ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ ម៉ោង ០៥:៣៤ នាទី ល្ងាច
👁 4
(ទីក្រុងហ្សឺណែវ,ប្រទេសស្វីស)៖ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូកម្ពុជា ជួបពិភាក្សាការងារជាមួយលោកបណ្ឌិត Ratnakar Adhikari នាយកប្រតិបត្តិនៃលេខាធិការដ្ឋានកម្មវិធីពង្រឹងក្របខ័ណ្ឌសមាហរណកម្ម (Enhanced Integrated Framework) ប្រចាំនៅអង្គការពាណិជ្ជកម្មពិភពលោក។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការនាពេលកន្លងមករវាងប្រទេសកម្ពុជានិងកម្មវិធី EIF ព្រមទាំងបានលើកឡើងអំពីសមិទ្ធិផលនានា និងវឌ្ឍនភាពនៃការអនុវត្តគម្រោងអភិវឌ្ឍពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចកម្ពុជា (Go4eCAM) លទ្ធផលវិជ្ជមាននៃការវាយតម្លៃលើកម្មវិធីពិពិធកម្ម រួមទាំងការពង្រីកការនាំចេញ (CEDEP)។
បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកឡើងអំពីការដាក់ឲ្យដំណើរការកាលពីពេលថ្មីៗនេះនូវផ្សារខេមបូត្រេដ “Cambodiatrade.com” ដែលជាផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចផ្សព្វផ្សាយ និងលក់នូវផលិតផលរបស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ក្នុងនោះរួមមានសហគ្រាសដឹកនាំដោយសហគ្រិនជាស្រ្តីផងដែរ។ ក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានស្នើលេខាធិការដ្ឋានកម្មវិធី EIF បន្តពង្រឹងនូវកិច្ចសហការគាំទ្រដល់ការអនុវត្តគម្រោងនានាដែលទទួលបានការឧបត្ថម្ភពីកម្មវិធី EIF ជាពិសេសគម្រោងសមាហរណកម្មពាណិជ្ជកម្មកម្ពុជា ឆ្នាំ២០១៩-២០២៣ (CTIS 2019-2023) ឱ្យទទួលបានប្រសិទ្ធិភាពខ្ពស់។
ជាការឆ្លើយតប លោកបណ្ឌិត Ratnakar Adhikari នាយកប្រតិបត្តិនៃលេខាធិការដ្ឋានកម្មវិធី EIF បានថ្លែងកោតសរសើរចំពោះការរីកចម្រើនរបស់កម្ពុជា ជាពិសេសសក្តានុពលក្នុងវិស័យពាណិជ្ជកម្ម ព្រមទាំងបានបង្ហាញពីការគាំទ្រនូវយុទ្ធសាស្រ្តពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច រួមជាមួយនឹងគម្រោង Go4eCAM គម្រោង CTIS 2019-2023 និងភាពជាដៃគូដ៏រឹងមាំ។ លោកបណ្ឌិតបន្តថា លោកជឿជាក់យ៉ាងមុតមាំថា តាមរយៈផ្សារខេមបូត្រេដ សហគ្រាសធុនតូច និងមធ្យមកម្ពុជា នឹងមានឱកាសក្នុងការសម្របខ្លួនតាមប្រព័ន្ធបច្ចេកវិទ្យា បង្កើនការប្រកួតប្រជែងក្នុងការនាំចេញផលិតផលខ្មែរទៅកាន់ទីផ្សារសកល៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣