលអាស៊ានកំពុងខិតខំប្រឹងប្រែងស្តារសេដ្ឋកិច្ចឡើងវិញ។ កិច្ចប្រជុំនេះត្រូវបានប្រព្រឹត្តទៅស្របពេលដែលស្ថានភាពនៃការរីករាលដាលជម្ងឺកូវីដ១៩ បានថមថយចុះ និងមានការលើកលែងការរឹតត្បិតចំពោះការធ្វើដំណើរនៅតាមបណ្តាប្រទេសអាស៊ាន។

ឯកឧត្តមរដ្ឋមន្រ្តីបន្ថែមថា កិច្ចប្រជុំបានកត់សម្គាល់ និងពិភាក្សាលើរបៀបវារៈសំខាន់ៗមួយចំនួន រួមមាន៖ (១) ស្ថានភាពសេដ្ឋកិច្ចសកល (២) បច្ចុប្បន្នភាពនៃការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) (៣) ការត្រៀមរបស់អាស៊ានសម្រាប់សន្និសីទរដ្ឋមន្ត្រីលើកទី១២ នៃអង្គការពាណិជ្ជកម្មពិភពលោក (៤) វិធានការនានាផ្នែកបរិស្ថាននិងបម្រែបម្រួលអាកាសធាតុដែលពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម (៥) គំនិតផ្តួចផ្តើមក្នុងទម្រង់ជាគម្រោងអាស៊ាន និង (៦)បញ្ហាផ្សេងៗទៀត។

ឯកឧត្តមរដ្ឋមន្រ្តីបញ្ជាក់ថា ជាការកត់សម្គាល់ សមាជិកអង្គប្រជុំទាំងអស់បានចូលរួមយ៉ាងសកម្មក្នុងការផ្លាស់ប្តូរទស្សនៈ មតិយោបល់ និងការពិភាក្សា ទៅលើរបៀបវារៈនីមួយៗ ដែលធ្វើឱ្យកិច្ចប្រជុំនេះបញ្ចប់ទៅយ៉ាងរលូន និងប្រកបដោយផ្លែផ្កាគួរឱ្យកត់សម្គាល់៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ