ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដឹកនាំគណៈប្រតិភូកម្ពុជា ជួបពិភាក្សាការងារជាមួយអគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស

ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ម៉ោង ០៨:១៨ នាទី យប់

👁 2

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(ទីក្រុងហ្សឺណែវ ប្រទេសស្វីស)៖ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូកម្ពុជា ជួបពិភាក្សាការងារជាមួយអគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (World Intellectual Property Organization - WIPO)។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្រ្តី បានអបអរសាទរលោក Daren Tang ដែលជាបុគ្គលដំបូងមកពីប្រទេសអាស៊ាន ដែលត្រូវបានជ្រើសរើសធ្វើជាអគ្គនាយកអង្គការ WIPO។ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់អង្គការ WIPO ដែលតែងតែផ្តល់ការគាំទ្រ និងជំនួយបច្ចេកទេសដល់កម្ពុជាក្នុងការកសាងប្រព័ន្ធកម្មសិទ្ធិបញ្ញានៅកម្ពុជា ដែលក្នុងនោះរួមមានការកសាងម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដូចជា ម្រេចកំពត ស្ករត្នោតកំពង់ស្ពឺ ក្រូចថ្លុងកោះទ្រង់ ក៏ដូចជាការបង្កើតនូវម៉ាកសមូហភាពរួមមាន គុយទាវភ្នំពេញ អង្ករព្រះវិហារ ទឹកឃុំព្រៃមណ្ឌលគីរី និងម៉ាកដទៃទៀតផងដែរ។

ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជម្រាបជូននូវវឌ្ឍនភាពថ្មីដែលកម្ពុជាសម្រេចបានក្នុងការអនុវត្តយុទ្ធសាស្ត្រជាតិកម្មសិទ្ធិបញ្ញាក្រោមការឧបត្ថម្ភរបស់អង្គការ WIPO ក៏ដូចជាការចូលរួមក្នុងក្របខណ្ឌច្បាប់កម្មសិទ្ធិបញ្ញាអន្តរជាតិជាពិសេសការផ្ដល់សច្ចាប័នលើអនុសញ្ញាទីក្រុងប៊ែនស្ដីពីកិច្ចការពារស្នាដៃអក្សរសាស្ត្រនិងសិល្បៈ បានបញ្ជាក់ពីជំហរកម្ពុជាក្នុងការពង្រឹងប្រព័ន្ធកម្មសិទ្ធិបញ្ញាឲ្យរឹតតែល្អប្រសើរបន្ថែមទៀត។ ជាមួយនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនថា កម្ពុជាគ្រោងនឹងសហការជាមួយអង្គការ WIPO ក្នុងការៀបចំវេទិកាកម្មសិទ្ធិបញ្ញាកម្រិតខ្ពស់នៅកម្ពុជា ហើយឯកឧត្តមរដ្ឋមន្រ្តី សង្ឃឹមយ៉ាងមុតមាំថា ថ្នាក់ដឹកនាំជាន់ខ្ពស់របស់អង្គការWIPO នឹងអញ្ជើញចូលរួមក្នុងវេទិកាដ៏សំខាន់នេះ។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ផងដែរថា ក្នុងនាមជាប្រធានអាស៊ាន កម្ពុជានឹងបន្តខិតខំកសាងសហគមន៍អាស៊ានឱ្យប្រកបដោយសមធម៌ ភាពរឹងមាំ និងបរិយាបន្ន៕

[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ