ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ ម៉ោង ០១:៤៩ នាទី យប់
👁 0
(រដ្ឋធានីហ្សាការតា, ឥណ្ឌូនេស៊ី) ៖ កាលពីរសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ នៅលេខាធិការដ្ឋានអាស៊ាន ឯកឧត្តម រដ្ឋ សារ៉ាវុធ អគ្គនាយកពាណិជ្ជកម្មអន្តរជាតិ និងជាប្រធានកិច្ចប្រជុំឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន (SEOM Chair) ក្នុងឆ្នាំ២០២២ បានទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម Jay Allen អគ្គនាយកនៃអគ្គនាយកដ្ឋានចរចាពាណិជ្ជកម្មសម្រាប់កិច្ចការសកលនៃប្រទេសកាណាដា និងសហការី ស្របគ្នានឹងកិច្ចប្រជុំលើកទី២ នៃឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ (SEOM 2/53 and Related Meetings) នៅរដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូនេស៊ី។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមអគ្គនាយក បានសម្តែងការស្វាគមន៍ និងថ្លែងអំណរគុណចំពោះ ឯកឧត្តម Jay Allen សម្រាប់ការគាំទ្រកន្លងមករបស់រដ្ឋាភិបាលកាណាដា ចំពោះភាពជាប្រធានអាស៊ានរបស់កម្ពុជា ជាពិសេសក្នុងអំឡុងពេលកិច្ចប្រជុំការត្រៀមរៀបចំឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន-កាណាដា ចរចារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា (Preparatory SEOM-CANADA Consultation for ASEAN-Canada FTA Negotiation) តាមប្រព័ន្ធវីដេអូ កាលពីខែកុម្ភៈកន្លងទៅ និងការចូលរួមដោយផ្ទាល់ក្នុងកិច្ចប្រជុំឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន-កាណាដាលើកទី១៥ (15th SEOM-CANADA Consultation) នៅលេខាធិការដ្ឋានអាស៊ាន។
ភាគីទាំងពីរបានផ្លាស់ប្ដូរយោបល់គ្នាលើកិច្ចការសំខាន់ៗមួយចំនួនដូចជា៖ (១) កិច្ចសហប្រតិបត្តិការអាស៊ាន-កាណាដា (២) បច្ចុប្បន្នភាពនៃការរៀបចំសម្រាប់ជុំទីមួយនៃការចរចាសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា (៣) វឌ្ឍនភាពសមិទ្ធផលអាទិភាពសេដ្ឋកិច្ច (Priority Economic Deliverables – PEDs) របស់កម្ពុជាសម្រាប់ភាពជាប្រធានអាស៊ានឆ្នាំ២០២២។
នៅកិច្ចបញ្ចប់ ភាគីទាំងពីរបានប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការ ដើម្បីលើកកម្ពស់ទំហំពាណិជ្ជកម្មកម្ពុជា-កាណាដាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត និងរវាងអាស៊ាន-កាណាដាឱ្យកាន់តែល្អប្រសើរ តាមរយៈការជម្រុញឱ្យមានការពន្លឿនការចរចារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា តាមផែនការការងារ និងបញ្ចប់តាមការគ្រោងទុក៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣