ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ ម៉ោង ០៥:០៦ នាទី ល្ងាច
👁 1
(បាត់ដំបង និងសៀមរាប)៖ កាលពីពេលថ្មីៗនេះ ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានក្រុមការងារអចិន្ត្រៃយ៍នៃក្រុមការងារអន្តរស្ថាប័ន សម្រាប់ពិនិត្យ តាមដាន វាយតម្លៃការអនុវត្តគោលនយោបាយជាតិស្តីពីដំឡូងមី២០២០-២០២៥ បានអញ្ជើញអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី “ការផ្សព្វផ្សាយគោលជាតិស្តីពីដំឡូងមី២០២០-២០២៥” ថ្នាក់តំបន់លើកទី៣ នៅខេត្តបាត់ដំបង នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ និងថ្នាក់តំបន់លើកទី៤ នៅខេត្តសៀមរាប នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ ក្រោមកិច្ចសហការរវាងអគ្គជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម និងមន្ទីរពាណិជ្ជកម្មខេត្តទាំងពីរ។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីតំណាងអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី មន្ទីរក្រោមឱវាទរបស់រដ្ឋបាលខេត្ត ជាពិសេសរោងចក្រកែច្នៃ សមាគមដំឡូងមី ពាណិជ្ជករវិស័យដំឡូងមី អាជីវករ កសិករ ក្នុងខេត្តបាត់ដំបងសរុបចំនួន ៩២នាក់ និងសៀមរាបសរុបចំនួន៧១នាក់។
ថ្លែងក្នុងសិក្ខាសាលាថ្នាក់តំបន់ទាំងពីរនេះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងថា ក្រសួងពាណិជ្ជកម្មក្នុងនាមជាលេខាធិការដ្ឋាន ក្នុងការបង្កើតក្រុមការងារអន្តរស្ថាប័ន សម្រាប់ពិនិត្យ តាមដាន និងវាយតម្លៃការអនុវត្តគោលនយោបាយជាតិស្តីពីដំឡូងមី ២០២០-២០២៥ បានចរចារបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី កម្ពុជា-ចិន កម្ពុជា-កូរ៉េ និងកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់ (RCEP) ដែលមានប្រទេសអាស៊ាន១០ និងដៃគូមាន៖ ចិន ជប៉ុន កូរ៉េ អូស្ត្រាលី និងណូវ៉ែលហ្សេឡង់ ដែលធ្វើឱ្យទីផ្សាររបស់កម្ពុជាកាន់តែធំទូលាយ និងអនុគ្រោះដល់ទំនិញជាច្រើនអាចនាំចេញបានជាពិសេសទំនិញកសិកម្មដោយមិនជាប់ពន្ធ ឬពន្ធទាប និងមិនជាប់កូតា។ ឯកឧត្តមរដ្ឋលេខាធិការបន្ថែមថា កាលពីខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចុះកិច្ចព្រមព្រៀងជាមួយ រដ្ឋបាលស្វយ័តខេត្តក្វាងស៊ី ដើម្បីជំរុញការនាំចេញដំឡូងមីក្រៀមឱ្យបាន ៤០០ ០០០តោនក្នុងមួយឆ្នាំ និងផ្តល់នូវកិច្ចសម្រួលពាណិជ្ជកម្ម ពន្លឿននីតិវិធីនៃការនាំចេញ មិនធ្វើ CO បើប្រទេសនាំចូលមិនត្រូវការ វិមជ្ឈការឱ្យមន្ទីរពាណិជ្ជកម្មនៅតាមបណ្តាខេត្តជាប់ព្រំដែនអាចចេញ CO ទម្រង់ D នាំចេញទំនិញកសិផលបាន។
ឯកឧត្តមរដ្ឋលេខាធិការបន្តថា នៅឆ្នាំ២០២១ កន្លងទៅ កម្ពុជានាំចេញដំឡូងមីស្រស់ ក្រៀម ម្សៅដំឡូងមី និងកាកសំណល់ដំឡូងមីបានជិត ៣លានតោន ទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសប្រទេសថៃ និងវៀតណាម។ តម្លៃដំឡូងមីឆ្នាំ២០២២៖ ដំឡូងមីស្រស់ ចន្លោះពី ២០០-២៨០រៀល/គីឡូ និងដំឡូងមីក្រៀមតម្លៃចន្លោះពី ៧០០-៧៨០រៀល/គីឡូ។ តម្លៃនេះមានលក្ខណៈល្អប្រសើរធៀបនឹងឆ្នាំកន្លងទៅ។
ឯកឧត្តមរដ្ឋលេខាធិការបញ្ជាក់ថា ដំណាំដំឡូងមី ត្រូវបានដាំដុះមានចំនួន០៩ស្រុក ក្នុងខេត្តបាត់ដំបង ដែលមាននៅស្រុកបាណន់ បវេល រតនមណ្ឌល សំឡូត សំពៅលូន ភ្នំព្រឹក កំរៀង រុក្ខគិរី និងគាស់ក្រឡ ជាមួយនឹងបរិមាណផលប្រមាណ ៣,២៧៦,០៧៣ តោន លើផ្ទៃដីដាំដុះសរុប ១៤៥,៨៩៤ ហិចតា។ ចំពោះតម្លៃដំឡូងមីលើទីផ្សារក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ (២០២០-២០២២) ជារួមសង្កេតឃើញតម្លៃមានភាពល្អប្រសើរ ទាំងដំឡូងមីស្រស់ និងដំឡូងមីកៀម ដែលតម្លៃនេះ ធ្វើឱ្យកសិករទទួលបានប្រាក់ចំណេញក្រោយប្រមូលផលដើម្បីបង្កើនជីវភាព។ ចំពោះការងារសម្របសម្រួល ទីផ្សារ និងតម្លៃ មន្ទីរបានតាមដានតម្លៃ ទិញ-លក់ដំឡូងមីជាប្រចាំ។
ដោយឡែកចំពោះខេត្តសៀមរាបវិញ ឯកឧត្តមរដ្ឋលេខាធិការបានលើកឡើងថា ដំឡូមីគឺជាដំណាំកសិ-ឧស្សាហកម្មដ៏មានសក្តានុពលបន្ទាប់ពីដំណាំស្រូវ ដែលមានផ្ទៃដី ដាំដុះសរុប៦៧,៩៥៤ហិចតា ជាមួយផលប្រមាណ ១៥,៦៥ តោន ក្នុងនោះមានស្រុកចំនួន០៨ ដែលមានសក្តានុពលសម្រាប់ដំណាំដំឡូងមីរួមមាន ស្រុកអង្គរជុំ អង្គរធំ បន្ទាយស្រី ជីក្រែង សូទ្រនិគម ស្រីស្នំ វ៉ារិន និងស្រុកស្វាយលើ។ សម្រាប់ទីផ្សារដំឡូងមីនៅក្នុងខេត្តមិនទាន់មានរោងចក្រ ឬសិប្បកម្ម កែច្នៃម្សៅដំឡូងមី ពោលគឺកសិករលក់ទៅឱ្យឈ្មួញ ដើម្បីនាំចេញដំឡូងមីស្រស់ទៅកាន់ប្រទេសវៀតណាម និងចំណិតដំឡូងមីស្ងួត ទៅប្រទេសថៃ និងភាគច្រើនដំឡូងមីស្រស់ទៅប្រទេសវៀតណាម។
ឯកឧត្តមរដ្ឋលេខាធិការគូសបញ្ជាក់ថា សិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយជាតិនេះ មិនត្រឹមតែមានគោលបំណងធ្វើការផ្សព្វផ្សាយគោលនយោបាយជាតិស្តីពីដំឡូងមី២០២០-២០២៥ និងផែនការសកម្មភាពដែលជាទំនួលខុសត្រូវរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធនោះទេ តែក៏ ដើម្បីស្តាប់នូវវឌ្ឍនភាព និងប្រមូលធាតុចូល និងបញ្ហាប្រឈមរបស់វិស័យឯកជន ក្នុងការអនុវត្តគោលនយោបាយនេះក្នុង ពេលកន្លងមក ព្រមទាំងដើម្បីរៀបចំផែនការអនុវត្តបន្តដែលសមស្រប សំដៅសម្រេចបាននូវចក្ខុវិស័យដែលបានកំណត់ នៅក្នុងគោលនយោបាយជាតិស្តីពីដំឡូងមី។ បន្ថែមលើសពីនេះទៀត អង្គសិក្ខាកាមទាំងអស់ ក៏បានទទួលបានព័ត៌មាននិងចំណេះដឹងថ្មីៗបន្ថែមទៅលើដំណើរការ និងនីតិវិធីត្រួតពិនិត្យអនាម័យ និងភូតគាមអនាម័យ លើផលិតផលដំឡូងមីសម្រាប់ទីផ្សារនាំចេញ នីតិវិធីនៃការនាំចេញនាំចូល និងកិច្ចជំរុញពាណិជ្ជកម្មតាមរយៈការប្រើប្រាស់ឧបករណ៍ផ្សេងៗពីវាគ្មិនសំខាន់ៗមកពីក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
សូមជម្រាបជូនថា នៅពេលរសៀលបន្ទាប់ពីថ្លែងបិទកម្មវិធីសិក្ខាសាលានៅខេត្តបាត់ដំបង ឯកឧត្តមគណៈអធិបតី និងប្រតិភូអមដំណើរបានអញ្ជើញទៅទស្សន កិច្ចនៅក្រុមហ៊ុន ER Kang Bio Starch Co., LTD ដែលមានរោងចក្រកែច្នៃម្សៅមី ដើម្បីស្វែងយលបន្ថែមពីខ្សែច្រវាក់ ផលិតកម្មរបស់ក្រុមហ៊ុន ដែលមានទីតាំងស្ថិតក្នុងភូមិតាគ្រក់ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣