ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ ម៉ោង ១០:៤៨ នាទី ព្រឹក
👁 11
(ភ្នំពេញ)៖ កាលពីព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាង ឯកឧត្តម ប៉ាន សូរស័ក្ត រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាលើយុទ្ធសាស្រ្តអឺរ៉ុបរួម ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍនៅកម្ពុជាឆ្នាំ២០២១-២០២៧ (Joint European Strategy for Development Cooperation with Cambodia 2021-2027) ក្រោមការដឹកនាំដោយសហប្រធាន ឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការគណ:កម្មាធិការនីតិសម្បទានិងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកជំទាវ Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ព្រមទាំងមានការចូលរួមពីសំណាក់ក្រសួង-ស្ថាប័នជាតិ និងអន្តរជាតិប្រមាណ ៧០រូប។
តាមការជម្រាបជូនដោយភាគីសហភាពអឺរ៉ុប យុទ្ធសាស្រ្តអឺរ៉ុបរួមហៅកាត់ថា “JES” មានគោលបំណងលើកកម្ពស់សង្គតិភាពនៃគោលនយោបាយអឺរ៉ុប បង្កើនការយល់ដឹងអំពីការប្តេជ្ញាចិត្តរួមរបស់អឺរ៉ុប និងធានាឱ្យមានលទ្ធផលកាន់តែប្រសើរឡើង នូវកិច្ចសហប្រតិបត្តិការនិងភាពជាដៃគូកម្ពុជា-សហភាពអឺរ៉ុប។ បន្ថែមពីនេះ ក្នុងចំណោមវិស័យអាទិភាពទាំង០៦នៃគម្រោងគាំទ្ររបស់ភាគីសហភាពអឺរ៉ុប មានមួយផ្នែក ផ្តោតលើការបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងទីផ្សារតំបន់ និងសកលតាមរយៈការអភិវឌ្ឍវិស័យពាណិជ្ជកម្ម និងវិស័យឯកជន ការបង្កលក្ខណៈងាយស្រួលដល់បរិយាកាសធុរកិច្ច និងការជំរុញផលិតកម្មប្រកបដោយចីរភាព ក៏ដូចជាការអនុវត្តការងារសមរម្យស្របតាមស្តង់ដារអន្តរជាតិ ផងដែរ។
ជាកិច្ចឆ្លើយតប ឯកឧត្តមអនុរដ្ឋលេខាធិការ បានជម្រាបពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងពាណិជ្ជកម្មដែលជាសេនាធិការ ក្នុងកិច្ចការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្ម ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគី និងការធ្វើកំណែទម្រង់ច្បាប់និងប្បញ្ញត្តិជាដើម។ល។បន្ថែមពីការធ្វើពិពិធកម្មទីផ្សារពាណិជ្ជកម្ម រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតបរិយាកាសអំណោយផលសម្រាប់វិនិយោគិន និងធុរជន តាមរយៈការអនុវត្តច្បាប់ និងគោលនយោបាយលើកទឹកចិត្តការវិនិយោគ។ ឯកឧត្តមបានសំណូមពរឱ្យការអនុវត្តយុទ្ធសាស្ត្រអឺរ៉ុបរួមឆ្លើយតបជាក់ស្តែងជាមួយផែនការសកម្មភាព និងទស្សនវិស័យដែលកម្ពុជាបានបង្កើត និងបញ្ជ្រាបទៅក្នុងយុទ្ទសាស្រ្ត និងគោលនយោបាយសំខាន់ៗដូចជា យុទ្ធសាស្រ្តពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក, យុទ្ធសាស្រ្តសមាហរណកម្មពាណិជ្ជកម្មកម្ពុជា ២០១៩-២០២៣, យន្តការដែលដាក់ចេញក្រោមក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ២០២១-២០២៣, និងយុទ្ធសាស្រ្ដអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ជាអាទិ៍។
កិច្ចប្រជុំដ៏មានសារៈសំខាន់នេះបានប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យ និងទទួលបានលទ្ធផលជាផ្លែផ្កា តាមរយៈការធ្វើបទបង្ហាញយ៉ាងក្បោះក្បាយដោយវាគ្មិនជំនាញ និងការផ្លាស់ប្តូរមតិយោបល់យ៉ាងផុសផុលពីសំណាក់ភ្ញៀវកិត្តិយសដែលបានអញ្ជើញចូលរួម៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣