ឯកឧត្តម ប៊ុន ចន្ធី អនុរដ្ឋលេខាធិការ នៃក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមរដ្ឋមន្ត្រី អញ្ជើញថ្លែងសុន្ទរកថាក្នុងពិធីបើក សន្និសីទស្តីពី «ការផ្សព្វផ្សាយពិព័រណ៍ទំនិញនាំចូលចិនអន្តរជាតិលើកទី៥ នៅប្រទេសកម្ពុជា»

ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ ម៉ោង ០៦:០០ នាទី ល្ងាច

👁 10

Thumbnail (ក្រសួងពាណិជ្ជកម្ម)

(រាជធានីភ្នំពេញ)៖ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម ប៊ុន ចន្ធី អនុរដ្ឋលេខាធិការ នៃក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមរដ្ឋមន្ត្រី អញ្ជើញថ្លែងសុន្ទរកថាក្នុងពិធីបើកសន្និសីទស្តីពី «ការផ្សព្វផ្សាយពិព័រណ៍ទំនិញនាំចូលចិនអន្តរជាតិលើកទី៥ នៅប្រទេសកម្ពុជា» ដោយលើកយកប្រធានបទស្តីពីស្ថានភាពនៃការនាំចេញផលិតផលពីប្រទេសកម្ពុជា សម្រាប់ចូលរួមពិព័រណ៍ទំនិញនាំចូលចិនអន្តរជាតិ នៅសាលប្រជុំធនាគារឧស្សាហកម្ម ពាណិជ្ជកម្មចិន ICBC អគារ EXCHANE SQUARE។

ថ្លែងក្នុងពិធីបើកសន្និសីទនេះ ឯកឧត្តម ប៊ុន ចន្ធី បានជម្រាបជូនអង្គសន្និសីទទាំងមូលអំពីកាលានុវត្តភាព និងកំណើននៃទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីររហូតដល់ ៣៨% បើធៀបនឹងឆ្នាំ២០២០ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញយុទ្ធសាស្ត្រជាបន្តបន្ទាប់ដែលជាការតភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងចិនលើគ្រប់វិស័យ ពិសេសលើការជំរុញកំណើនសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ឱ្យមានប្រៀបលើការប្រកួតប្រជែងក្នុងរបត់ទីផ្សារសកលដែលកំពុងមានចលនាក្នុងសម័យឌីជីថល ៤.០។

ជាមួយគ្នានេះផងដែរ ឯកឧត្តម ក៏បានរំលឹកពីចំណងមិត្តភាពជាមួយមហាមិត្តចិន ដែលកកើតឡើងប្រមាណជិតពីរពាន់ឆ្នាំ តពីមួយជំនាន់ទៅមួយជំនាន់ រហូតដល់បច្ចុប្បន្ននេះ ដែលត្រូវបានរដ្ឋាភិបាលនៃប្រទេសទាំងពីរចាត់ទុកថាជាចំណងមិត្តភាព «ដែកថែប»។ ឯកឧត្តម ក៏បានគូសបញ្ជាក់ពីសារៈសំខាន់ និងវីរភាពនៃបុព្វបុរសនៃប្រទេសទាំងពីរ ដែលបានបន្សល់ជាកេរដំណែល និងការរក្សាចំណងមិត្តភាពដែលមានតម្លៃជាប្រវត្តិសាស្ត្រនេះ ឱ្យកាន់តែមានភាពរីកចម្រើន និងរុងរឿងជាបន្តទៅមុខទៀត។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ក៏បានស្នើដល់រដ្ឋាភិបាលចិនពន្លឿនការចរចាលើ ពិធីសារអនាម័យ និងភូតគាមអនាម័យ លើផលិតផលកសិកម្មមួយចំនួន និងពន្លឿនចុះហត្ថលេខាសម្រាប់ការនាំចេញផ្លែមៀន ម្នាស់ ធុរេន ស្រកានាគ ម្រេច សំបុកទឹកមាត់ត្រចៀកកាំ និងដូងពីប្រទេសកម្ពុជា ចូលទីផ្សារចិន ឱ្យបានកាន់តែឆាប់តាមតែអាចធ្វើបាន ដើម្បីបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបន្ថែមទៀត។

ជាទីបញ្ចប់ ឯកឧត្តម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ធនាគារឧស្សាហកម្ម ពាណិជ្ជកម្មចិន ICBC ក្រសួងពាណិជ្ជកម្ម នៃសាធារណរដ្ឋប្រជាមានិតចិន គណៈកម្មការរៀបចំពិព័រណ៍ទំនិញនាំចូលចិនអន្តរជាតិ និងស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបានគ្រាំទ្ររៀបចំសន្និសីទកម្ពុជា-ចិន នេះឡើង។

គួរជម្រាបជូនផងដែរថា សន្និសីទនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីស្វែងយល់ពីស្ថានភាព និងកាលានុវត្តភាពនៃការធ្វើធុរកិច្ច និងវិនិយោគនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាការត្រៀមលក្ខណៈរបស់ប្រទេសកម្ពុជា ដើម្បីរៀបចំចូលរួមពិព័រណ៍ទំនិញនាំចូលចិនអន្តរជាតិកម្រិតពិភពលោកលើកទី៥ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥-១០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន នាពេលខាងមុខ។

ជាការកត់សម្គាល់ ប្រទេសកម្ពុជា បានចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មទំនិញនាំចូលចិនអន្ដរជាតិដោយជោគជ័យ បានចំនួន ៤លើក រួចមកហើយចាប់តាំងពីឆ្នាំ២០១៨ រហូតមក។ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកថាពិព័រណ៍ទំនិញនាំចូលចិនអន្ដរជាតិ គឺជាវេទិកាពាណិជ្ជកម្មមួយដ៏សំខាន់សម្រាប់ពិភពលោកទាំងមូល ក្នុងការផ្លាស់ប្តូរទំនិញ សេវា គម្រោងវិនិយោគ និងទេសចរណ៍រវាងប្រទេសចូលរួមមកពីគ្រប់តំបន់ជុំវិញពិភពលោក ហើយការចូលរួមរបស់កម្ពុជា ក្នុងព្រឹត្តិការណ៍ពិព័រណ៍នេះ បានធ្វើឱ្យទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន កាន់តែរឹងមាំមួយកម្រិតថែមទៀត៕

[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
[ក្រសួងពាណិជ្ជកម្ម]
ព័ត៌មានថ្មីៗ