ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ ម៉ោង ០៨:១៩ នាទី យប់
👁 1
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជកម្ម បានទទួលជួបសម្តែងការគួរសមជាមួយឯកឧត្តម H.E. Mr. JAMSRAN BYAMBASUREN ឯកអគ្គរដ្ឋទូតម៉ុងហ្គាលីប្រចាំព្រះរាជាណាចក្រ កម្ពុជាទើបតែងតាំងថ្មី ដែលមាននិវាសន្នដ្ឋាននៅទីក្រុងវាងចន្ទន៍ ប្រទេសឡាវ និងសហការី នៅទីស្តីការក្រសួងពាណិជ្ជកម្ម។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋលេខាធិការ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងមានក្តីសោមន្សរីកររាយដែលបានទទួលជួបឯកឧត្តម ឯកអគ្គរដ្ឋទូត ព្រមទាំងសហការី ក្នុងឱកាសដែលឯកឧត្តមទទួលបានតែងតាំងសម្រាប់តួនាទីដ៏សំខាន់នេះ។ ភាគីទាំងពីរ បានថ្លែងអបអរសាទរនូវទំនាក់ទំនងការទូតដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ចាប់តាំងពីបានបង្កើតទ្បើងក្នុងឆ្នាំ១៩៦០ និងបានប្តេជ្ញាចិត្តបន្តពង្រឹងទំនាក់ទំនងនេះឱ្យកាន់ជិតស្និទ្ធបន្ថែមទៀតលើកិច្ចសហប្រតិបត្តិការនានា ជាពិសេសវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។
ក្នុងនោះ ឯកឧត្តមរដ្ឋលេខាធិការ បានជម្រាបជូនអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការធ្វើឱ្យប្រសើរទ្បើងនូវបរិយាកាសធុរកិច្ច និងវិនិយោគតាមរយៈការធ្វើកំណែទម្រង់ស៊ីជម្រៅ និងការដាក់ប្រកាសឱ្យប្រើច្បាប់សំខាន់ៗ រួមមាន ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីវិធានពាណិជ្ជកម្មនិងបញ្ជីពាណិជ្ជកម្ម ច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម ច្បាប់ស្តីពីការប្រកួតប្រជែង ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ស្តីពីភាពជាដៃគូររវាងរដ្ឋនិងឯកជន ច្បាប់ស្តីពីវិនិយោគ និងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ជាដើម។
ថ្លែងក្នុងឱកាសនោះផងដែរ ឯកឧត្តមរដ្ឋលេខាធិការ បានសង្កត់ធ្ងនលើតួនាទីដ៏សំខាន់របស់កម្ពុជាក្នុងការចូលរួមចំនែកក្នុងការធ្វើសមារហណកម្មសេដ្ឋកិច្ចតំបន់ ជាពិសេសកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការធ្វើពិពិធកម្មទីផ្សារនាំចេញ តាមរយៈការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី RCEP កិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជា-ចិន និងកម្ពុជា-កូរ៉េ។ ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមរដ្ឋលេខាធិការ បានកត់សម្គាល់នូវឱកាសនិងសក្តានុពលក្នុងការជំរុញពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនជាងនេះ តាមរយៈការពិនិត្យលទ្ធភាពរៀបចំឱ្យមាននូវក្របខ័ណ្ឌកិច្ចសហប្រតិបត្តិសេដ្ឋកិច្ច ឬអនុស្សារណៈនៃការយោគយល់គ្នាជំរុញពាណិជ្ជកម្ម ជាដើម ។
ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋលេខាធិការ ដែលបានអនុញ្ញាតទទួលឯកឧត្តម និងសហការីចូលជួបសម្តែងការគួរសម ជាពិសេសដើម្បីស្វែងយល់ពីបរិបទនៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងពីរនាពេលកន្លងមក។ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការសម្រួលពាណិជ្ជកម្ម ទាក់ទាញវិនិយោគ និងអភិវឌ្ឍវិស័យសំខាន់ៗជាខឿនសេដ្ឋកិច្ចជាតិ។
ជាមួយគ្នានោះ ឯកឧត្តម បានមានមតិឯកភាពនិងបង្ហាញការគាំទ្រចំពោះសំណើក្នុងការរៀបចំ នូវក្របខ័ណ្ឌកិច្ចសហប្រតិបត្តិសេដ្ឋកិច្ច ឬអនុស្សារណៈនៃការយោគយល់គ្នា ដើម្បីមានលទ្ធភាពក្នុងការលើកកម្ពស់ពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំងពីរ ហើយបានគូសបញ្ជាក់ផងដែរ អំពីសក្តានុពលលើវស័យកសិកម្មកម្ពុជា និងទំនិញសំខាន់ៗដទៃទៀតដែលអាចជាតម្រូវទីផ្សាររបស់ម៉ុងហ្គោលី។ បន្ថែមពីនេះទៀត ឯកឧត្តមបានបង្ហាញពីគោលបំណងឱ្យមានការផ្លាស់ប្តូរទស្សនកិច្ច ឬជំនួបរវាងថ្នាក់ដឹកនាំរវាងក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រសួងការបរទេសម៉ុងហ្គោលី ដើម្បីបន្តពិភាក្សាលើការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម ឱ្យបានកាន់តែស៊ីជម្រៅ។
ជាកិច្ចបញ្ចប់ ភាគីទាំងពីរ បានសម្តែងសារជាថ្មីនូវការប្តេជ្ញាចិត្ត បន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់ជិតស្និទ្ធ និងរីកចម្រើនលើគ្រប់វិស័យ ជាពិសេសការបន្តជំរុញវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ សំដៅស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិកូវីដ-១៩។
សេចក្ដីជូនដំណឹងស្ដីពី៖ ការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធីតាម បណ្តារាជធានី-ខេត្ត ដំណាក់កាលទី២ ត្រីមាសទី៣ ឆ្នាំ២០២៣
សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣