ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ ម៉ោង ១០:៣៩ នាទី យប់
👁 7
(ភ្នំពេញ)៖ នារសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ឱក ប៊ុង រដ្ឋមន្ត្រីស្តីទីក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Jon Åström Gröndahl ឯកអគ្គរាជទូតស៊ុយអែតប្រចាំកម្ពុជាដែលទើបតែងតាំងថ្មី និងមាននិវេសនដ្ឋាននៅទីក្រុងបាងកក ដើម្បីពិភាក្សា និងផ្លាស់ប្តូរយោបល់លើការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្មនាពេលខាងមុខ។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តមរដ្ឋមន្ត្រីស្តីទី បានសម្តែងការស្វាគមន៍ និងអបអរសាទរចំពោះឯកឧត្តមឯកអគ្គរាជទូត ដែលទទួលបានការតែងតាំងថ្មីក្នុងបេសសកម្មការទូតមកកាន់ប្រទេសកម្ពុជា និងបានសាទរចំពោះទំនាក់ទំនងល្អរវាងប្រទេសទាំងពីរក្នុងអាណត្តិរបស់អតីតឯកអគ្គរាជទូតស៊ុយអែតកន្លងមក ជាពិសេសលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ព្រមទាំងបានប្តេជ្ញាបន្តពង្រឹងទំនាក់ទំនងនេះឱ្យកាន់តែជិតស្និទ្ធ និងរឹងមាំជាងមុនបន្ថែមទៀតក្នុងអាណត្តិថ្មីរបស់ឯកឧត្តមឯកអគ្គរាជទូតផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រីស្តីទី ក៏បានជម្រាបជូនអំពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តាមរយៈការដាក់ចេញនូវវិធានការទប់ស្កាត់ដ៏មានប្រសិទ្ធភាព និងយុទ្ធនាការចាក់វ៉ាក់សាំងប្រកបដោយភាពជោគជ័យ ដែលអនុញ្ញាតឲ្យមានការបើកប្រទេសជាប្រក្រតី និងដំណើរការសកម្មភាពសេដ្ឋកិច្ចពេញលេញឡើងវិញលើគ្រប់វិស័យ។ ឯកឧត្តម បានបន្តថារាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងធ្វើពិពិធកម្មពាណិជ្ជកម្ម តាមរយៈការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្រោមក្របខណ្ឌពហុភាគី តំបន់ និងទ្វេភាគី ស្របជាមួយនឹងការធ្វើកំណែទម្រង់ច្បាប់និងបទប្បញ្ញត្តិ ដើម្បីកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជាឱ្យកាន់តែប្រសើរ។ ជាក់ស្តែង រាជរដ្ឋាភិបាលកម្ពុជា បានសហការយ៉ាងជិតស្និទ្ធិក្នុងការអនុវត្តនូវកម្មវិធីគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជានៃអង្គការពលកម្មអន្តរជាតិ ដែលជួយធ្វើឱ្យបរិយាកាសការងារមានភាពប្រសើរឡើង ការលុបបំបាត់ពលកម្មកុមារ លើកកម្ពស់អនុលោមភាពទៅតាមនិយាមនិងបទដ្ឋានអន្តរជាតិ និងផ្តល់សុខុមាលភាព និងទំនុកចិត្តដល់និយោជិត និងនិយោជក។
ជាកិច្ចឆ្លើយតប ឯកឧត្តមឯកអគ្គរាជទូត បានថ្លែងអំណរគុណ ឯកឧត្តមរដ្ឋមន្ត្រីស្តីទី ចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅ ព្រមទាំងឆន្ទៈក្នុងការបន្តជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត និងបានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមោះមុតក្នុងបេសកកម្មការទូតរបស់ឯកឧត្តម ចំពោះការលើកទឹកចិត្តដល់ពាណិជ្ជករ និងវិនិយោគិនស៊ុយអែត ឱ្យស្វែងយល់បន្ថែមពីសក្តានុពលពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍នៅកម្ពុជា និងបន្តពង្រឹងទំនាក់ទំនងល្អ ជាពិសេសក្នុងវិស័យពាណិជ្ជកម្មឱ្យកាន់តែរឹងមាំនិងស៊ីជម្រៅបន្ថែមទៀត ដែលអាចជួយដល់ការស្តារសេដ្ឋកិច្ចឡើងវិញ និងជួយបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ស៊ុយអែត ដើម្បីឈានដល់កម្រិតសក្តានុពលពេញលេញ។
បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រីស្តីទី បានបញ្ជាក់ពីការត្រៀមខ្លួនរួចជាស្រេចរបស់កម្ពុជា ក្នុងការស្វាគមន៍ពាណិជ្ជករ និងវិនិយោគិនរបស់ស៊ុយអែត ដើម្បីចាប់យកឱកាសធុរកិច្ច និងវិនិយោគដ៏ធំធេងនៅកម្ពុជា ដោយក្នុងនោះ ស្នើឱ្យភាគីស៊ុយអែតបង្កើនការនាំចូលទំនិញកសិកម្មនិង កម្មន្តសាលពីកម្ពុជា វិនិយោគបន្ថែមទៀតលើវិស័យរថយន្តអគ្គិសនីនៅកម្ពុជា និងពិនិត្យលទ្ធភាពបង្កើតសភាពាណិជ្ជកម្មស៊ុយអែតឱ្យមានវត្តមាននៅកម្ពុជា។
ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រីស្តីទី បានបង្ហាញពីការត្រៀមខ្លួនរួចជាស្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងពាណិជ្ជកម្ម ក្នុងការសហការជាមួយភាគីស៊ុយអែត ដើម្បីផ្តល់សុខុមាលភាពសង្គមនិងសេដ្ឋកិច្ចជូនប្រជាជននៃភាគីទាំងពីរ និងបានជូនពរឱ្យឯកឧត្តមឯកអគ្គរាជទូត ទទួលបានជោគជ័យគ្រប់ភារកិច្ច។
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣