ឯកឧត្តម ឱក ប៊ុង រដ្ឋមន្ត្រីស្តីទីក្រសួងពាណិជ្ជកម្ម បានទទួលជួបជាមួយ ឯកឧត្តម CSABA ŐRY ឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម

ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ ម៉ោង ០៦:៤៤ នាទី ល្ងាច

👁 1

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ភ្នំពេញ)៖ នារសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ឱក ប៊ុង រដ្ឋមន្ត្រីស្តីទីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតឱ្យឯកឧត្តម CSABA ŐRY ឯកអគ្គរដ្ឋទូតហុងគ្រី ដែលគ្រោងនឹងបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា ដើម្បីជួបពិភាក្សាផ្លាស់ប្តូរយោបល់លើវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងជម្រាបលា។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តមរដ្ឋមន្ត្រីស្តីទី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះឯកឧត្តម CSABA ŐRY និងសហការី ហើយបានថ្លែងអំណរគុណដល់ភាគីហុងគ្រី សម្រាប់ការកសាងកិច្ចសហប្រតិបត្តិការល្អ និងការគាំទ្រគ្នាទៅវិញទៅមក នាអំឡុងអាណត្តិរបស់ឯកឧត្តម។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីស្តីទី ក៏បានសម្តែងការអបអរសាទរចំពោះ ឯកឧត្តម Viktor Orban សម្រាប់ការជាប់ឆ្នោតជានាយករដ្ឋមន្ត្រី ក្នុងអាណត្តិទីប្រាំនាពេលថ្មីៗនេះ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលហុងគ្រី ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់និងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យសំខាន់ៗដូចជា សេដ្ឋកិច្ច ពាណិជ្ជកម្ម សង្គម អប់រំ និងវប្បធម៌ ចាប់តាំងពីដំណាក់កាលដំបូងនៃការកសាងប្រទេសកម្ពុជាឡើងវិញក្រោយរបបប្រល័យពូជសាសន៍ រហូតដល់បច្ចុប្បន្ន។

ឯកឧត្តមរដ្ឋមន្ត្រីស្តីទីបន្តថា ហុងគ្រីជាទីផ្សារដ៏សំខាន់មួយសម្រាប់ផលិតផលកម្ពុជា ក្នុងសហភាពអឺរ៉ុប ខណៈដែលទំហំពាណិជ្ជកម្មកម្ពុជា-ហុងគ្រី សម្រេចបាន ៤.៤៣ លានដុល្លារអាមេរិក នៅឆ្នាំ២០២០ ដែលមានកំណើន ៣២%  បើប្រៀបធៀបនឹងឆ្នាំ២០១៩ ហើយមានការថមថយបន្តិចក្នុងឆ្នាំ២០២១ តែមានភាពល្អប្រសើរឡើងវិញនៅឆ្នាំ២០២២ ដោយទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបានប្រមាណ ២.២៣ លានដុល្លារអាមេរិក ក្នុងរយៈពេល ០៣ ខែដំបូង។ បន្ថែមពីនេះ កម្ពុជា-ហុងគ្រីបានរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចលើកទី១ នៅដើមឆ្នាំ២០២១ និងបានសហការគ្នារៀបចំវេទិកាជំនួបធុរកិច្ចកម្ពុជា-ហុងគ្រីលើកទី១ នាត្រីមាសទី១ឆ្នាំ២០២២  ដែលបានប្រព្រឹត្តទៅយ៉ាងរលូន និងទទួលលទ្ធផលប្រកបដោយផ្លែផ្កាគួរជាទីមោទនៈ។

ឯកឧត្តមរដ្ឋមន្ត្រីស្តីទី បញ្ជាក់ថា ខណៈដែលកម្ពុជាកំពុងបោះជំហានទៅមុខបន្ថែមទៀត ក្នុងការរស់នៅជាមួយនឹងកូវីដ-១៩តាមគន្លងប្រក្រតីភាពថ្មី វិស័យពាណិជ្ជកម្មនិងការវិនិយោគ បានដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាពិសេសការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩។ ដូចនេះរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងពាណិជ្ជកម្មជាសេនាធិការ បានខិតខំប្រឹងប្រែងធ្វើពិពិធកម្មពាណិជ្ជកម្ម ដោយបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក្រោមក្របខណ្ឌពហុភាគី តំបន់ និងទ្វេភាគី ស្របជាមួយនឹងការធ្វើកំណែទម្រង់ច្បាប់និងបទប្បញ្ញត្តិ ដើម្បីកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជាឱ្យកាន់តែប្រសើរ។

ជាកិច្ចឆ្លើយតប ឯកឧត្តមឯកអគ្គរាជទូត បានថ្លែងអំណរគុណ ឯកឧត្តមរដ្ឋមន្ត្រីស្តីទី ចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅ ព្រមទាំងបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមោះមុតក្នុងការបន្តពង្រឹងទំនាក់ទំនងល្អ ជាពិសេសក្នុងវិស័យពាណិជ្ជកម្មឱ្យកាន់តែរឹងមាំនិងស៊ីជម្រៅបន្ថែមទៀត ដើម្បីឈានដល់កម្រិតសក្តានុពលពេញលេញ និងបន្តលើកទឹកចិត្តដល់ពាណិជ្ជករ និងវិនិយោគិនហុងគ្រី ឱ្យស្វែងយល់បន្ថែមពីសក្តានុពលពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍នៅកម្ពុជា។

នៅកិច្ចបញ្ចប់ ភាគីទាំងពីរ បានសម្តែងសារជាថ្មីនូវការប្តេជ្ញាចិត្ត បន្តពង្រឹងទំនាក់ទំនង ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម ឱ្យកាន់តែមានភាពរឹងមាំនិងស៊ីជម្រៅបន្ថែមទៀត៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ