ក្រសួងពាណិជ្ជកម្មដឹកនាំកិច្ចប្រជុំអន្តរក្រសួង តាមប្រព័ន្ធវីដេអូ ត្រៀមសម្រាប់កិច្ចប្រជុំក្រុមជំនាញរវាង កម្ពុជា និង គណៈកម្មការសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី

ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ ម៉ោង ០៥:១៦ នាទី ល្ងាច

👁 25

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ភ្នំពេញ)៖ នាថ្ងៃអង្គារទី០២ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ០៩:០០ នាទីព្រឹក នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម សំហេង បូរ៉ា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងតាមប្រព័ន្ធវីដេអូ ដើម្បីពិភាក្សាលើ (១)របៀបវារៈសម្រាប់កិច្ចប្រជុំក្រុមជំនាញរវាងកម្ពុជា និងគណៈកម្មការសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី(គ.ស.អ.អ) (២)បទបង្ហាញស្តីពីកាលានុវត្តភាពពាណិជ្ជកម្មនិងវិនិយោគនៅកម្ពុជា (៣)សេចក្តីព្រាងសង្ខេបលទ្ធផលនៃកិច្ចពិភាក្សា (Summary of Discussion) និង(៤)សំណួរពាក់ព័ន្ធបញ្ហាបច្ចេកទេសសម្រាប់ពិភាក្សាជាមួយក្រុមជំនាញ គ.ស.អ.អ ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធចំនួន៩ និងអ្នកចូលរួមប្រមាណ ២០រូប។

ឯកឧត្តមអនុរដ្ឋលេខាធិការ និងជាប្រធានអង្គប្រជុំ បានជម្រាបជូនអំពីគោលបំណងនៃកិច្ចប្រជុំ គឺពិនិត្យលើវឌ្ឍនភាពការងារ និងប្រមូលធាតុចូលនានា ពីអន្តរក្រសួង-ស្ថាប័ន ដែលពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងគណៈកម្មការសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី (EEC: Eurasian Economic Commission) ដើម្បីត្រៀមរៀបចំកិច្ចប្រជុំក្រុមជំនាញ រវាងកម្ពុជា និង គ.ស.អ.អ  នឹងប្រព្រឹត្តទៅនាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។

ឯកឧត្តមប្រធានអង្គប្រជុំ បានជម្រាបជូនអង្គប្រជុំឱ្យបានជ្រាបអំពីសាវតា និងលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងគ.ស.អ.អ  កន្លងមក។ អង្គប្រជុំបានពិភាក្សានិងផ្លាស់ប្តូរយោបល់លើរបៀបវារៈនៃកិច្ចប្រជុំ រួមមាន៖  (I)បទបង្ហាញស្តីពីកាលានុវត្តភាពពាណិជ្ជកម្មនិងវិនិយោគនៅកម្ពុជា (II)សេចក្តីព្រាងសង្ខេបលទ្ធផលនៃកិច្ចពិភាក្សា(Summary of Discussion) និង(III) របៀបវារៈសម្រាប់កិច្ចប្រជុំក្រុមជំនាញរវាងកម្ពុជា និង គ.ស.អ.អ ផ្តោតលើប្រធានបទសំខាន់ៗចំនួន៦៖ (1) នីតិវិធីគយ (2)បច្ចុប្បន្នភាពនៃប្រព័ន្ធអនុគ្រោះពន្ធរបស់EEC ផ្តល់ជូនកម្ពុជា និងនីតិវិធីនៃដំណើរការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងភាគីទាំងពីរ (3) វិធានអនាម័យនិងភូតគាមអនាម័យ (4)សកម្មភាពពាក់ព័ន្ធសហគ្រិនភាព (5)គោលនយោបាយកសិ-ឧស្សាហកម្ម និង(៦)ការដឹកជញ្ជូន។

ជាកិច្ចបញ្ចប់ ឯកឧត្តមប្រធានអង្គប្រជុំ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់តំណាងក្រសួងស្ថាប័នពាក់ព័ន្ធដែលបានចូលរួមកិច្ចប្រជុំដ៏សំខាន់នេះ តាមប្រព័ន្ធវីដេអូ។ ឯកឧត្តមប្រធានអង្គប្រជុំ បានស្នើឱ្យតំណាងក្រសួងស្ថាប័នពាក់ព័ន្ធបញ្ជូនបទបង្ហាញសង្ខេបរបស់ខ្លួន(ដែលបានកែសម្រួលរួច) មកក្រសួងពាណិជ្ជកម្មឱ្យទាន់ពេលវេលាកំណត់ និងអញ្ជើញចូលរួមកិច្ចប្រជុំក្រុមជំនាញ រវាងកម្ពុជា និង គ.ស.អ.អ  ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ ឱ្យបានគ្រប់ៗគ្នា៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ