ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ ម៉ោង ១១:៣៨ នាទី ថ្ងៃត្រង់
👁 5
(ហ្សឺណែវ,ស្វីស)៖ កាលព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំរដ្ឋមន្ដ្រីប្រទេសអភិវឌ្ឍន៍តិចតួច (LDC Ministers Meeting) ក្នុងអំឡុងសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១២ (12th Ministerial Conference - MC12) របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ដ្រី បានលើកឡើងអំពី បញ្ហាមួយចំនួនដែលធ្វើឱ្យប្រទេសអភិវឌ្ឍន៍តិចតួច (LDCs) មិនទាន់ទាញយកប្រយោជន៍ពេញលេញពីប្រព័ន្ធអនុគ្រោះ ដែលផ្តល់ជូនប្រទេស LDCs ថ្វីបើបានទទួលនូវជំនួយកសាងសមត្ថភាព និងជំនួយបច្ចេកទេសនាពេលកន្លងមក។
ឯកឧត្តមបានបន្តថា នៅក្នុងកិច្ចប្រជុំ MC12 និងឱកាសបន្តបន្ទាប់ទៀត ប្រទេស LDCs ទាំងអស់ត្រូវតែបន្តទាមទារ ជំនួយកសាងសមត្ថភាព និងបច្ចេកទេសតាមរយៈក្របខណ្ឌផ្សេងៗ ឱ្យផ្តល់ជូនដល់ប្រទេស LDCs ដើម្បីមិនត្រឹមតែជួយឱ្យប្រទេសទាំងនេះអាចទាញយកប្រយោជន៍ឱ្យបានពេញលេញពីប្រព័ន្ធអនុគ្រោះ និងអាចធ្វើសមាហរណកម្មយ៉ាងពេញលេញជាមួយប្រព័ន្ធពាណិជ្ជកម្មពហុភាគីប៉ុណ្ណោះទេ ព្រមទាំងអាចជួយដល់បរិវត្តកម្មនៃរចនាសម្ព័ន្ធកាន់តែធំទូលំទូលាយ ដែលប្រទេស LDCs ត្រូវការដើម្បីអាចរក្សានូវភាពប្រកួតប្រជែងសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន និងភាពធន់។ ឯកឧត្តមរដ្ឋមន្ដ្រី បានបន្តថ្លែងថា ប្រទេស LDCs ត្រូវបន្តទាមទារប្រព្រឹត្តកម្ម និងការអភិវឌ្ឍពិសេស និងដោយឡែកឱ្យក្លាយជាគោលការណ៍ចម្បងនៃប្រព័ន្ធពាណិជ្ជកម្មពិភពលោក។
ជាកិច្ចបញ្ចប់ ឯកឧត្តមបានស្នើឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការ និងបង្កើនការចូលរួមរបស់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC Group) នៅក្នុងក្រុមប្រឹក្សា និងគណៈកម្មការអង្គការ WTO ទាំងអស់ ដើម្បីសម្រេចឱ្យបាននូវប្រយោជន៍ជាអតិបរមាដល់ប្រទេស LDCs៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣