ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ម៉ោង ០៨:២៥ នាទី យប់
👁 2
(ហ្សឺណែវ,ស្វីស)៖ កាលព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំជាមួយ លោកស្រី Shamikar Sirimane ប្រធានផ្នែកបច្ចេកវិទ្យា និងភស្ដុភារកម្ម នៃសន្និសីទប្រជាជាតិស្ដីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ (UNCTAD) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្ដ្រីបានកត់សម្គាល់អំពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអង្គការ UNCTAD លើវិស័យមួយចំនួន ព្រមទាំងបានថ្លែងអំណរគុណការគាំទ្រនៃអង្គការ UNCTAD ដែលមានសារសំខាន់យ៉ាងខ្លាំងសម្រាប់ការអភិវឌ្ឍរបស់កម្ពុជា។ ឯកឧត្តមបានជម្រាបជូនអំពី ច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) ដែលកម្ពុជាបានអនុម័តនៅឆ្នាំ២០១៩ កន្លងទៅ។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ដ្រី ក៏បានថ្លែងអំណរគុណដល់អង្គការ UNCTAD ដែលបានជួយគាំទ្រកម្ពុជាក្នុងវិស័យ E-Commerce តាមរយៈការបង្កើត eTrade Readiness Assessment ក្នុងឆ្នាំ២០១៧ ដែលផ្តល់ជូនដល់កម្ពុជានូវយុទ្ធសាស្ត្រ E-Commerce ដែលត្រូវបានកំពុងអនុវត្តរួមគ្នាជាមួយ ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥។ ទន្ទឹមនឹងនេះ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះការគាំទ្រដល់កម្ពុជា ក្នុងការពង្រឹងគោលនយោបាយពាណិជ្ជកម្មពាក់ព័ន្ធនឹងភាពអនុគ្រោះពាណិជ្ជកម្ម និងវិធានប្រភពដើមទំនិញ ព្រមទាំងបញ្ហាអនាម័យ និងភូតគាមអនាម័យផងដែរ។
ឯកឧត្តមរដ្ឋមន្ដ្រី បានថ្លែងអំពីសារសំខាន់នៃការគាំទ្ររបស់អង្គការ UNCTAD លើការអនុវត្តគម្រោង ASEAN LDC Trade Policy ដែលអាចជួយឱ្យកម្ពុជាអនុវត្តវិធានបន្ថែមក្នុងតំបន់ (regional cumulation) ដោយមិនមានឧបសគ្គ ជាពិសេសចំពោះមុនទំនិញវាយនភ័ណ្ឌ និងទោចក្រយាន ដែលស្ថិតក្នុងចំណោមទំនិញនាំចេញសំខាន់ៗរបស់កម្ពុជា។ ជាមួយគ្នានេះដែរ ឯកឧត្តមបានគូសបញ្ជាក់អំពី ការវិវត្តល្អប្រសើរនៃការច្របាច់បញ្ចូលគ្នានៃប្រព័ន្ធ ASYCUDA និង ប្រព័ន្ធប្រកាសពន្ធគយនៃប្រៃសណីយ៍កម្ពុជា ដែលគាំទ្រដោយអង្គការ UNCTAD, EIF និង Global Alliance for Trade Facilitation។
នៅកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់ អង្គការ UNCTAD សម្រាប់ការឆ្លើយតបវិជ្ជមាន ចំពោះសំណើមួយចំនួនរបស់កម្ពុជា ដែលក្នុងនោះពាក់ព័ន្ធនឹងកិច្ចការគាំទ្ររបស់អង្គការ UNCTAD លើការចាកចេញរបស់កម្ពុជា ពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍន៍តិចតួច៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣