ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ ម៉ោង ០៤:១៦ នាទី រសៀល
👁 9
(ប្រទេសស្វីស)៖ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ តាមរយៈការអញ្ជើញរបស់ក្រុមហ៊ុន Nestlé Switzerland ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ធ្វើទស្សនកិច្ចនៅក្រុមហ៊ុន Nestlé Switzerland ដែលមានទីតាំងនៅទីក្រុង Vevey ប្រទេសស្វីស ដើម្បីពិភាក្សាការងារ ផ្លាស់ប្ដូរព័ត៌មាន និងស្តាប់នូវបទបង្ហាញរបស់ក្រុមហ៊ុនក្នុងការធ្វើប្រតិបត្តការអាជីវកម្មរបស់ខ្លួនលើទីផ្សារលើពិភពលោក ក៏ដូចជាទីផ្សារកម្ពុជា ព្រមទាំងដើម្បីស្វែងរកឱកាសវិនិយោគបន្ថែមទៀតនៅកម្ពុជា។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានជម្រាបជូន លោក Remy Ejel, AOA CEO, Chris Hogg, VP Communication Manager និងលោកស្រី Michelle Alvarillo, Regional Manager និងសហការី អំពីវឌ្ឍនភាព និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវយុទ្ធនាការស្រោចវ៉ាក់សាំងជូនប្រជាពលរដ្ឋទូទាំងប្រទេស រហូតសម្រេចបានប្រមាណ ៩៥% នៃប្រជាពលរដ្ឋទាំងអស់ និងបានប្រកាសបើកប្រទេសសារជាថ្មី តាំងពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ មកម្លេះ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនអំពីសក្ដានុពលវិនិយោគនៅកម្ពុជា ដោយបានលើកឡើងថា ថ្មីៗនេះប្រទេសកម្ពុជាសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី កម្ពុជា-ចិន កម្ពុជា-កូរ៉េ និងកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់ (RCEP) ដែលមានប្រទេសអាស៊ាន១០ និងដៃគូមាន៖ ចិន ជប៉ុន កូរ៉េ អូស្ត្រាលី និងណូវ៉ែលហ្សេឡង់ ជាពិសេសកម្ពុជាបានខិតខំប្រឹងប្រែងក្នុងការងារកសាងបទដ្ឋានគតិយុទ្ធ និងធ្វើវិសោធនកម្មច្បាប់សំខាន់ៗជាច្រើន ដើម្បីធានាបាននូវបរិយាកាសធុរកិច្ច និងវិនិយោគ ប្រកបដោយសុច្ចរិតភាព និងកាន់តែល្អប្រសើបន្ថែមទៀត ជាក់ស្ដែងដូចជា៖ ច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព ផលិតផលទំនិញ និងសេវា, ច្បាប់ស្តីកិច្ចការពារ អ្នកប្រើប្រាស់, ច្បាប់ស្តីពីកិច្ចការប្រកួតប្រជែង, និងច្បាប់ស្តីសុវត្ថិភាពម្ហូបអាហារ ដែលច្បាប់ទាំងនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនទំនុកចិត្តរបស់អ្នកវិនិយោគបន្ថែមទៀតនៅកម្ពុជា។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យក្រុមហ៊ុនសហការជាមួយអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) ដើម្បីរួមគ្នាដោះស្រាយអំពីក្ដីព្រួយបារម្ភរបស់ប្រជាពលរដ្ឋលើបញ្ហាអាហាររូបត្ថម្ភ (Nutrition) និងការដាក់សារធាតុអាហាររូបត្ថម្ភក្នុងអាហារ (Fortifications) បញ្ហាសុវត្ថិភាពម្ហូបអាហារ និងការក្លែងបន្លំផលិតផល ជាដើម។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យភាគីក្រុមហ៊ុន និងអគ្គនាយកដ្ឋាន ក.ប.ប. ពិនិត្យលទ្ធភាពក្នុងការរៀបចំជាអនុស្សានៈនៃការយោគយល់គ្នា (MOU) នាពេលខាងមុខផងដែរ។
ជាការឆ្លើយតប ភាគីតំណាងក្រុមហ៊ុន Nestlé Switzerland បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ និងថ្លែងអំណរគុណចំពោះវត្តមានរបស់ ឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ចំពោះដំណើរទស្សនកិច្ចនៅក្រុមហ៊ុន Nestlé Switzerland នេះ ព្រមទាំងបានបង្ហាញពីការប្ដេជ្ញាចិត្តសហការយ៉ាងជិតស្និតជាមួយក្រសួងពាណិជ្ជកម្ម ក្នុងការដោះស្រាយបញ្ហាខាងលើ ឱ្យមានប្រសិទ្ធភាពបំផុត។
សូមជម្រាបផងដែរថា ក្នុងឱកាសនោះ ក៏មានការធ្វើបទបង្ហាញពីភាគីក្រុមហ៊ុនអំពីការធ្វើប្រតិបត្តការអាជីវកម្មរបស់ខ្លួនលើទីផ្សារលើពិភពលោក ក៏ដូចជាទីផ្សារកម្ពុជា ផងដែរ ហើយតាមរយៈបទបង្ហាញនោះ ទីផ្សារកម្ពុជា ក៏ជាទីផ្សារមួយដែលមានការប្រើប្រាស់ផលិតផល Nestlé ក្នុងទំហំគួរឱ្យកត់សម្គាល់ ដែលក្រុមហ៊ុនមានបំណងវិនិយោគបង្កើតរោងចក្រ នាពេលអនាគតដ៏ខ្លីខាងមុខ៕
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣